១០ គំនិតរៀនប្រើជីវិតឱ្យធូរស្រាលតាមបែបខ្លួនឯង​ ដោយមិនឈឺក្បាលនឹងសម្ដីអ្នកដទៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១០ គំនិតរៀនប្រើជីវិតឱ្យធូរស្រាលតាមបែបខ្លួនឯង​ ដោយមិនឈឺក្បាលនឹងសម្ដីអ្នកដទៃ

១០ គំនិតរៀនប្រើជីវិតឱ្យធូរស្រាលតាមបែបខ្លួនឯង​ ដោយមិនឈឺក្បាលនឹងសម្ដីអ្នកដទៃ

អនុញ្ញាតឱ្យអ្នកដទៃនិយាយពីយើងតាមចិត្តពួកគេចុះ ចំណែកឯយើងយកពេលវេលាទៅប្រើជីវិតរស់នៅតាមបែបដែលយើងចង់បានល្អជាង។ ខាងក្រោមនេះគឺជាការចែករំលែកនូវគំនិតខ្លះៗដែលបង្ហាញថាយើងអាចរស់នៅតាមបែបខ្លួនឯង ដោយមិនបាច់ខ្វល់ច្រើនពីសម្ដីអ្នកដទៃឡើយ៖

Advertisement

១. មាត់អ្នកដទៃយើងហាមឃាត់មិនបានឡើយ

ទោះជាយើងធ្វើល្អប៉ុណ្ណាក៏ដោយ ក៏នៅតែមានអ្នកមិនចូលចិត្តយើងដែរ ដូច្នេះ កុំខាតពេលទៅកែប្រែការគិតរបស់អ្នកណាឡើយ យកពេលនោះមកកែប្រែជីវិតខ្លួនឯងល្អជាង។

២. ពួកគេនិយាយបានត្រឹមតែអ្វីដែលពួកគេឃើញប៉ុណ្ណោះ

អ្នកដែលនិយាយពីយើង បានឃើញជីវិតយើងត្រឹមតែផ្នែកបន្តិចបន្តួចប៉ុណ្ណោះ ពួកគេមិនដឹងថាយើងបានឆ្លងកាត់អ្វីខ្លះទេ ហើយក៏មិនដឹងថាយើងកំពុងប្រយុទ្ធតស៊ូនឹងអ្វីឡើយ ដូច្នេះ ពាក្យសម្តីរបស់ពួកគេមិនមែនជាការពិតទាំងស្រុងអំពីយើងទេ។

៣. ពាក្យសម្តីរបស់ពួកគេឆ្លុះបញ្ចាំងពី​ខ្លួនរបស់ពួកគេ

អ្នកដែលចូលចិត្តវិនិច្ឆ័យអ្នកដទៃ គឺកំពុងប្រាប់ថាខ្លួនឯងជាមនុស្សបែបណា មិនមែនប្រាប់ថាយើងជាមនុស្សបែបណានោះទេ។ កុំយកចរិតរបស់ពួកគេមកបង្កើតជាស្នាមរបួសក្នុងចិត្តខ្លួនឯងអី។

៤. យើងមិនបានកើតមកដើម្បីធ្វើឱ្យគ្រប់គ្នាពេញចិត្តនោះទេ

ជីវិតយើងមានតួនាទីតែមួយគត់គឺរស់ជាខ្លួនឯងឱ្យបានល្អបំផុត មិនមែនរស់នៅតាមបែបដែលអ្នកដទៃចង់ឱ្យយើងក្លាយជា ឬបំពេញភ្នែកញាតិណាម្នាក់នោះឡើយ។ នៅពេលដែលឈប់ព្យាយាមធ្វើឱ្យគ្រប់គ្នាពេញចិត្ត ជីវិតនឹងស្រាលជាងមុនច្រើន។

៥. អ្នកដែលស្រឡាញ់យើង មិនចាំបាច់ពន្យល់ឡើយ

អ្នកដែលយល់ពីយើង ទោះបីជាមាននរណាម្នាក់និយាយអ្វីក៏ដោយ ក៏ពួកគេមិនជឿដែរ រីឯអ្នកដែលមិនយល់ ទោះបីជាពន្យល់យ៉ាងណាក៏ពួកគេមិនស្តាប់ដែរ។ ដូច្នេះទុកកម្លាំងនិយាយជាមួយក្រុមទីមួយប្រសើរជាង។

៦. សំឡេងខ្សឹបខ្សៀវមិនស្ថិតស្ថេរយូរឡើយ

អ្នកនិយាយមិនយូរប៉ុន្មានក៏ភ្លេចដែរ ប៉ុន្តែប្រសិនបើយើងរើសពាក្យអវិជ្ជមានអស់នោះយកមកគិត យើងនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលចងចាំវា។ កុំឱ្យពាក្យសម្តីដែលពួកគេបោះចោលត្រឹមតែប្រាំនាទី ស្ថិតនៅក្នុងក្បាលយើងជារៀងរាល់ឆ្នាំអី។

៧. កាន់តែតបត កាន់តែហត់នឿយ

រឿងខ្លះ ភាពស្ងៀមស្ងាត់គឺជាចម្លើយល្អបំផុត មិនមែនដោយសារយើងចាញ់នោះទេ ប៉ុន្តែព្រោះថាយើងដឹងថាអ្វីដែលមានតម្លៃចំពោះកម្លាំងថាមពលរបស់យើង និងអ្វីដែលមិនគួរ។

៨. ជីវិតយើងមិនចាំបាច់សុំការអនុញ្ញាតពីអ្នកណាទេ

ជ្រើសរើសការងារបែបណា ស្រឡាញ់នរណា រស់នៅបែបណា វាគឺជាសិទ្ធិរបស់យើង។ អ្នកដែលមិនបានចិញ្ចឹម ឬចេញថ្លៃចំណាយអ្វីឱ្យជីវិតយើង គឺគ្មានសិទ្ធិមកកំណត់ផ្លូវដើររបស់យើងទេ។

៩. ក្ដីសុខរបស់យើងគឺជាការឆ្លើយតបល្អបំផុត

មិនចាំបាច់ប្រកែកដើម្បីឈ្នះ មិនចាំបាច់ពិសោធន៍ឱ្យអ្នកណាម្នាក់ឃើញឡើយ គ្រាន់តែរស់នៅឱ្យមានក្ដីសុខតាមបែបរបស់យើង នោះគឺជាចម្លើយដែលលាន់ឮខ្លាំងបំផុត ដោយមិនចាំបាច់និយាយសូម្បីតែមួយម៉ាត់។

១០. ពេលវេលារបស់យើងមានកំណត់

រាល់នាទីដែលខាតបង់ទៅលើការខ្វល់ខ្វាយនឹងពាក្យសម្តីអ្នកដទៃ គឺជានាទីដែលបាត់បង់ពីជីវិតរបស់យើងផ្ទាល់។ ចូរប្រើវាជាមួយអ្វីដែលស្រឡាញ់ ជាមួយមនុស្សដែលត្រឹមត្រូវ ចំណែកអ្នកដែលបង្ហិនពេលវេលានិយាយមិនល្អពីយើង ទុកឱ្យគេនិយាយទៀតចុះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា