មិត្តភាពក្នុងវ័យជំទង់ ៖ របៀបនៃការដោះស្រាយជម្លោះ និងការកសាងភាពធន់ផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិត្តភាពក្នុងវ័យជំទង់ ៖ របៀបនៃការដោះស្រាយជម្លោះ និងការកសាងភាពធន់ផ្លូវចិត្ត

មិត្តភាពក្នុងវ័យជំទង់ ៖ របៀបនៃការដោះស្រាយជម្លោះ និងការកសាងភាពធន់ផ្លូវចិត្ត

ក្នុងដំណាក់កាលនៃវ័យជំទង់ មិត្តភក្តិប្រៀបដូចជាគ្រួសារទីពីរ។ ទំនាក់ទំនងនេះផ្តល់នូវសេចក្តីសុខ ការគាំទ្រ និងការរៀនសូត្រពីសង្គម។ ប៉ុន្តែ នៅពេលដែលមានការខ្វែងគំនិតគ្នា វាក៏អាចបង្កជាសម្ពាធផ្លូវចិត្តខ្លាំងផងដែរ។ ដូច្នេះ​ការចេះដោះស្រាយជម្លោះដោយឆ្លាតវៃ គឺជាជំនាញជីវិតដ៏សំខាន់បំផុតសម្រាប់យុវវ័យ។

Advertisement

១. ស្វែងយល់ពីឬសគល់ ដែលជម្លោះកើតឡើង

ជម្លោះមិនមែនកើតឡើងដោយគ្មានមូលហេតុនោះទេ។ ការយល់ពី “ហេតុផល” នឹងជួយឱ្យយើងមិនសូវមានអារម្មណ៍អាក់អន់ចិត្តគ្នាខ្លាំង។ ក្នុងនោះយើងត្រូវយល់ពីចំណុចមួយចំនួន ដែលអាច​នាំ​ឱ្យមានជម្លោះ ៖

ការផ្លាស់ប្តូរអត្តសញ្ញាណ ៖ ក្នុងវ័យជំទង់ ម្នាក់ៗកំពុងស្វែងរកខ្លួនឯង។ ចំណង់ចំណូលចិត្តដែលធ្លាប់តែដូចគ្នា កាលពីនៅក្មេង អាចនឹងប្រែប្រួល ដែលធ្វើឱ្យមិត្តភក្តិមានអារម្មណ៍ថា “ឃ្លាតឆ្ងាយ”។

ឥទ្ធិពលនៃបណ្តាញសង្គម ៖ ការបង្ហោះរូបភាព ការមិនចុច Like ឬការបកស្រាយខុសលើសារដែលសរសេរខ្លីៗ អាចបង្កជាការយល់ច្រឡំធំដុំ។

សម្ពាធពីក្រុម (Peer Pressure) ៖ ការចង់ឱ្យគេឯងទទួលស្គាល់ ជួនកាលធ្វើឱ្យយើងប្រព្រឹត្តអ្វីមួយដែលប៉ះពាល់ដល់អារម្មណ៍មិត្តជិតស្និទ្ធ។

២. ការដោះស្រាយជម្លោះ (Conflict Resolution)

ប្រសិនបើអ្នកកំពុងមានបញ្ហាជាមួយមិត្តភក្តិ សូមសាកល្បងអនុវត្តតាម “រូបមន្តសន្តិវិធី” ដូចជា ៖

The 24-Hour Rule ៖ ប្រសិនបើអ្នកខឹងខ្លាំង សូមកុំផ្ញើសារ ឬនិយាយអ្វីទាំងអស់។ ទុកពេល ២៤ ម៉ោងឱ្យអារម្មណ៍ត្រជាក់សិន។ ការនិយាយទាំងកំហឹង នឹងធ្វើឱ្យមិត្តភាពកាន់តែប្រេះឆា។

ការប្រើប្រាស់ “ភាសាបង្ហាញអារម្មណ៍” ៖ ជំនួសឱ្យការនិយាយថា “ឯងអាក្រក់ណាស់ ដែលដើរចោលយើងទៅលេងជាមួយអ្នកផ្សេង!” (ស្តាប់ទៅដូចជាការចោទប្រកាន់) ចូរនិយាយថា “ខ្ញុំមានអារម្មណ៍ថាឯកោ និងអន់ចិត្ត នៅពេលដែលឯងមិនបានបបួលខ្ញុំទៅជាមួយដែរ។” (វាបង្ហាញពីអារម្មណ៍ពិតរបស់អ្នក ដោយមិនផ្ដោតលើការបន្ទោស)។

ការស្តាប់ដើម្បី “យល់” មិនមែនស្តាប់ដើម្បី “ឈ្នះ” ៖ នៅពេលមិត្តភក្តិកំពុងនិយាយ ចូរព្យាយាមដាក់ខ្លួនក្នុងកាលៈទេសៈរបស់គេ។ សួរខ្លួនឯងថា “តើមានអ្វីកើតឡើងចំពោះគេ បានជាគេធ្វើបែបនេះ?”។

៣. ការកសាងភាពរឹងមាំផ្លូវចិត្ត និងការស្តារទំនាក់ទំនង

ភាពរឹងមាំមិនមែនជារបាំងដែកដែលមិនចេះឈឺចាប់ទេ ប៉ុន្តែវាគឺជាសមត្ថភាព “ងើបពីដួល” ដូច្នេះ បើដឹងថាខ្លួនឯងខុស ការសុំទោសមិនមែនជាការចាញ់ទេ ប៉ុន្តែវាបង្ហាញពីភាពចាស់ទុំ និងតម្លៃដែលអ្នកផ្តល់ឱ្យមិត្តភាពនោះ។ ទន្ទឹមនឹងនេះ ការរៀនកំណត់ព្រំដែនផ្ទាល់ខ្លួន និងការគោរពគ្នាទៅវិញទៅមក នឹងជួយឱ្យមិត្តភាពកាន់តែល្អ។

សរុបមកវិញ ជម្លោះដែល​កើត​ក្នុងវ័យជំទង់ គឺជាការបង្រៀនយើងឱ្យចេះអត់ធ្មត់ យល់ចិត្ត និងចេះសម្រុះ​សម្រួល។ មិត្តភាពដែលរឹងមាំបំផុត ជាមិត្តភាពដែលធ្លាប់ឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នា ហើយនៅតែចាប់ដៃគ្នាដើរទៅមុខទៀត៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា