ចៀសវាងទម្លាប់ទាំង ៥ នេះ បើមិនចង់ឱ្យថ្មទូរស័ព្ទអ្នកអាយុខ្លី និងឆាប់ខូច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចៀសវាងទម្លាប់ទាំង ៥ នេះ បើមិនចង់ឱ្យថ្មទូរស័ព្ទអ្នកអាយុខ្លី និងឆាប់ខូច

ចៀសវាងទម្លាប់ទាំង ៥ នេះ បើមិនចង់ឱ្យថ្មទូរស័ព្ទអ្នកអាយុខ្លី និងឆាប់ខូច

ជាទូទៅ ថ្មទូរស័ព្ទស្មាតហ្វូននឹងធ្លាក់ចុះគុណភាពទៅតាមពេលវេលាដោយជៀសមិនរួចឡើយ ប៉ុន្តែទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួន ដូចជាការសាកថ្មរហូតដល់ ១០០% ការប្រើប្រាស់ទូរស័ព្ទខ្លាំងៗខណៈពេលកំពុងសាកថ្ម និងការទុកទូរស័ព្ទចោលក្នុងសីតុណ្ហភាពក្តៅ ឬត្រជាក់ខ្លាំង អាចរុញច្រានឱ្យថ្មទូរស័ព្ទឆាប់ខូចលឿនជាងមុន។

Advertisement

១. ទម្លាប់សាកថ្មរហូតដល់ ១០០%

យោងតាមសារព័ត៌មាន CNET បានឱ្យដឹងថា ថ្មប្រភេទ Lithium-ion នឹងឆាប់ទ្រុឌទ្រោមលឿនបំផុត នៅពេលវាត្រូវបានរុញច្រានទៅដល់កម្រិតខ្លាំងទាំងសងខាង ពោលគឺនៅកម្រិត ០% និង ១០០%។

លោក Sandeep Unnikrishnan ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនទើបបង្កើតថ្មី Lionvolt បានប្រាប់សារព័ត៌មាន The Independent ថា ថ្មទូរស័ព្ទចុះខ្សោយគុណភាព «ដោយសារតែការសឹកនៃសារធាតុគីមីអគ្គិសនីខាងក្នុង» ដែលជាទូទៅកើតឡើងបន្ទាប់ពីការសាកចំនួន ៥០០ ដង ឬប្រហែលជាពីរទៅបីឆ្នាំនៃការប្រើប្រាស់។

លោក Dibakar Datta សាស្ត្រាចារ្យរងនៅវិទ្យាស្ថានបច្ចេកវិទ្យា New Jersey បានប្រាប់សារព័ត៌មាន HuffPost ថា ការដោតសាកទូរស័ព្ទចោលទាំងថ្មពេញនឹងជំរុញឱ្យសារធាតុគីមីខាងក្នុងឆាប់ខូចខាត។

អ្នកជំនាញបានណែនាំថា ដើម្បីរក្សាអាយុកាលថ្មឱ្យបានល្អ និងយូរអង្វែង គួររក្សាកម្រិតថ្មទូរស័ព្ទចន្លោះពី ២០% ទៅ ៨០%។

២. ប្រើប្រាស់ទូរស័ព្ទខ្លាំងៗខណៈពេលកំពុងសាកថ្ម

ការដំណើរការកម្មវិធីធំៗ (Apps) ដែលស៊ីកម្លាំងម៉ាស៊ីនខ្លាំងក្នុងពេលកំពុងសាកថ្ម នឹងបង្កើតកម្តៅខ្លាំងហួសប្រមាណ ដែលធ្វើឱ្យខូចខាតដល់កោសិកាថ្មខាងក្នុងកាន់តែលឿន។

ទោះបីជាទូរស័ព្ទឆ្លាតវៃសម័យទំនើបមានប្រព័ន្ធគ្រប់គ្រងលំហូរថាមពលក៏ដោយ ប៉ុន្តែការលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការបើកកាមេរ៉ាថតក្នុងរយៈពេលយូរខណៈពេលសាកថ្ម នឹងធ្វើឱ្យកម្តៅកើនឡើងលើសពីកម្រិតធម្មតា។ គេហទំព័របច្ចេកវិទ្យា MakeUseOf បានព្រមានថា នៅពេលកម្តៅនៃការប្រើប្រាស់ម៉ាស៊ីន បូករួមនឹងកម្តៅដែលភាយចេញពីការសាកថ្ម វានឹងធ្វើឱ្យកោសិកាថ្មរងសម្ពាធខ្លាំង។

៣. ប្រើប្រាស់ឧបករណ៍សាកថ្មគ្មានស្តង់ដារ

ឧបករណ៍សាកថ្មលឿន (Fast-charging) ដែលមានតម្លៃថោក និងគ្មានគុណភាព ជារឿយៗតែងតែបញ្ជូនចរន្តអគ្គិសនីមិនថេរ ដែលអាចបង្កផលប៉ះពាល់ដល់អាយុកាលរបស់ថ្ម។

លោក Unnikrishnan បានមានប្រសាសន៍ថា៖ «ទោះបីជាការសាកថ្មលឿនផ្តល់ភាពងាយស្រួលក៏ពិតមែន ប៉ុន្តែការប្រើប្រាស់វាញឹកញាប់ពេកអាចបង្កផលវិបាក»។ លោកបានបន្ថែមថា៖ «គួរតែចៀសវាងដាច់ខាតនូវដុំសាកដែលគ្មានស្តង់ដារ និងមានតម្លៃថោកខ្លាំង ព្រោះវាអាចបញ្ជូនចរន្តអគ្គិសនីមិននឹងនរ ហើយថែមទាំងប្រឈមនឹងហានិភ័យនៃការឡើងកម្តៅខ្លាំងរហូតដល់ផ្ទុះឆេះទៀតផង»។

៤. មើលរំលងមុខងារកំណត់បង្កើនប្រសិទ្ធភាពថ្ម

ទូរស័ព្ទភាគច្រើនមានប្រព័ន្ធគ្រប់គ្រងថ្មដែលបំពាក់មកស្រាប់ដែលអាចជួយពន្យារអាយុកាលថ្មបាន ដោយមិនចាំបាច់មានការអន្តរាគមន៍ពីអ្នកប្រើប្រាស់ឡើយ។

យោងតាមសារព័ត៌មាន New York Post បានឱ្យដឹងថា ចំពោះទូរស័ព្ទ iPhone ការបើកមុខងារ «Optimized Battery Charging» នៅក្នុងផ្នែកសុខភាពថ្ម (Battery Health) នឹងអនុញ្ញាតឱ្យឧបករណ៍សិក្សាពីទម្លាប់នៃការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក រួចវានឹងពន្យារល្បឿននៃការសាកថ្មនៅពេលឡើងដល់លើសពី ៨០% ដើម្បីកាត់បន្ថយសម្ពាធទៅលើថ្ម។

ចំណែកឯឧបករណ៍ Android វិញ ក៏មានផ្តល់ជូននូវឧបករណ៍ស្រដៀងគ្នានេះដែរ ក្រោមឈ្មោះមុខងារ «Battery Protection» ឬ «Charging Optimization»។

៥. ទុកទូរស័ព្ទចោលក្នុងសីតុណ្ហភាពក្តៅ ឬត្រជាក់ខ្លាំង

ទាំងកម្តៅខ្លាំង និងភាពត្រជាក់ខ្លាំង សុទ្ធសឹងតែអាចបំផ្លាញថ្មប្រភេទ lithium-ion បានដូចគ្នា។

ការប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរនៅក្រោមពន្លឺថ្ងៃផ្ទាល់ ការទុកចោលនៅក្នុងឡានដែលក្តៅ ឬសូម្បីតែការសាកថ្មទុកក្រោមខ្នើយ អាចធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់កម្រិតគ្រោះថ្នាក់។ ជាឧទាហរណ៍ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ថ្មទូរស័ព្ទ iPhone ដំណើរការបានល្អបំផុតនៅក្នុងសីតុណ្ហភាពចន្លោះពី ១៦°C ទៅ ២២°C។

កម្តៅខ្លាំងពេកអាចបណ្តាលឱ្យឧបករណ៍ផ្អាកដំណើរការសាកថ្មជាបណ្តោះអាសន្ន ខណៈពេលដែលអាកាសធាតុត្រជាក់ខ្លាំង អាចបណ្តាលឱ្យភាគរយថ្មធ្លាក់ចុះភ្លាមៗ ឬធ្វើឱ្យទូរស័ព្ទរលត់ដោយមិនដឹងខ្លួន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា