១៦ ទម្លាប់ស្រូបទាញរឿងល្អៗចូលមកកាន់ជីវិត ធ្វើកាន់តែច្រើនជីវិតក៏កាន់តែឡើងដូចកាំជណ្ដើរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១៦ ទម្លាប់ស្រូបទាញរឿងល្អៗចូលមកកាន់ជីវិត ធ្វើកាន់តែច្រើនជីវិតក៏កាន់តែឡើងដូចកាំជណ្ដើរ

១៦ ទម្លាប់ស្រូបទាញរឿងល្អៗចូលមកកាន់ជីវិត ធ្វើកាន់តែច្រើនជីវិតក៏កាន់តែឡើងដូចកាំជណ្ដើរ

១. កាន់តែលើកលែង កាន់តែមានសេរីភាព

ការក្តាប់កំហឹង ឬការគុំកួនទុក ប្រៀបដូចជាការក្តាប់របស់ក្តៅនៅក្នុងដៃ ដាក់ចុះពេលណា យើងនឹងធូរដៃពេលហ្នឹង។

២. កាន់តែស្មោះត្រង់ កាន់តែគួរឱ្យទុកចិត្ត

មនុស្សដែលនិយាយត្រង់ ទោះជាពេលដែលខ្លួនអាចខាតបង់ នឹងទទួលបានអ្វីដែលប្រាក់មិនអាចទិញបាន នោះគឺ «ភាពជឿជាក់» ពីមនុស្សជុំវិញខ្លួន។

៣. កាន់តែមានវិន័យ កាន់តែមានសេរីភាព

មនុស្សដែលចេះគ្រប់គ្រងខ្លួនឯង មិនបាច់ចាំឱ្យនរណាមកតាមបង្ខំឡើយ ព្រោះគេដឹងថាវិន័យនៅថ្ងៃនេះ គឺជាសេរីភាពនៅថ្ងៃមុខ។

៤. កាន់តែចិត្តត្រជាក់ កាន់តែសម្រេចចិត្តបានល្អ

អារម្មណ៍ឆេវឆាវធ្វើឱ្យយើងមើលឃើញតែផ្លូវមួយ។ នៅពេលចិត្តត្រជាក់ចុះពេលណា ផ្លូវដែលធ្លាប់មើលមិនឃើញ នឹងលេចឡើងមកឯង។

៥. កាន់តែគោរពអ្នកដទៃ កាន់តែទទួលបានការគោរព

ការផ្តល់កិត្តិយសដល់មនុស្សដែលគ្មានអ្វីផ្តល់ឱ្យយើង គឺជាការគោរពធាតុពិតនៃបុគ្គលម្នាក់ ហើយទង្វើនោះហើយដែលធ្វើឱ្យមនុស្សជុំវិញខ្លួនចងចាំជានិច្ច។

៦. កាន់តែហ្វឹកហាត់ខ្លួនឯង កាន់តែមានសំណាង

សំណាងមិនមែនកើតឡើងដោយចៃដន្យនោះទេ វាមក រកមនុស្សដែលបានរៀបចំខ្លួនរួចរាល់ នៅពេលឱកាសមកដល់ គេក៏ចាប់យកបានទាន់ពេលវេលា។ យើងផ្លាស់ប្តូរអ្នកដទៃមិនបាន ផ្លាស់ប្តូររឿងរ៉ាវកាលពីម្សិលមិញក៏មិនបាន ប៉ុន្តែអាចផ្លាស់ប្តូរខ្លួនឯងឱ្យកាន់តែល្អប្រសើរបានរាល់ថ្ងៃ។

៧. កាន់តែឱ្យ កាន់តែបាន

មនុស្សដែលឱ្យដោយមិនរំពឹងការតបស្នង តែងតែទទួលបានត្រឡប់មកវិញតាមរបៀបដែលនឹកស្មានមិនដល់ ហើយច្រើនតែច្រើនជាងអ្វីដែលបានឱ្យទៅជានិច្ច។

៨. កាន់តែស្តាប់ កាន់តែយល់ពីមនុស្ស

មនុស្សដែលនិយាយតិចតែស្តាប់ច្រើន នឹងមើលឃើញអ្វីដែលអ្នកដទៃមើលរំលង និងដឹងចិត្តមនុស្សបានដោយមិនបាច់សួរនាំច្រើនឡើយ។

៩. កាន់តែអាន កាន់តែគិតបានទូលំទូលាយ

សៀវភៅគ្រប់ក្បាល គឺជាបទពិសោធន៍របស់អ្នកដទៃ ដែលយើងអាចខ្ចីមកប្រើប្រាស់បានដោយឥតគិតថ្លៃ ដោយមិនបាច់ដកពិសោធន៍ការឈឺចាប់ដោយខ្លួនឯងគ្រប់រឿងនោះទេ។

១០. កាន់តែអរគុណ កាន់តែមានសុភមង្គល

មនុស្សដែលឱ្យតម្លៃលើអ្វីដែលមានរាល់ថ្ងៃ នឹងមានអារម្មណ៍ថាជីវិតគ្រប់គ្រាន់ ចំណែកឯមនុស្សដែលនឹកឃើញតែអ្វីដែលខ្វះខាត នឹងមិនស្គាល់ពាក្យថាគ្រប់គ្រាន់ឡើយ។

១១. កាន់តែអត់ធ្មត់ កាន់តែបានរបស់ដែលមានតម្លៃ

របស់ល្អមិនដែលមកដល់ឆាប់ៗនោះទេ មនុស្សដែលមិនចេះរង់ចាំ នឹងបានត្រឹមតែរបស់សម្បកក្រៅ ចំណែកឯមនុស្សដែលចេះរង់ចាំ នឹងបានរបស់ដែលនៅជាមួយយើងបានយូរអង្វែង។

១២. កាន់តែនិយាយតិច ពាក្យសម្តីកាន់តែមានទម្ងន់

មនុស្សដែលនិយាយគ្រប់រឿង ពាក្យសម្តីនឹងលែងមានតម្លៃ ប៉ុន្តែមនុស្សដែលនិយាយតែពេលចាំបាច់ គ្រប់គ្នានឹងតាំងចិត្តស្តាប់។

១៣. កាន់តែដាក់ខ្លួន កាន់តែមានអ្នកចង់ជួយ

មនុស្សពូកែដែលមិនអួតអាង តែងតែមានអ្នកចង់លាតដៃជួយជានិច្ច ចំណែកឯមនុស្សដែល ពូកែអួត ច្រើនតែត្រូវដើរតែម្នាក់ឯង។

១៤. កាន់តែរក្សាពាក្យសន្យា កាន់តែមានអ្នកទុកចិត្ត

និយាយហើយធ្វើរាល់លើក ទោះជាក្នុងរឿងតូចតាចដែលគ្មាននរណាចាប់កំហុសក៏ដោយ ព្រោះទំនុកចិត្ត ត្រូវបានកសាងឡើងចេញពី រឿងតូចតាចទាំងនេះឯង។

១៥. កាន់តែទទួលស្គាល់កំហុស កាន់តែរីកចម្រើនលឿន

មនុស្សដែលពូកែដោះសានឹងវិលវល់នៅកន្លែងដដែលជារៀងរហូត ចំណែកឯមនុស្សដែលហ៊ានទទួលស្គាល់កំហុស គឺជាមនុស្សដែលវិវត្តទៅមុខបាន។

១៦. កាន់តែមើលថែខ្លួនឯង កាន់តែអាចមើលថែអ្នកដទៃបាន

រាងកាយដែលមាំមួន និងផ្លូវចិត្តដែលពេញលេញ គឺជាដើមទុននៃការធ្វើជាទីពឹងឱ្យអ្នកដទៃ ប្រសិនបើយើងបាក់បែកមុនទៅហើយ ក៏គ្មានអ្វីសល់សម្រាប់ឱ្យអ្នកណាទៀតដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា