ឆ្នាំ ២០២៦ នេះ “កូប៉ិនហាក” នៅតែជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតលើលោក   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំ ២០២៦ នេះ “កូប៉ិនហាក” នៅតែជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតលើលោក  

ឆ្នាំ ២០២៦ នេះ “កូប៉ិនហាក” នៅតែជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតលើលោក  

ជាថ្មីម្តងទៀត ទីក្រុងកូប៉ិនហាក រដ្ឋធានី និងជាទីក្រុងធំបំផុតនៃប្រទេសដាណឺម៉ាក បានដណ្តើមយកចំណាត់ថ្នាក់លេខ ១ ជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៦ យោងតាមរបាយការណ៍របស់ “Global Liveability Index 2026” ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Economist Intelligence Unit (EIU)។

Advertisement

លទ្ធផលនៃចំណាត់ថ្នាក់ឆ្នាំ ២០២៦ នេះ បានវាយតម្លៃលើទីក្រុងចំនួន ១៧៣ ជុំវិញពិភពលោក ដោយបង្ហាញថា ទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក នៅតែបន្តគ្រងតំណែងជាទីក្រុងគួរឱ្យចង់រស់នៅបំផុតក្នុងលោក ២ ឆ្នាំជាប់ៗគ្នា បន្ទាប់ពីទទួលបានពិន្ទុយ៉ាងលេចធ្លោជាច្រើនផ្នែក។ ជាក់ស្ដែង ផ្នែកស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំទទួលបាន ១០០ ពិន្ទុពេញ ខណៈការថែទាំសុខភាពទទួលបាន ៩៦ ពិន្ទុ ឯផ្នែកវប្បធម៌ និងបរិស្ថានទទួលបាន ៩៥ ពិន្ទុ។  

កូប៉ិនហាក តែងទទួលបានការកោតសរសើរទៅលើនគរូបនីយកម្ម ដែលផ្ដល់អាទិភាពខ្ពស់ដល់ “មនុស្ស” មិនថាការរៀបចំគន្លងផ្លូវសម្រាប់កង់ដែលគ្របដណ្តប់ពេញទីក្រុង ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលតភ្ជាប់គ្នាយ៉ាងមានប្រសិទ្ធភាព តំបន់បៃតងដែលប្រជាជនអាចចូលប្រើប្រាស់បានងាយស្រួល និងគោលនយោបាយផ្នែកចីរភាពដែលជួយលើកកម្ពស់គុណភាពខ្យល់អាកាស និងបរិស្ថាន។ ដូច្នេះហើយ ទីក្រុងនេះមិនមែនគ្រាន់តែជាកន្លែងសម្រាប់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យមនុស្សអាចរស់នៅបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងមានសុខុមាលភាពល្អ។

ចំណែកឯទីក្រុងលំដាប់បន្ទាប់រួមមាន ទីក្រុងវីយែន ពីប្រទេសអូទ្រីស តាមពីក្រោយដោយទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ខណៈទីក្រុងហ្សូរីច និងទីក្រុងហ្សឺណែវ នៃប្រទេសស្វីស នៅតែអាចរក្សាតំណែងនៅក្នុងកំពូលទាំង ១០ ក្នុងតារាងទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតក្នុងលោកដូចដើម។

យ៉ាងណាមិញ សម្រាប់ចំណាត់ថ្នាក់លេខ ៧ ដល់លេខ ១០ បានធ្លាក់រៀងគ្នាទៅលើទីក្រុងអូសាកា របស់ប្រទេសជប៉ុន ទីក្រុងអាដេឡៃដ៍ ប្រទេសអូស្ត្រាលី ទីក្រុង​វ៉ាន់ខូវើ ប្រទេសកាណាដា និងទីក្រុងតូក្យូ ប្រទេសជប៉ុន។

គួរកត់សម្គាល់ផងដែរថា កត្តាដែលធ្វើឱ្យទីក្រុងទាំង ១០ ជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតនោះ មិនមែនដោយសារតែទីក្រុងទាំងនេះមានទីតាំងល្បីៗច្រើន ឬមានភាពទំនើបនោះទេ តែចំណាត់ថ្នាក់នេះគឺផ្តោតទៅលើអ្វីដែលធ្វើឱ្យប្រជាជនអាចរស់នៅប្រចាំថ្ងៃបានយ៉ាងមានគុណភាព ចាប់តាំងពីការធ្វើដំណើរប្រកបដោយភាពងាយស្រួល សុវត្ថិភាព ការទទួលបានសេវាសាធារណៈ រហូតដល់តំបន់បៃតង និងបរិស្ថានដែលអំណោយផលដល់ការរស់នៅ។

ចំណុចទាំងអស់នេះហើយ គឺជាហេតុផលធ្វើឱ្យកូប៉ិនហាកនៅតែជាទីក្រុងដែលគួរឱ្យចង់រស់នៅបំផុតក្នុងលោកជាឆ្នាំទី ២ ជាប់ៗគ្នា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា