ខុសទេដែលលង់ស្រឡាញ់គេងាយ? មកស្គាល់ Emophilia អាការបេះដូង​ ឃើញភ្លាម ស្រឡាញ់ភ្លែត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខុសទេដែលលង់ស្រឡាញ់គេងាយ? មកស្គាល់ Emophilia អាការបេះដូង​ ឃើញភ្លាម ស្រឡាញ់ភ្លែត

ខុសទេដែលលង់ស្រឡាញ់គេងាយ? មកស្គាល់ Emophilia អាការបេះដូង​ ឃើញភ្លាម ស្រឡាញ់ភ្លែត

តើអ្នកធ្លាប់ស្គាល់មនុស្សដែលងាយបាក់ចិត្តស្រឡាញ់អ្នកដទៃ ដោយគ្រាន់តែជួបគ្នាមិនប៉ុន្មានដង និយាយគ្នាមិនប៉ុន្មានម៉ាត់ទេ? បើសិនជាអ្នកបានជួបនឹងមនុស្សដែលមានអាការបែបនេះ ពេលខ្លះបុគ្គលនោះអាចមិនមែនគ្រាន់តែជាមនុស្សចិត្តងាយទេ តែអាចមកពីបុគ្គលនោះមានអាការម៉្យាងដែលមានឈ្មោះថា Emophilia។

Advertisement

តើ Emophilia គឺជាអ្វី?

Emophilia ជាពាក្យដែលផ្សំឡើងដោយពាក្យថា Emotion (អារម្មណ៍) និង Philia (ការលង់ស្រឡាញ់) មានន័យថា មនុស្សដែលមានទំនោរឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ងាយ និងអាចដក់ចិត្តដិតអារម្មណ៍ជ្រៅជាងមនុស្សទូទៅ។

ក្នុងន័យម៉្យាងទៀត​ មនុស្សដែលមានអាការ Emophilia ជាមនុស្សដែលបើកចិត្តងាយ និងមានអារម្មណ៍ថា ហាក់មាននិស្ស័យមានទំនាក់ទំនងជំពាក់ជំពិនគ្នាខ្លាំង បើទោះបីជាទើបតែបានជួបមនុស្សណាម្នាក់ក្នុងពេលខ្លីក៏ដោយ។

ហេតុអ្វីបានជាមនុស្សមួយចំនួនឆាប់ធ្លាក់ក្នុងអន្លង់ស្នេហ៍ងាយម៉្លេះ?

អាការ Emophilia មិនមែនជាអាការដែលកើតឡើងដោយគ្មានមូលដ្ឋានទេ តែអាការនេះកើតឡើងដោយផ្អែកទៅលើប្រព័ន្ធអារម្មណ៍ និងបទពិសោធន៍ពីវ័យក្មេងរបស់មនុស្សម្នាក់ៗ ដូចជា៖

  • កង្វះស្ថិរភាពផ្លូវចិត្តក្នុងវ័យកុមារ៖ នៅពេលមនុស្សម្នាក់ធំឡើងក្នុងគ្រួសារដែលខ្វះភាពកក់ក្តៅ ឬមានអារម្មណ៍ថាខ្លួនឯង “គ្មានតម្លៃគ្រប់គ្រាន់” សេចក្តីស្រឡាញ់ក៏ក្លាយជាឧបករណ៍បញ្ជាក់ពីតម្លៃខ្លួនឯង។ ហេតុដូច្នេះហើយ ទើបបុគ្គលដែលមានបទពិសោធន៍ជីវិតបែបនេះ ងាយនឹងប្រគល់បេះដូងឱ្យអ្នកដទៃ ទាំងខ្វះការពិចារណា។
  • ការស្វែងរកការទទួលស្គាល់៖ អ្នកខ្លះមានតម្រូវការចង់ឱ្យគេទទួលស្គាល់ខ្ពស់ ទើបបណ្តោយចិត្តឱ្យធ្លាក់ទៅក្នុងអារម្មណ៍ស្នេហាលឿនពេក ព្រោះចង់ទទួលអារម្មណ៍ថា “ខ្លួនឯងជាទីត្រូវការ និងមានតម្លៃ”។
  • ខួរក្បាលបញ្ចេញសារធាតុគីមីដែលនាំឱ្យរីករាយច្រើនជ្រុល៖ ខួរក្បាលរបស់អ្នកដែលមានអាការ Emophilia តែងតែបញ្ចេញដូប៉ាមីន (Dopamine) និងអុកស៊ីតូស៊ីន (Oxytocin) ក្នុងបរិមាណយ៉ាងច្រើននៅពេលទទួលបានការចាប់អារម្មណ៍ ធ្វើឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយខ្លាំង រហូតមើលរំលងសញ្ញាព្រមានគ្រោះថ្នាក់ក្នុងទំនាក់ទំនង។

គ្រោះថ្នាក់នៃអាការ Emophilia

អ្នកដែលជួបនឹងអាការនេះទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការសម្រេចចិត្តដោយមិនបានពិចារណាឱ្យបានហ្មត់ចត់ អាចធ្វើឱ្យអ្នកប្រើប្រាស់អារម្មណ៍​ច្រើនជាងការពិចារណលើហេតុផល។ ដូច្នេះ អ្នកអាចនឹងភ្លេចគិតគូរដល់ទំនាក់ទំនងរយៈពេលវែង ដែលអាចនាំឱ្យមានការខកចិត្ត និងប្រឈមនឹងការឈឺចាប់ផងដែរ។

បន្ថែមពីនេះ អ្នកខ្លះក៏មានអារម្មណ៍រីករាយចំពោះស្នេហាបែបនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយអាចប្រឈមមុខនឹងការឆាប់ធុញទ្រាន់នៅពេលក្រោយ។

វិធីគ្រប់គ្រងខ្លួនឯង ប្រសិនបើអ្នកមានអាការ Emophilia

១. សួរខ្លួនឯងមុននឹងសម្រេចចិត្ត៖ សួរខ្លួនឯងថា “តើខ្ញុំស្រលាញ់គេពិតមែន ឬគ្រាន់តែមានអារម្មណ៍ល្អមួយរយៈពេល?” ទុកពេលឱ្យខ្លួនឯងគិតឱ្យបានច្បាស់លាស់។

២. ទុកពេលដើម្បីស្គាល់គ្នាឱ្យច្បាស់៖ កុំទាន់អាលវាយតម្លៃមនុស្សក្នុងថ្ងៃដំបូងថា គេជាមនុស្សល្អដែលស័ក្ដិសមសម្រាប់ធ្វើគូស្នេហ៍ឬយ៉ាងណា?​ អ្នកត្រូវសង្កេតមើលមនុស្សម្នាក់នោះក្នុងស្ថានភាពផ្សេងៗ ដូចជានៅពេលគេខឹង ពេលស្ត្រេស ឬពេលមានបញ្ហា។

៣. កំណត់ព្រំដែនឱ្យខ្លួនឯង៖ បង្កើតច្បាប់ងាយៗ ដូចជា មុននឹងសម្រេចចិត្តស្រឡាញ់នរណាម្នាក់​ តើអ្នកត្រូវចំណាយពេល ឬត្រូវស្គាល់គេក្នុងកម្រិតណាសិន។ ការមានព្រំដែន​​ឱ្យខ្លួនឯង ​នឹងជួយឱ្យអ្នកមិនវង្វេងក្នុងអារម្មណ៍មួយឆាវ។

៤. រៀនស្រឡាញ់ខ្លួនឯង៖ ធ្វើសកម្មភាពដែលធ្វើឱ្យខ្លួនឯងមានតម្លៃ ដូចជាការរៀនអ្វីថ្មីៗ មើលថែសុខភាព ឬចំណាយពេលជាមួយមិត្តភក្តិ។ នៅពេលអ្នកមានក្តីសុខជាមួយខ្លួនឯង អ្នកមិនត្រូវការសេចក្តីស្រឡាញ់ពីអ្នកដទៃនោះទេ ព្រោះការស្រឡាញ់ខ្លួន​ឯងគឺជាប្រភពនៃទំនុកចិត្ត៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា