៥ វិធីធ្វើឱ្យរាងកាយត្រជាក់ជាងមុន ដោយមិនចាំបាច់មានម៉ាស៊ីនត្រជាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ វិធីធ្វើឱ្យរាងកាយត្រជាក់ជាងមុន ដោយមិនចាំបាច់មានម៉ាស៊ីនត្រជាក់

៥ វិធីធ្វើឱ្យរាងកាយត្រជាក់ជាងមុន ដោយមិនចាំបាច់មានម៉ាស៊ីនត្រជាក់

ចូលដល់រដូវប្រាំង អាកាសធាតុនៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើមឡើងក្ដៅ រហូតបង្កការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ខណៈអ្នកខ្លះក៏ជួបបញ្ហាសុខភាពព​ ដូចជាភាពល្ហិតល្ហៃជាដើម។ ដ្បិតការបើកម៉ាស៊ីនត្រជាក់អាចជួយឱ្យសីតុណ្ហភាពធ្លាក់ចុះ កាត់ផ្ដាច់ពីបញ្ហាអាកាសធាតុក្ដៅក៏ពិតមែន តែមិនមែនមានន័យថា គ្រប់ផ្ទះសុទ្ធសឹងតែមានម៉ាស៊ីនត្រជាក់ ហើយការបើកម៉ាស៊ីនត្រជាក់រយៈពេលយូរ ក៏អាចដាក់បន្ទុកទៅលើការចំណាយដូចគ្នា។

Advertisement

ហេតុដូច្នេះហើយ ទើប AMS ចង់ណែនាំប្រិយមិត្តអំពី ៥ វិធីដែលធ្វើឱ្យរាងកាយត្រជាក់ជាងមុន ដោយមិនចាំបាច់មានម៉ាស៊ីនត្រជាក់។

១. ញ៉ាំទឹកឱ្យបានច្រើន

អាកាសធាតុក្ដៅអាចធ្វើឱ្យរាងកាយអ្នកហួតទឹក។ ដូច្នេះ អ្នកត្រូវញ៉ាំទឹកឱ្យបានច្រើន ដើម្បីអាច​ជៀសវាងបញ្ហានេះ។ បើទោះបីជាមិនស្រេកទឹកក្ដី ក៏អ្នកគួរតែចិបទឹកតិចៗឱ្យបានញឹកញាប់ ដើម្បីផ្ដល់សំណើមដល់រាងកាយវិញ។ បន្ថែមពីនេះ ក្នុងករណីមានបែកញើសច្រើន អ្នកក៏គួរទទួលទានទឹកអ៊ីយ៉ុងមានផ្ទុកជាតិរ៉ែ ដើម្បីបំពេញជាតិរ៉ែដែលបាត់បង់ចូលទៅរាងកាយវិញផងដែរ។

យ៉ាងណាមិញ អ្នកត្រូវកាត់បន្ថយជាតិកាហ្វេអ៊ីន និងសារធាតុស្រវឹង ព្រោះវាអាចធ្វើឱ្យរាងកាយអ្នកកាន់តែខ្វះជាតិទឹកមួយកម្រិតទៀត។

២. បិទបង្អួច និងវាំងនន

អ្នកខ្លះយល់ច្រឡំថា ការបើកបង្អួច នឹងជួយឱ្យមានខ្យល់ចេញចូល ធ្វើឱ្យបន្ទប់ត្រជាក់ជាងមុន។ ក៏ប៉ុន្តែអ្នកត្រូវដឹងថា អាកាសធាតុនៅខាងក្រៅ ច្រើនតែក្ដៅជាងអាកាសធាតុនៅខាងក្នុងផ្ទះ។ ដូច្នេះ បើសិនជាអ្នកបើកបង្អួចចោល គឺដូចជាការនាំយកខ្យល់ក្ដៅពីខាងក្រៅ ចូលមកក្នុងផ្ទះវិញ។

គន្លឹះសំខាន់មួយ​ អ្នកគួរបិទបង្អួច និងវាំងនននៅពេលថ្ងៃ ហើយបើកវិញនៅពេលល្ងាច ឬពេលព្រលឹម។ ពោល គឺពេលវេលាដែលសីតុណ្ហភាពចុះត្រជាក់។

៣. ធ្វើម៉ាស៊ីនត្រជាក់សិប្បនិម្មិត

បើសិនជាអ្នកមិនមានម៉ាស៊ីនត្រជាក់ ឬក៏មិនចង់ចំណាយលើថ្លៃភ្លើងច្រើន អ្នកគួរដឹងពីវិធីធ្វើម៉ាស៊ីនត្រជាក់សិប្បនិម្មិត។ អ្នកអាចសាកល្បង ឲយកកន្សែងដែលជ្រលក់ទឹកឱ្យសើម ទៅដាក់ពីមុខកង្ហារ។ នៅពេលដែលខ្យល់បក់កាត់កន្សែងសើមនោះ ខ្យល់នឹងនាំយកសំណើមមកជាមួយ បង្កើតឱ្យមានចំហាយត្រជាក់ជាងការប្រើប្រាស់កង្ហារធម្មតា។

៤. ស្លៀកពាក់ខោអាវរលុងៗ និងមានពណ៌ស្រាល

ក្នុងអាកាសធាតុបែបនេះ អ្នកគួរជ្រើសរើសស្លៀកពាក់ខោអាវពណ៌ស្រាល និងរលុង ធ្វើពីសាច់ក្រណាត់ដែលអាចឱ្យខ្យល់ចេញចូលល្អ ដូចជា សាច់កប្បាស ឬសាច់លីនីន។ ដូចគ្នាដែរ អ្នកគួរជៀសវាងខោអាវដែលមានសាច់ក្រាស់ និងតឹង ដែលពិបាកឱ្យខ្យល់ចេញចូល ក៏ដូចជាខោអាវពណ៌ក្រម៉ៅ ដែលងាយបឺតកម្ដៅ។

៥. បិទឧបករណ៍អេឡិចត្រូនិក

ឧបករណ៍អេឡិចត្រូនិក គឺជាកត្តាមួយដែលធ្វើឱ្យបន្ទប់ឡើងក្ដៅ។ ដូច្នេះ អ្នកគួរបិទ ឬដកឌុយឧបករណ៍អេឡិចត្រូនិកដែលអ្នកមិនប្រើប្រាស់ ដូចជា ក្បាលសាកថ្ម ទូរទស្សន៍ និងកុំព្យូទ័រជាដើម។ បើអាច អ្នកគួរផ្លាស់ប្ដូរទៅប្រើប្រាស់អំពូល LED ព្រោះអំពូល LED បញ្ចេញកម្ដៅតិចជាងអំពូលធម្មតា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា