អ្នកចូលចិត្តទិញសាច់មកបង្កកទុក គួរដឹងពីវិធីសាស្ត្ររំលាយសាច់យ៉ាងណាឱ្យមានសុវត្ថិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកចូលចិត្តទិញសាច់មកបង្កកទុក គួរដឹងពីវិធីសាស្ត្ររំលាយសាច់យ៉ាងណាឱ្យមានសុវត្ថិភាព

អ្នកចូលចិត្តទិញសាច់មកបង្កកទុក គួរដឹងពីវិធីសាស្ត្ររំលាយសាច់យ៉ាងណាឱ្យមានសុវត្ថិភាព

ក្នុងសភាពមមាញឹកនាពេលបច្ចុប្បន្ន ការទិញសាច់មកបង្កកទុកសម្រាប់ធ្វើម្ហូប គឺជាវិធីសាស្ត្រមួយដែលកំពុងពេញនិយម ព្រោះវាចំណេញទាំងពេលវេលា ខណៈការទិញសាច់ក្នុងបរិមាណច្រើនក៏អាចទទួលបានតម្លៃល្អផងដែរ។

វិធីសាស្ត្រនេះមិនខុសទេ ប៉ុន្តែអ្វីដែលសំខាន់គឺធ្វើយ៉ាងណាទើបអាចរំលាយសាច់ទាំងនោះឱ្យមានសុវត្ថិភាព ព្រោះកន្លងមក ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានកំណត់ថា សីតុណ្ហភាពចន្លោះពី ៤ អង្សាសេ ដល់ ៦០ អង្សាសេ ជាសីតុណ្ហភាពដ៏គ្រោះថ្នាក់សម្រាប់ចំណីអាហារ ព្រោះវាអំណោយផលដល់ការបង្កើនចំនួនរបស់បាក់តេរី ដូចជាបាក់តេរី Salmonella និង Escherichia coli ជាដើម។

ខាងក្រោមនេះ គឺជាវិធីសាស្ត្ររំលាយសាច់ទាំង ៤ បែប ឱ្យមានសុវត្ថិភាពដល់សុខភាព រក្សារសជាតិអាហារឱ្យឈ្ងុយឆ្ងាញ់៖

វិធីទី ១៖ រំលាយសាច់ក្នុងថតត្រជាក់របស់ទូទឹកកក

បើអ្នកមានពេលវេលា ឬដឹងថាត្រូវចម្អិនម្ហូបអ្វីសម្រាប់ថ្ងៃបន្ទាប់ ការរំលាយសាច់នៅក្នុងថតត្រជាក់ធម្មតារបស់ទូទឹកកក គឺជាវិធីសាស្ត្រដែលមានសុវត្ថិភាពបំផុត។

ក្រោយរំលាយរួចរាល់ ប្រភេទសាច់ចិញ្ច្រាំ សាច់មាន់ សាច់ទា និងគ្រឿងសមុទ្រជាទូទៅអាចបន្តរក្សាទុកក្នុងទូទឹកកកពី ១ ទៅ ២ ថ្ងៃទៀត ខណៈដែលសាច់គោ ឬសាច់ជ្រូកដុំធំៗអាចរក្សាទុកបានពី ៣ ទៅ ៥ ថ្ងៃ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា សម្រាប់សាច់ឆៅដែលរំលាយដោយវិធីនេះ អាចយកទៅបង្កកម្ដងទៀតបាន បើទោះបីជាសាច់នោះអាចនឹងបាត់បង់សំណើម និង Texture ខ្លះក៏ដោយ។

វិធីទី ២៖ រំលាយសាច់ក្នុងទឹក

សម្រាប់អ្នកដែលមិនសូវមានពេលវេលា អាចជ្រើសរើសប្រើប្រាស់ការរំលាយសាច់ដោយត្រាំក្នុងទឹកបាន ក៏ប៉ុន្តែចំណុចសំខាន់គឺត្រូវដាក់សាច់នៅក្នុងថង់ប្លាស្ទិក និងចងឱ្យជិត។ ចំណុចដែលគួរកត់សម្គាល់នោះ គឺអ្នកគួរផ្លាស់ប្ដូរទឹករៀងរាល់ ៣០ នាទីម្ដង ដើម្បីរក្សាសីតុណ្ហភាពទឹកកុំឱ្យកើនឡើងក្ដៅពេក។

ជាធម្មតា សម្រាប់សាច់ដែលមានទម្ងន់ប្រមាណ ០.៥ គីឡូក្រាម អាចនឹងរលាយបានសព្វល្អនៅក្នុងរយៈពេល ១ ម៉ោង ខណៈសាច់ដែលមានទម្ងន់ប្រមាណ ២ គីឡូក្រាម អាចចំណាយពេលប្រហែល ២ ទៅ ៣ ម៉ោង។ សាច់ដែលរំលាយហើយគួរតែចម្អិនភ្លាមៗ និងមិនអាចយកទៅបង្កកទាំងឆៅវិញបានទេ។

វិធីទី ៣៖ រំលាយសាច់ក្នុងម៉ាស៊ីនមីក្រូវ៉េវ

ម៉ាស៊ីនមីក្រូវ៉េវ គឺជាជម្រើសដ៏លឿនបំផុតសម្រាប់ការរំលាយសាច់ក្នុងបរិមាណតិច ដោយចំណាយពេលក្រោម ១០ នាទីប៉ុណ្ណោះ។ គន្លឹះមួយនៃការរំលាយសាច់ក្នុងម៉ាស៊ីនមីក្រូវ៉េវ គឺអ្នកគួរប្រើប្រាស់ការកំណត់កម្រិតកម្ដៅទាប និងប្រើប្រាស់រយៈពេលខ្លីៗ ដើម្បីអាចឱ្យអ្នកពិនិត្យមើល និងការពារកុំឱ្យសាច់ឆ្អិនតាមគែមៗ។ សាច់ដែលរំលាយតាមវិធីសាស្ត្រនេះ ត្រូវតែចម្អិនភ្លាមៗ និងមិនអាចដាក់បង្កកវិញបានទេ។

វិធីទី ៤៖ ការចម្អិនសាច់ទាំងកក

សាច់មួយចំនួន ដូចជាសាច់ស្តេក និងសាច់ចិញ្ច្រាំ អាចចម្អិនទាំងកកបាន។ ក៏ប៉ុន្តែការចម្អិនសាច់ទាំងកក តែងតែត្រូវចំណាយពេលយូរជាងមុន និងពិបាកក្នុងការធ្វើឱ្យសាច់ក្រៀមល្អ។

ចំណុចគួរប្រុងប្រយ័ត្ន៖

ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានណែនាំកុំឱ្យរំលាយសាច់កកដោយប្រើប្រាស់ទឹកក្ដៅ ឬទុកចោលក្នុងសីតុណ្ហភាពបន្ទប់។ ការធ្វើបែបនេះអាចបណ្ដាលឱ្យសាច់ខាងក្រៅសន្សឹមៗឡើងកម្ដៅរហូតដល់កម្ដៅល្មមសម្រាប់បាក់តេរីលូតលាស់ ខណៈសាច់ខាងក្នុងនៅតែកករឹងដូចដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា