របៀប​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​ ​និង​ការ​ថែរក្សា​សុខភាព​ ក្នុង​រដូវ​ទឹក​ជំនន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
របៀប​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​ ​និង​ការ​ថែរក្សា​សុខភាព​ ក្នុង​រដូវ​ទឹក​ជំនន់

របៀប​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​ ​និង​ការ​ថែរក្សា​សុខភាព​ ក្នុង​រដូវ​ទឹក​ជំនន់

​យោង​តាម​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​នៅក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​ ស្ថានភាព​ភ្លៀង​ធ្លាក់​ជោក​ជាំ​ច្រើន​ជាប់​ៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​ ​អាច​បង្កឱ្យ​កើតមាន​ជំនន់​ទឹកភ្លៀង​រហ័ស ​ព្រមទាំង​ធ្វើឱ្យ​កម្ពស់​ទឹក​ស្ទឹង​ ​ព្រែក​ ​ទន្លេ​ ​ហក់​ឡើង​ខ្ពស់​ ​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​ដែល​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទ្រព្យសម្បត្តិ​ ​និង​ជាពិសេស​គឺ​ សុខភាព​ ​និង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​។

​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​ជា​អតិបរមា ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី ​«​ការ​ការពារ​សុខភាព​ ត្រៀម​បង្ការ​ ​និង​ឆ្លើយតប​នឹង​គ្រោះ​ទឹកជំនន់​» ​ដោយ​ក្រើន​រំលឹក​ដល់​សាធារណជន​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​អនុវត្ត​តាម​វិធានការ​ណែនាំ​សំខាន់​ៗ​ជា​ ៣ ​ដំណាក់កាល​ ​ដូច​ខាង​ក្រោម​៖​

​១​. ​វិធានការ​ត្រៀម​បង្ការ​ ​(​មុនពេល​ទឹក​ជំនន់​មក​ដល់​)​

ការ​ត្រៀម​លក្ខណៈ​ទុក​ជា​មុន ​គឺ​ជា​កត្តា​កំណត់​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​៖​

  • តាម​ដាន​ព័ត៌មាន​ ៖ ត្រូវ​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​កម្ពស់​ទឹក​ជំនន់​ជា​ប្រចាំ​។​
  • ត្រៀម​ស្បៀង ​និង​ទីទួល​សុវត្ថិ​ភាព​ ៖​ ស្វែងរក​ ​និង​ត្រៀម​ទី​ទួល​សុវត្ថិ​ភាព​ដែល​នៅជិត​បំផុត​ ​ព្រមទាំង​បម្រុង​ទុក​ស្បៀងអាហារ​ ​ទឹក​ស្អាត ​និង​ឱសថសង្គ្រោះ​បន្ទាន់​។​
  • រៀបចំ​ជុំវិញ​ផ្ទះសម្បែង​ ៖ ត្រូវ​ធ្វើ​របង​ព័ទ្ធ​ ​ឬ​បោះបង្គោល​សម្គាល់​ជុំវិញ​ស្រះ​ទឹក​ ​ឬ​កន្លែង​ដែល​មាន​ទឹក​ជ្រៅ​។ ត្រូវ​ថែរក្សា​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យ​ស្អាត ​និង​សាងសង់​បង្គន់​ឱ្យ​បាន​ខ្ពស់​ផុត​ពី​ការ​លិចលង់​។

​២​.​ ​វិធានការ​ការពារ​ ​និង​ការ​រស់នៅ​ ​(​អំឡុងពេល​មាន​ទឹកជំនន់​)​

​អំឡុងពេល​ទឹក​កំពុង​ជន់​លិច​ ការ​ប្រុងប្រយ័ត្ន​ត្រូវ​អនុវត្ត​គ្រប់​ពេលវេលា​៖

  • ​សុវត្ថិភាព​ស្នាក់នៅ​ ​និង​អគ្គិសនី​៖​ ​មិន​ត្រូវ​ចូល​ទៅក្នុង​ផ្ទះ​ចាស់​ ឬ​អគារ​ទ្រុឌទ្រោម​ឡើយ​ ព្រោះ​អាច​បាក់ស្រុត​។ ​មិន​ត្រូវ​ប៉ះពាល់​គ្រឿង​បរិក្ខារ​អគ្គិសនី ​ដោយ​ដៃ​សើម​ ​ឬ​កំពុង​ឈរ​នៅក្នុង​ទឹកដាច់ខាត​។
  • ​ការ​ការពារ​ជំងឺ​ឆ្លង​៖​ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល​ ​(​ទាំង​យប់​ទាំង​ថ្ងៃ​)​ ​ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម​ ​គ្រុន​ចាញ់​ និង​ជំងឺ​ផ្សេង​ៗ​។ ត្រូវ​ងូតទឹក​ស្អាត​ជាមួយ​សាប៊ូ​ជា​ប្រចាំ​ ​ដើម្បី​បង្ការ​ជំងឺ​សើស្បែក​ ​និង​រមាស់​។
  • ​អនាម័យ​ចំណីអាហារ​ ​និង​ទឹក​ស្អាត ​៖​ ត្រូវ​ទទួលទាន​ទឹក​ស្អាត ​ដោយ​ប្រើ​ធុងចម្រោះ ដាំ​ទឹក​ឱ្យ​ពុះ ​ឬ​ប្រើប្រាស់​ថ្នាំ​ក្លរីន ​ឬ​ក្ល​រ៉ាមីន ​៥០០​ក្រាម​ ​(​២​គ្រាប់​ ​អាច​រំលាយ​ទឹក​ ២០​លីត្រ ​រួចទុក​ ​៣០​នាទី​មុន​ប្រើប្រាស់​) ​ដើម្បី​ចៀសវាង​ជំងឺ​រាគ អាសន្ន​រោគ ​ពុល​ចំណីអាហារ​ ​ឬ​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​។ ​ត្រូវ​លាង​បន្លែ​ ​ផ្លែ​ឈើ​ ​ចម្អិន​អាហារ​ឱ្យ​បាន​ឆ្អិន​ល្អ ​គ្រប​អាហារ​ជិត ​និង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ ពិសេស​មុន​-​ក្រោយ​បរិភោគ​ ​និង​ក្រោយ​ចេញ​ពី​បង្គន់​។
  • ​សុខភាព​មាតា ​ទារក ​មនុស្ស​ចាស់​ ​និង​ជន​មាន​ពិការភាព​៖​ ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវតាម​ដាន​ ​និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​កំណត់​។ បើ​ជិត​ដល់​ពេល​សម្រាល​ ​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ក្បែរ​មណ្ឌល​សុខភាព​ ​ឬ​មន្ទីរពេទ្យ​។​ ​កុមារ​តូច​ៗ​ត្រូវ​នាំ​ទៅ​ចាក់​ថ្នាំ​បង្ការ​ឱ្យ​បាន​ទៀងទាត់​។ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​ចាស់​ ​និង​ជន​មាន​ពិការភាព​ ​ដោយ​ត្រៀម​ឈើ​ច្រត់ រ​ទេះ​រុញ ​ឬ​ឱសថ​ដែល​ពួក​គាត់​ត្រូវ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។
  • ​សុវត្ថិភាព​ធ្វើដំណើរ ​និង​សត្វ​អសិរពិស​៖ ធ្វើដំណើរ​តាម​ទូក​ ​ឬ​កាណូត ​មិន​ត្រូវ​ផ្ទុក​មនុស្ស​លើស​ទម្ងន់​កំណត់​ឡើយ​ ​ហើយ​ពេលយប់​ត្រូវ​មាន​ភ្លើង​បំភ្លឺ​ ​និង​អាវ​ពោង​សុវត្ថិ​ភាព​។ ​ត្រូវ​ប្រុងប្រយ័ត្ន​ពស់​ចឹក​ ​ឬ​សត្វ​អសិរ​ពិស​ទិច ​ដោយ​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់​មុន​ឡើង​ទី​ទួល ​ឬ​ដើមឈើ​។ ​ពេល​យប់​ត្រូវ​ស្លៀក​ខោ​វែង ​ពាក់​ស្បែកជើង​ក​វែង​។ ករណី​មាន​ពស់​ចឹក​ ​ឬ​សត្វ​អសិរ​ពិស​ទិច​ ​ត្រូវ​បញ្ជូន​ជន​រងគ្រោះ​ជា​ប្រញាប់​ទៅ​មណ្ឌល​សុខភាព​ ​ឬ​មន្ទីរពេទ្យ​ដែល​នៅជិត​បំផុត​។

​៣​.​ ​វិធានការ​ស្តារ​ឡើង​វិញ​ ​(​ក្រោយពេល​ទឹក​ជំនន់​ស្រក​ចុះ​)​

ក្រោយ​ទឹក​ស្រក​ ​ហានិភ័យ​នៃ​ជំងឺ​ឆ្លង​នៅតែ​អាច​កើតមាន​៖

  • ​បន្ត​អនាម័យ​៖​ បន្ត​បរិភោគ​អាហារ​ ​និង​ទឹក​ស្អាត ​សម្រាន្ត​ក្នុង​មុង ​និង​សម្អាត​ខ្លួន​ប្រាណ​។
  • ​ត្រួតពិនិត្យ​ផ្ទះសម្បែង​៖ ពិនិត្យ​មើល​ផ្ទះ​ក្រែង​មាន​ការ​បាក់​ស្រុត ​និង​ប្រយ័ត្ន​សត្វ​អសិរពិស​ដែល​បង្កប់​ខ្លួន​។
  • សម្អាត​បរិស្ថាន ​និង​ប្រភព​ទឹក​៖​ សម្អាត​បរិស្ថាន​ជុំវិញ​ ​និង​ក្នុង​ផ្ទះ​ ​ចៀសវាង​ការ​ដក់ទឹក​ដែល​នាំឱ្យ​កើតមូស​។ ​អណ្តូង​ទឹក​ ​និង​អាង​ទឹក​ត្រូវ​តែ​ស្តារ ​និង​សម្អាត​ឡើង​វិញ​មុននឹង​ប្រើប្រាស់​ ​ព្រមទាំង​ជួសជុល​បង្គន់​ឱ្យ​បាន​ត្រឹមត្រូវ​។

​ការ​ស្វែងរក​សេវា​សុខាភិបាល​បន្ទាន់

​នៅ​គ្រប់​ដំណាក់កាល ​ប្រសិនបើ​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​ ​សូម​ស្វែងរក​ការ​ពិគ្រោះ ​ពិនិត្យ​ ​និង​ព្យាបាល​ជា​បន្ទាន់​នៅ​ ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុវត្ថិ​ភាព​ មណ្ឌល​សុខភាព​ ​ឬ​មន្ទីរពេទ្យ​ដែល​នៅជិត​លោក​អ្នក​បំផុត​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា