Marie Curie ស្រ្តី និងបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្រ្ត ២ ផ្នែកផ្សេងគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Marie Curie ស្រ្តី និងបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្រ្ត ២ ផ្នែកផ្សេងគ្នា

Marie Curie ស្រ្តី និងបុគ្គលតែម្នាក់គត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្រ្ត ២ ផ្នែកផ្សេងគ្នា

ការតាំងចិត្តដ៏មុតមាំ និងចំណង់ចង់ដឹងចង់ឃើញឥតឈប់ឈរ បានធ្វើឱ្យ Marie Curie ក្លាយជាស្រ្ដីដ៏ល្បីល្បាញក្នុងពិភពវិទ្យាសាស្ត្រសម័យទំនើប។ ទោះបីជាត្រូវប្រឈមមុខនឹងការងារដែលត្រូវប្រើកម្លាំងកាយខ្លាំង និងទីបំផុតនាំឱ្យបាត់បង់ជីវិតក៏ដោយ ក៏ Marie Curie នៅតែមិនព្រមចុះចាញ់ ដោយបានរកឃើញធាតុប៉ូឡូញ៉ូម និងរ៉ាដ្យូម ជំរុញការប្រើប្រាស់វិទ្យុសកម្មក្នុងវិស័យវេជ្ជសាស្ត្រ និងបានផ្លាស់ប្តូរការយល់ដឹងរបស់ពិភពលោកអំពីបាតុភូតវិទ្យុសកម្ម។

កន្លងមក អ្នកអាចនឹងធ្លាប់បានឃើញរូបភាពមួយសន្លឹកខាងក្រោមនេះ។ រូបថតដ៏ល្បីល្បាញនេះបានចាប់យកអ្នកចូលរួមសន្និសីទអន្តរជាតិ Solvay លើកទី ៥ ស្តីពីរូបវិទ្យា ដែលបានប្រារព្ធឡើងក្នុងខែតុលា ឆ្នាំ ១៩២៧ នៅឯវិទ្យាស្ថានអន្តរជាតិ Solvay ប្រទេសបែលហ្ស៊ិក។ ក៏ប៉ុន្តែចំណុចពិសេសមួយ ដែលយើងអាចសង្កេតឃើញ នៅក្នុងចំណោមអ្នករូបវិទ្យាទាំង ២៩នាក់នេះ គឺមានវត្តមានស្រ្តីតែម្នាក់គត់​។ នោះគឺ Marie Curie។

គេហទំព័រ The Nobel Prize បានឱ្យដឹងថា Marie Curie កើតនៅឆ្នាំ ១៨៦៧ ក្នុងទីក្រុង Warsaw។ គ្រួសាររបស់លោកស្រីបានជួបការលំបាកក្រោមការគ្រប់គ្រងរបស់របប Tsarist Regime ដែលព្យាយាមលុបបំបាត់វប្បធម៌ប៉ូឡូញ។ ឪពុកម្តាយរបស់ Marie Curie គឺជាជនជាតិប៉ូឡូញ ហើយពួកគាត់ទាំងពីរជាគ្រូបង្រៀន ដែលជាការងារមិនមានលំនឹង។

ឪពុករបស់ Marie Curie បានប្តូរការងារពីកន្លែងមួយទៅកន្លែងមួយ ហើយគ្រួសាររបស់គាត់ត្រូវរស់នៅក្នុងផ្ទះកាន់តែតូចទៅៗ។ នៅពេលលោកស្រីមានអាយុ ១១ ឆ្នាំ ម្តាយរបស់លោកស្រីបានស្លាប់ដោយសារជំងឺរបេង បន្ថែមដោយបងស្រីច្បងដែលបានស្លាប់ដោយសារជំងឺគ្រុនពោះវៀន។

កាលនៅជាយុវវ័យ Marie Curie បានធ្វើកិច្ចព្រមព្រៀងជាមួយបងស្រីរបស់លោកស្រីឈ្មោះ Bronya ថា លោកស្រីនឹងជួយឧបត្ថម្ភដល់បងស្រីនៅពេលគាត់រៀនពេទ្យនៅទីក្រុងប៉ារីស ហើយបន្ទាប់មក Bronya នឹងចេញថ្លៃសិក្សាឱ្យ Marie Curie វិញ។

អស់រយៈពេល ៦ឆ្នាំ រាប់ចាប់ពីអាយុ ១៧ ឆ្នាំ Marie Curie បានធ្វើការងារជាគ្រូបង្រៀនផ្ទាល់ខ្លួន ស្របពេលដែលព្យាយាមសិក្សាដោយខ្លួនឯងក្នុងពេលទំនេរ។ លុះមកដល់អាយុ ២៤ ឆ្នាំ លោកស្រីបានចូលរៀននៅសាកលវិទ្យាល័យ Sorbonne ឯទីក្រុងប៉ារីស ប្រទេសបារាំង។

រំលងមកដល់ពេលធ្វើនិក្ខេបបទ Marie Curie បានជ្រើសរើសប្រធានបទវិទ្យុសកម្ម ដែលលោក Henri Becquerel  ទើបតែរកឃើញនៅក្នុងអ៊ុយរ៉ាញ៉ូម។ លោកស្រីបានរកឃើញថា រ៉ែដែលមានផ្ទុកអ៊ុយរ៉ាញ៉ូម គឺមានកាំរស្មីវិទ្យុសកម្មខ្លាំងជាងកម្រិតដែលអ៊ុយរ៉ាញ៉ូមមានទៅទៀត។ ការណ៍នេះបាននាំឱ្យលោកស្រី និងស្វាមីរបស់លោកស្រីឈ្មោះ Pierre រកឃើញធាតុថ្មីមួយ ដែលមានជាតិវិទ្យុសកម្មខ្លាំងជាងអ៊ុយរ៉ាញ៉ូមដល់ទៅ ៤០០ ដង។

ក្រោយមក​ ពោលគឺនៅក្នុងឆ្នាំ១៨៩៨ ធាតុថ្មីនេះត្រូវបានបន្ថែមទៅក្នុងតារាងខួប ក្រោមឈ្មោះប៉ូឡូញ៉ូម ដែលដាក់ឈ្មោះតាមប្រទេសកំណើតរបស់លោកស្រី។

បន្ទាប់មក Marie Curie បានរកឃើញធាតុដែលមានជាតិវិទ្យុសកម្មខ្លាំងជាងនេះទៅទៀត គឺរ៉ាដ្យូម។ តាមរយៈការសង្កេតលើរ៉ាដ្យូម លោកស្រីបានរកឃើញចំណុចសំខាន់មួយគឺ វិទ្យុសកម្មមិនមែនអាស្រ័យលើការរៀបចំរបស់អាតូមទៅតាមកម្រិតម៉ូលេគុលនោះទេ ប៉ុន្តែមានអ្វីមួយកើតឡើងនៅខាងក្នុងអាតូមដោយផ្ទាល់។

ពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្រចំនួន ២

សម្រាប់ការស្រាវជ្រាវរបស់ Marie Curie លើ “បាតុភូតវិទ្យុសកម្ម” លោកស្រីបានក្លាយជាស្ត្រីដំបូងគេដែលទទួលបានពានរង្វាន់ណូបែលក្នុងឆ្នាំ ១៩០៣ សម្រាប់វិស័យរូបវិទ្យា។ ក្រុមអ្នកសិក្សាជនជាតិបារាំង ដើមឡើយបានស្នើសុំតែឈ្មោះស្វាមីរបស់លោកស្រី និងលោក Henri Becquerel ប៉ុណ្ណោះ ប៉ុន្តែលោក Pierre Curie បានទទូចថា ស្ត្រីជាភរិយាគួរតែទទួលបានកិត្តិយសនេះរួមគ្នាដែរ។

ក្នុងឆ្នាំ ១៩១១ Marie Curie ទទួលបានពានរង្វាន់ណូបែលមួយទៀត សម្រាប់ការញែកធាតុរ៉ាដ្យូម ដែលលើកនេះគឺក្នុងវិស័យគីមីវិទ្យា។ លោកស្រីគឺជាបុគ្គលតែមួយគត់ដែលទទួលបានពានរង្វាន់ណូបែលក្នុងវិស័យវិទ្យាសាស្ត្រពី ២ ផ្នែកផ្សេងគ្នា។ នៅពេលនោះ Marie Curie មានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងជានាយិកានៃមន្ទីរពិសោធន៍ Curie ស្ថិតនៅវិទ្យាស្ថាន Radium ដែលបច្ចុប្បន្ន វិទ្យាស្ថាននេះមានឈ្មោះថា វិទ្យាស្ថាន Curie។

គូស្នេហ៍អ្នកសិក្សាវិទ្យុសកម្ម

លោក Pierre Curie គឺជាដៃគូជីវិត និងជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្ររបស់ Marie Curie។ ក្រោយរៀបការ លោកបានបោះបង់ការស្រាវជ្រាវរបស់ខ្លួនឯង ដើម្បីចូលរួមជាមួយភរិយាលើការសិក្សាអំពីវិទ្យុសកម្ម។

Marie Curie ជឿជាក់ថា ការស្រាវជ្រាវវិទ្យាសាស្ត្រ គឺជាប្រយោជន៍សាធារណៈ។ លោកស្រី និងស្វាមីបានរកឃើញថា រ៉ាដ្យូមបំផ្លាញកោសិកាដែលកើតរោគ បានលឿនជាងការធ្វើការរបស់កោសិកាដែលមានសុខភាពល្អ ឈានដល់ការប្រើប្រាស់វិទ្យុសកម្មដើម្បីព្យាបាលដុំសាច់។

ក្នុងអំឡុងសង្គ្រាមលោកលើកទី១ Marie Curie បានលើកកម្ពស់ការប្រើប្រាស់កាំរស្មីអ៊ិច (X-rays) ដោយលោកស្រីបានបង្កើតរថយន្តបំពាក់កាំរស្មីអ៊ិច ដើម្បីឱ្យគ្រូពេទ្យវះកាត់នៅសមរភូមិ អាចថតកាំរស្មីអ៊ិចលើទាហានរងរបួស និងធ្វើការវះកាត់បានកាន់តែត្រឹមត្រូវ។

គូស្នេហ៍ត្រកូល Curies មិនបានដឹងច្បាស់អំពីគ្រោះថ្នាក់នៃសារធាតុវិទ្យុសកម្មដែលពួកគេបានកាន់ និងសិក្សាជាប្រចាំនោះទេ។ លោក Pierre Curie ធ្លាប់បានធ្វើឱ្យដៃរបស់ខ្លួនមានរបួស នៅពេលដែលលោកបានយកដៃទៅប៉ះនឹងរ៉ាដ្យូមដោយចេតនា។ អ្នកទាំងពីរតែងតែឈឺជាប្រចាំដោយសារវិទ្យុសកម្ម ហើយការស្លាប់របស់ Marie Curie ដោយសារជំងឺ Aplastic Anemia ដែលទាក់ទងនឹងភាពស្លេកស្លាំង ក្នុងឆ្នាំ ១៩៣៤ ក្នុងអាយុ ៦៦ឆ្នាំ ក៏ទំនងជាមានដើមហេតុពីការប៉ះពាល់នឹងវិទ្យុសកម្មដែរ។

សៀវភៅ និងឯកសារមួយចំនួនរបស់ Marie Curie នៅតែមានជាតិវិទ្យុសកម្មខ្លាំង រហូតដល់ត្រូវរក្សាទុកក្នុងប្រអប់សំណ។ តួយ៉ាង សៀវភៅកំណត់ហេតុរបស់លោកស្រី ពីឆ្នាំ ១៨៩៩-១៩០២ ដែលបានកត់ត្រាពីការពិសោធន៍លើសារធាតុវិទ្យុសកម្ម គឺនៅតែមានជាតិវិទ្យុសកម្មរហូតមកដល់បច្ចុប្បន្ន ហើយនឹងនៅតែបន្តមានរយៈពេល ១ ៥០០ ឆ្នាំទៅមុខទៀត។ ការណ៍នេះប្រៀបដូចជា Marie Curie បានបានបន្សល់ទុកនូវកេរដំណែលវិទ្យាសាស្ត្រដ៏មានតម្លៃ ដែលមិនមាននរណាអាចប៉ះពាល់បាន៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា