ស្វ័យ​សិក្សា​ ​ជំនាញ​តែ​មួយ​គត់​ដែល​ជួយ​ឱ្យ​យុវជន​បោះជំហាន​ទៅ​មុខ​ជានិច្ច​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វ័យ​សិក្សា​ ​ជំនាញ​តែ​មួយ​គត់​ដែល​ជួយ​ឱ្យ​យុវជន​បោះជំហាន​ទៅ​មុខ​ជានិច្ច​

ស្វ័យ​សិក្សា​ ​ជំនាញ​តែ​មួយ​គត់​ដែល​ជួយ​ឱ្យ​យុវជន​បោះជំហាន​ទៅ​មុខ​ជានិច្ច​

​នៅក្នុង​យុគសម័យ​ឌីជីថល ​និង​បច្ចេកវិទ្យា​ដែល​កំពុង​ផ្លាស់ប្តូរ​យ៉ាង​លឿន​ដូច​បច្ចុប្បន្ន ​យុវជន​ជាច្រើន​តែងតែ​ចោទ​សួរ​ថា​ «​តើ​សញ្ញាបត្រ​សាកលវិទ្យាល័យ​តែ​មួយ​មុខ​ ​គ្រប់គ្រាន់​សម្រាប់​ធានា​ឱកាស​ការងារ​ និង​អនាគត​ដ៏​ភ្លឺស្វាង​ហើយ​ឬ​នៅ​?​» ​ចម្លើយ​យ៉ាង​ខ្លី​គឺ​ ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

Advertisement

​ទោះបីជា​ការ​សិក្សា​ក្នុង​ប្រព័ន្ធ​មាន​សារៈសំខាន់​ ​ប៉ុន្តែ​អ្វី​ដែល​នឹង​ធ្វើឱ្យ​អ្នក​លេចធ្លោ​ជាង​គេ​នៅក្នុង​ទីផ្សារ​ការងារ​ និង​ការ​រស់នៅ​ គឺ​ «​សមត្ថភាព​ក្នុង​ការ​ស្វែងយល់​ ​និង​រៀនសូត្រ​អ្វី​ៗ​ថ្មី​ៗ​ដោយ​ខ្លួនឯង​» ​ឬ​ហៅ​ថា​ ​ស្វ័យ​សិក្សា​ ​(​Self​-​Education​)​។​

​ហេតុ​អ្វី​បានជា​យុវជន​ត្រូវតែ​មាន​ជំនាញ​ «​ស្វ័យ​សិក្សា​»​?​

​កាលពី​មុន​ ​ការ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​មួយ​ ​គឺ​គ្រប់គ្រាន់​អាច​ឱ្យ​យើង​រក​ការងារ​ល្អ​មួយ​បាន​។ ​ប៉ុន្តែ​បច្ចុប្បន្ន ​ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​មាន​ការ​កើនឡើង​ខ្ពស់​ ​ដែល​ធ្វើឱ្យ​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​។ ​នៅក្នុង​បទសម្ភាសន៍​ការងារ​ ​អ្វី​ដែល​អ្នក​គ្រប់គ្រង​ ​ឬ​ម្ចាស់​អាជីវកម្ម​ចង់​ឃើញ​បំផុត​ ​គឺ​ភាព​ម្ចាស់​ការ​ និង​ការ​លើកទឹកចិត្ត​ខ្លួនឯង​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​។ ​ការ​ដែល​អ្នក​អាច​បង្ហាញ​ថា​ ​អ្នក​បាន​រៀន​ចេះ​ជំនាញ​ណាមួយ​ (​ដូចជា​ ​កាត់​តវីដេអូ​ ឌីហ្សាញ ​ឬ​ភាសា​បរទេស​) ​ដោយ​ការ​ស្រាវជ្រាវ​ខ្លួនឯង​ ​គឺជា​ចំណុច​ ​ដែល​ធ្វើឱ្យ​អ្នក​លេចធ្លោ​ជាង​បេក្ខជន​ដទៃ​។​

​បង្កើត​ឧត្តមភាព​ប្រកួតប្រជែង​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​

​ទោះបីជា​មាន​ការ​ព្រួយបារម្ភ​ថា​បច្ចេកវិទ្យា ​ឬ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​អាចនឹង​ដណ្តើម​ការងារ​មនុស្ស​ ប៉ុន្តែ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​ ​បច្ចេកវិទ្យា​ថ្មី​តែងតែ​បង្កើត​ឱកាស​ការងារ​ថ្មី​ៗ​ជានិច្ច​។ ​ការ​សិក្សា​ក្នុង​ថ្នាក់រៀន​ជួនកាល​មាន​ល្បឿន​យឺត​ជាង​ការ​ប្រែប្រួល​នៃ​បច្ចេកវិទ្យា​ជាក់ស្តែង​។​ បច្ចុប្បន្ន​មាន​ឱកាស​ការងារ​ថ្មី​ៗ​ជាច្រើន​ ​ដូចជា​ ​អ្នក​កាត់​តវីដេអូ​សម្រាប់​ ​YouTube​/​TikTok​, ​អ្នកផលិត​កម្មវិធី​សំឡេង​ ​(​Podcast​ ​Producer​)​, ​អ្នកគ្រប់គ្រង​មាតិកា ​(​Content​ ​Manager​) ​ឬ​ ​អ្នកជំនាញ​គ្រប់គ្រង​បណ្តាញ​សង្គម​ ​(​Social​ ​Media​ ​Manager​) ​ជាដើម​។ ​ការងារ​ទាំង​នេះ​ ​សុទ្ធសឹងតែ​ជា​អ្វី​ដែល​អ្នក​អាច​សិក្សា​ ​និង​អនុវត្ត​បាន​ដោយ​ខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ចំណាយ​ពេល​ ​ឬ​ថវិកា​ច្រើន​ក្នុង​សាលា​ឡើយ​។​

​ជំហាន​ក្នុង​ការ​កសាង​ផ្លូវ​ស្វ័យ​សិក្សា​ឱ្យ​មាន​ប្រសិទ្ធភាព​

​ការ​រៀនសូត្រ​ដោយ​ខ្លួនឯង​អាចនឹង​ពិបាក​នៅពេល​ចាប់ផ្តើម​ដំបូង​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​អនុវត្ត​តាម​វិធីសាស្ត្រ​ជា​ប្រព័ន្ធ​ខាងក្រោម​នេះ​ ​វា​នឹង​ក្លាយជា​រឿង​ងាយស្រួល​៖​

​១.​ ​កំណត់​គោលដៅ​ឱ្យ​ច្បាស់លាស់​ ​និង​ជាក់លាក់​ ​៖​ ​កុំ​កំណត់​គោលដៅ​ទូលំទូលាយ​ពេក ​ដូចជា​ ​«​ចង់​រៀន​លេង​ព្យាណូ​» ​ឬ​ ​«​ចង់​ចេះ​ឌីហ្សាញ​»​។ ​ផ្ទុយទៅវិញ​ ត្រូវ​កំណត់​ឱ្យ​ចំ​ដូចជា​ ​«​ចង់​រៀន​លេង​បទចម្រៀង​ដែល​ខ្លួន​ចូលចិត្ត​ឱ្យ​បាន​ ​៣​ បទ​» ​ឬ​ ​«​ចង់​ចេះ​ប្រើប្រាស់​កម្មវិធី​ ​Photoshop​ ​ថ្នាក់​មូលដ្ឋាន​ដើម្បី​កាត់​រូបភាព​»​។ ​ជាមួយគ្នា​នេះ​ ត្រូវ​ដឹង​ពី​ហេតុផល​ (​Why​) ​ថា​ ​ហេតុ​អ្វី​បានជា​អ្នក​ចង់​រៀន​វា ​ដើម្បី​រក្សា​កម្លាំងចិត្ត​។​

​២.​ ​ស្វែងយល់​ពី​របៀប​រៀន​ដែល​ត្រូវ​នឹង​ខ្លួនឯង​ ​៖​ ​មនុស្ស​ម្នាក់​ៗ​មាន​វិធីសាស្ត្រ​ទទួលបាន​ចំណេះដឹង​ខុស​ៗ​គ្នា​។ ​អ្នក​ខ្លះ​រៀន​ពូកែ​តាមរយៈ​ការ​អាន​សៀវភៅ​ ​អ្នក​ខ្លះ​ចូលចិត្ត​មើល​វីដេអូ​ណែនាំ​ ​(​Tutorials​) ​ចំណែក​អ្នក​ខ្លះ​ទៀត​ចូលចិត្ត​បង្កើត​ជា​គម្រោង​សាកល្បង​ផ្ទាល់ខ្លួន​។ ​ចូល​ជ្រើសរើស​ និង​បន្សំ​វិធីសាស្ត្រ​ទាំងនោះ​ទៅ​តាម​ប្រភេទ​ជំនាញ​ដែល​អ្នក​កំពុង​រៀន​។​

​៣. ​ចាប់ផ្តើម​ពី​ប្រភព​ធនធាន​ដែល​ត្រឹមត្រូវ​ ​៖ ​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង​ ​គួរ​ស្វែងរក​មេរៀន​ ​ឬ​សៀវភៅ​ណា​ដែល​ពន្យល់​ពី​កម្រិត​មូលដ្ឋានគ្រឹះ​បំផុត​ ​(​Absolute​ ​Beginners​) ​ដើម្បី​កុំ​ឱ្យ​រំលង​ចំណុច​សំខាន់​ៗ​ ​ឬ​បង្កើត​ជា​ទម្លាប់​ខុសឆ្គង​។ ​ប្រសិនបើ​ជា​ជំនាញ​ផ្នែក​កាយសម្បទា ​ឬ​តន្ត្រី​ ​ការ​មាន​គ្រូ​ណែនាំ​ ​(​ទោះជា​តាម​អនឡាញ​) ​គឺជា​រឿង​ល្អ​ដើម្បី​ទទួលបាន​ការ​កែតម្រូវ​ទាន់​ពេល​។​

​៤.​ ​បែងចែក​ការ​រៀន​ជា​វគ្គ​ខ្លី​ៗ​ ​(​Learning​ ​Sprints​) ​៖ ​ជំនួស​ឱ្យ​ការ​រៀបចំ​ផែនការ​វែងឆ្ងាយ​រាប់​ខែ ​ដែល​ងាយ​នឹង​ធ្វើឱ្យ​ធុញទ្រាន់ ​គួរ​ងាក​មក​ប្រើ​វិធីសាស្ត្រ​ «​រៀន​ក្នុង​រយៈពេល​ ​២​ ​សប្តាហ៍​»​។​ ក្នុង​រយៈពេល​ ​២​ ​សប្តាហ៍​នេះ​ ត្រូវ​ផ្តោត​លើ​ចំណុច​តូច​មួយ​នៃ​ជំនាញ​នោះ​ឱ្យ​បាន​ច្បាស់លាស់​ ​រួច​សឹម​ផ្លាស់ប្តូរ​ទៅ​ចំណុច​មួយ​ទៀត​នៅក្នុង​វគ្គ​បន្ទាប់​។​

​៥.​ ​អនុវត្ត​ដោយ​ការ​ផ្ដោត​អារម្មណ៍​ខ្ពស់​ ​៖ ​ការ​ចំណាយ​ពេល​រាប់​ពាន់​ម៉ោង​នឹង​គ្មាន​ន័យ​ឡើយ​ ​ប្រសិនបើ​ការ​អនុវត្ត​នោះ​ធ្វើឡើង​ដោយ​គ្មាន​ការ​ផ្ដោត​អារម្មណ៍​។ ​នៅពេល​អនុវត្ត​ ​ត្រូវ​មាន​គោលបំណង​ច្បាស់លាស់​ ហ៊ាន​ប្រឈមមុខ​នឹង​ចំណុច​ខ្សោយ​របស់​ខ្លួន​ និង​ស្វែងរក​វិធី​កែ​លម្អ​វា​ជាប្រចាំ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា