កាហ្វេ និងតែ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាហ្វេ និងតែ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់

កាហ្វេ និងតែ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់

ការសិក្សាថ្មីចំនួនពីរបានបង្ហាញថា ការទទួលទានកាហ្វេ ឬតែ ប្រមាណ ២ពែងក្នុងមួយថ្ងៃ អាចជួយការពារខួរក្បាលពីការចុះខ្សោយការចងចាំ និងការគិត នៅពេលមនុស្សឈានចូលដល់វ័យចំណាស់។

លទ្ធផលនៃការសិក្សាទាំងពីរ

ការកាត់បន្ថយហានិភ័យជំងឺវង្វេងវង្វាន់៖ ការសិក្សាទីមួយបានតាមដានលើមនុស្សពេញវ័យដែលមានសុខភាពខួរក្បាលល្អប្រមាណ ៦,០០០ នាក់ (អាយុជាមធ្យម ៦៨ឆ្នាំ) អស់រយៈពេលប្រហែល ៧ឆ្នាំ។ លទ្ធផលបង្ហាញថា អ្នកដែលផឹកកាហ្វេយ៉ាងហោចណាស់ ២ពែងក្នុងមួយថ្ងៃ មានហានិភ័យកើតជំងឺវង្វេងវង្វាន់តិចជាងអ្នកមិនផឹកសោះរហូតដល់ ៣៨%។ ចំណែកអ្នកផឹកតែវិញ កាត់បន្ថយហានិភ័យបាន ៣៦% បើធៀបនឹងអ្នកមិនផឹកតែ។

ការរក្សាប្រាជ្ញា និងការដោះស្រាយបញ្ហា៖ ការសិក្សាទីពីរបានតាមដានលើមនុស្សចំនួន ៨,៤៥១ នាក់ (អាយុចាប់ពី ៦០ឆ្នាំឡើងទៅ) អស់រយៈពេលប្រមាណ ៩ឆ្នាំ ដោយផ្តោតលើសមត្ថភាពគិតពិចារណា និងការដោះស្រាយបញ្ហា (Fluid intelligence)។ អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលផឹកកាហ្វេពី ១ ទៅ ៣ពែងក្នុងមួយថ្ងៃ មានការថយចុះសមត្ថភាពគិតតិចជាងអ្នកដែលផឹកចាប់ពី ៤ពែងឡើងទៅ។ រីឯអ្នកដែលផឹកតែយ៉ាងតិច ១ពែងក្នុងមួយថ្ងៃ ក៏ជួយរក្សាសមត្ថភាពខួរក្បាលបានល្អជាងអ្នកមិនផឹកតែទាល់តែសោះដែរ។

ហេតុអ្វីបានជាកាហ្វេ និងតែ មានប្រយោជន៍ដល់ខួរក្បាល?

លោកវេជ្ជបណ្ឌិត Frank B. Hu ប្រធានផ្នែកអាហារូបត្ថម្ភនៅសាលាសុខភាពសាធារណៈ Harvard T.H. Chan បានពន្យល់ថា អត្ថប្រយោជន៍នេះទំនងជាមកពីសារធាតុ ប៉ូលីហ្វេណុល (Polyphenols) ដែលមានច្រើននៅក្នុងកាហ្វេ និងតែ។ សារធាតុផ្សំពីរុក្ខជាតិនេះ មានតួនាទីប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាខួរក្បាលឱ្យនៅរឹងមាំ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Glen Finney អ្នកជំនាញផ្នែកប្រព័ន្ធប្រសាទ បានបន្ថែមថា សារធាតុកាហ្វេអ៊ីនក្នុងកម្រិតសមល្មម ជួយឱ្យខួរក្បាលផ្ចង់អារម្មណ៍បានល្អ និងគិតបានរហ័ស។តែអ្នកជំនាញបានព្រមានថា អ្វីក៏ដោយឱ្យតែលើសកម្រិតសុទ្ធតែមិនល្អ។ ការផឹកកាហ្វេច្រើនជ្រុល (ចាប់ពី ៤ពែងឡើងទៅក្នុងមួយថ្ងៃ) អាចធ្វើឱ្យខួរក្បាលទទួលជាតិកាហ្វេអ៊ីនលើសកម្រិត ដែលបណ្តាលឱ្យការគិតធ្លាក់ចុះទៅវិញ។ លើសពីនេះ លោកវេជ្ជបណ្ឌិត Yu Chen ពីសាកលវិទ្យាល័យញូវយ៉ក បានលើកឡើងថា កាហ្វេក៏មានផ្ទុកសារធាតុម្យ៉ាងឈ្មោះថា Cafestol ដែលអាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលឡើងខ្ពស់ និងប៉ះពាល់អវិជ្ជមានដល់ការគិត ប្រសិនបើទទួលទានច្រើនពេក។

ដូច្នេះ ការទទួលទានកាហ្វេ ឬតែ ក្នុងកម្រិតសមល្មម (១ ទៅ ២ពែងក្នុងមួយថ្ងៃ) គួបផ្សំជាមួយការរស់នៅបែបសុខភាពល្អ គឺជាជម្រើសដ៏ប្រសើរសម្រាប់ថែរក្សាសុខភាពខួរក្បាល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា