ឱ្យតែល្ងាចមេឃភ្លៀង រកហាត់ប្រាណមិនបាន! តើធ្វើបែបណាទើបអាចសម្រកទម្ងន់ ដោយមិនចាំបាច់ហាត់ប្រាណ?​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឱ្យតែល្ងាចមេឃភ្លៀង រកហាត់ប្រាណមិនបាន! តើធ្វើបែបណាទើបអាចសម្រកទម្ងន់ ដោយមិនចាំបាច់ហាត់ប្រាណ?​

ឱ្យតែល្ងាចមេឃភ្លៀង រកហាត់ប្រាណមិនបាន! តើធ្វើបែបណាទើបអាចសម្រកទម្ងន់ ដោយមិនចាំបាច់ហាត់ប្រាណ?​

នៅពេលដែលមានគេសួរថា តើវិធីសាស្ត្រសម្រកទម្ងន់ណាដែលមានប្រសិទ្ធភាពបំផុត​? ចម្លើយដែលអ្នកនឹងទទួលបានប្រហែលជា “ញ៉ាំឱ្យតិច និងហាត់ប្រាណឱ្យច្រើន”។ ប៉ុន្តែនៅក្នុងតថភាពជាក់ស្តែង ស្ថានភាពរបស់មនុស្សមួយចំនួនបានធ្វើឱ្យការហាត់ប្រាណក្លាយជារឿងពិបាក ឬសឹងតែមិនអាចទៅរួច។

Advertisement

ជួនកាល ដើមហេតុមិនមែនមកពីភាពខ្ជិលច្រអូសនោះទេ ប៉ុន្តែវាអាចទាក់ទងនឹងលក្ខខណ្ឌធម្មជាតិ ដូចជាស្ថានភាពរដូវវស្សានៅក្នុងប្រទេសកម្ពុជាដែលមេឃភ្លៀងញឹកញាប់ ខណៈអ្នកខ្លះទៀតអាចនឹងមានបញ្ហាសុខភាពមួយចំនួនដែលមិនអាចហាត់ប្រាណបាន ដូចជា មានរបួស ជំងឺរលាកសន្លាក់ ឬជំងឺឈឺសាច់ដុំនិងឆ្អឹងរ៉ាំរ៉ៃជាដើម។

ជាការពិតណាស់ ការហាត់ប្រាណជួយជំរុញការដុតរំលាយអាហារ ដែលធ្វើឱ្យរាងកាយដុតបំផ្លាញកាឡូរីបានយ៉ាងមានប្រសិទ្ធភាព។ មានន័យថា បើខ្វះការហាត់ប្រាណ ប្រព័ន្ធដុតរំលាយអាហាររបស់អ្នកអាចនឹងដំណើរការយឺត ជះផលដល់ការសម្រកទម្ងន់។

យ៉ាងណាមិញ វាមិនមែនមានន័យថា អ្នកនឹងមិនអាចសម្រកទម្ងន់បានសោះនោះទេ។ វិធីសាស្ត្រនៅតែមាន គ្រាន់តែវាទាមទារឱ្យអ្នកមានភាពអត់ធ្មត់ និងប្រើប្រាស់រយៈពេលវែងបន្តិច។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រក្នុងការសម្រកទម្ងន់ នៅពេលដែលអ្នកមិនទាន់អាចហាត់ប្រាណបាន ដោយផ្ដោតទៅលើរបបអាហារជាគោលវិញ៖

ប្រើចានទំហំតូចជាងមុន

អ្នកគួរប្ដូរមកប្រើប្រាស់ចានដែលមានទំហំតូចជាងមុននៅពេលទទួលទានអាហារ ព្រោះការប្រើប្រាស់ចានធំៗ នឹងធ្វើឱ្យអ្នកដួស និងទទួលទានច្រើនដោយមិនដឹងខ្លួន។ ការជ្រើសរើសចានតូច នឹងជួយកាត់បន្ថយបរិមាណអាហារដែលអ្នកទទួលទានបានយ៉ាងមានប្រសិទ្ធភាព។

ផ្ដោតអារម្មណ៍ពេលញ៉ាំអាហារ

នៅពេលដែលអ្នកញ៉ាំអាហារបណ្ដើរ ធ្វើរឿងផ្សេងបណ្ដើរ ជារឿយៗអ្នកតែងតែញ៉ាំច្រើនហួសប្រមាណដោយមិនដឹងខ្លួន។ ដូច្នេះ អ្នកគួរផ្ដោតអារម្មណ៍ទៅលើអាហារដែលអ្នកកំពុងញ៉ាំ និងទំពារឱ្យបានយឺតៗ ដើម្បីឱ្យរាងកាយដឹងខ្លួនថាពេលណាអ្នកឆ្អែត ជួយការពារដល់ការញ៉ាំលើសតម្រូវការចាំបាច់។

ញ៉ាំអាហារដែលមានជាតិសរសៃឱ្យបានច្រើន

ជាតិសរសៃជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ បន្ថែមពីនេះ ជាតិសរសៃក៏ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់ផងដែរ។ ដូច្នេះ អ្នកគួរស្វែងរកបរិភោគអាហារដែលមានជាតិសរសៃពីធម្មជាតិ ដូចជាបន្លែ និងផ្លែឈើឱ្យបានច្រើន។

ញ៉ាំទឹកឱ្យបានច្រើន

ការញ៉ាំអាហារសម្បូរជាតិសរសៃ រួមផ្សំជាមួយនឹងការញ៉ាំទឹកក្នុងបរិមាណគ្រប់គ្រាន់ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់។ លើសពីនេះទៅទៀត អ្នកគួរកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមៗ ដោយប្ដូរមកញ៉ាំទឹកបរិសុទ្ធវិញ ដែលវាល្អទាំងចំពោះសុខភាព និងសម្រស់។

គេងឱ្យបានគ្រប់គ្រាន់

ការគេងឱ្យបានគ្រប់គ្រាន់ គឺជាជំនួយមួយដ៏ពិសេសក្នុងការគ្រប់គ្រងអរម៉ូនដែលទាក់ទងនឹងការឃ្លាន។ នៅពេលអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងមានអារម្មណ៍ថាឃ្លានខ្លាំងជាងធម្មតា ខណៈអរម៉ូន Cortisol ដែលជាអរម៉ូនទាក់ទងនឹងភាពស្ត្រេសក៏កើនឡើងដូចគ្នា។ សម្រាប់រយៈពេលដែលណែនាំវិញ មនុស្សពេញវ័យភាគច្រើនត្រូវការគេងប្រហែលពី ៧ ទៅ ៨ ម៉ោង ក្នុងមួយយប់។

បង្កើនការញ៉ាំប្រូតេអ៊ីន

អាហារសម្បូរប្រូតេអ៊ីនជួយផ្តល់ថាមពល និងធ្វើឱ្យឆ្អែតបានយូរ ដែលអាចជួយឱ្យអ្នកកាត់បន្ថយការញ៉ាំអាហារសម្រន់នៅពេលក្រោយ។ អ្នកជំនាញជារឿយៗណែនាំឱ្យញ៉ាំប្រូតេអ៊ីនប្រហែល ២៥ ទៅ ៣០ ក្រាម ក្នុងមួយពេល ក្នុងចន្លោះពេលសម្រកទម្ងន់។

ត្រៀមអាហារសម្រន់

នំកញ្ចប់ប្រៃៗ ឬនំផ្អែមៗ គឺជាសត្រូវដ៏ធំមួយនៃការសម្រកទម្ងន់។ ដូច្នេះ ដើម្បីចៀសវាងការញ៉ាំអាហារសម្រន់ដែលផ្តល់ការរំខានដល់ផែនការសម្រកទម្ងន់ អ្នកគួរត្រៀមអាហារសម្រន់ដែលល្អសម្រាប់សុខភាពទុកជិតខ្លួន ដូចជា ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិជាដើម។

គួរកត់សម្គាល់ថា បើទោះបីជាការរៀបចំរបបអាហារពិតជាអាចជួយសម្រកទម្ងន់ក៏ពិតមែន តែការធ្វើលំហាត់ប្រាណនៅតែជារឿងសំខាន់សម្រាប់សុខភាពទូទៅ។ ក្នុងគ្រាដែលអ្នកមិនទាន់អាចហាត់ប្រាណបានពេញលេញ ការធ្វើចលនារាងកាយបន្តិចបន្តួចឱ្យបានញឹកញាប់ក៏នៅតែជាការល្អ ប្រសើរជាងការអង្គុយនៅស្ងៀម។

ដូច្នេះ អ្នកអាចជ្រើសរើសការក្រោកឈរ និងដើរតិចៗ ២ ទៅ ៣ នាទី ឬការសម្រាកពីការប្រើប្រាស់ឧបករណ៍ឌីជីថលដូចជាទូរស័ព្ទ និងកុំព្យូទ័រខ្លះ ក៏ជារឿងដ៏ប្រសើរ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា