លំហាត់ប្រាណ ៦ ប្រភេទជួយការពារខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លំហាត់ប្រាណ ៦ ប្រភេទជួយការពារខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់

លំហាត់ប្រាណ ៦ ប្រភេទជួយការពារខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់

ការហាត់ប្រាណមិនត្រឹមតែជួយឱ្យបេះដូងមានសុខភាពល្អ ពង្រឹងសាច់ដុំ និងលើកកម្ពស់អារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ ប៉ុន្តែការសិក្សាវេជ្ជសាស្ត្រជាច្រើនបង្ហាញថា សកម្មភាពរាងកាយជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃ «ជំងឺវង្វេងវង្វាន់» (Dementia) ឬការបាត់បង់ការចងចាំ និងសមត្ថភាពគិតពិចារណាបានយ៉ាងមានប្រសិទ្ធភាព។

ទោះបីជាកត្តាមួយចំនួនដូចជា អាយុ ពូជអំបូរ និងហ្សែន មិនអាចគ្រប់គ្រងបាន ប៉ុន្តែការសិក្សាស្រាវជ្រាវបានរកឃើញថា មនុស្សពេញវ័យដែលមិនសូវធ្វើចលនារាងកាយ ប្រឈមមុខនឹងការធ្លាក់ចុះសមត្ថភាពខួរក្បាលខ្ពស់ជាងមនុស្សសកម្មរហូតដល់ជិត ២ ដង។

លំហាត់ប្រាណ ៦ ប្រភេទដែលល្អបំផុតសម្រាប់ខួរក្បាល

១. ការដើរ (Walking) ៖ ការដើរគឺជាវិធីសាមញ្ញ និងងាយស្រួលបំផុតក្នុងការថែរក្សាការចងចាំ ដោយមិនចាំបាច់ចំណាយពេលរាប់ម៉ោងនោះទេ។ ការសិក្សាបង្ហាញថា មនុស្សដែលដើរបានត្រឹមតែ ៣,៨០០ ជំហានក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យជំងឺវង្វេងបាន ២៥% ហើយប្រសិនបើបង្កើនរហូតដល់ ៩,៨០០ ជំហានក្នុងមួយថ្ងៃ ផលប្រយោជន៍ដល់ខួរក្បាលរឹតតែខ្ពស់។

២. ការរាំ (Dancing) ៖ ការរាំផ្តល់អត្ថប្រយោជន៍ពិសេសលើសពីចលនាបេះដូងធម្មតា ពីព្រោះអ្នករាំតម្រូវឱ្យចងចាំក្បាច់ និងចលនាថ្មីៗ។ ការភ្ញោចខួរក្បាលតាមរយៈការរៀនក្បាច់រាំ រួមផ្សំនឹងសកម្មភាពរាងកាយ បានជួយពង្រឹងការតភ្ជាប់រវាងកោសិកាប្រសាទក្នុងខួរក្បាលយ៉ាងរឹងមាំ។

៣. លំហាត់ប្រាណបេះដូង ឬអេរ៉ូប៊ិកផ្សេងៗ (Aerobic Exercises) ៖ ការស្រាវជ្រាវភាគច្រើនបញ្ជាក់ថា លំហាត់ប្រាណដែលជំរុញចង្វាក់បេះដូងឱ្យដើរញាប់ និងដកដង្ហើមវែងៗ មានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ខួរក្បាល នៅពេលធ្វើឡើងក្នុងកម្រិតមធ្យម (ប្រមាណកម្រិត ៥ ដល់ ៧ លើរង្វាស់ពី ០ ដល់ ១០)។ ក្នុងនោះជម្រើសពេញនិយម ដែលគេតែងធ្វើរួមមាន រត់, ហែលទឹក, ជិះកង់, អុំទូក, លោតអន្ទាក់, វាយកូនបាល់ (Tennis/Pickleball), ឡើងភ្នំ ឬកីឡាបាល់ទាត់/បាល់ទះ។

៤. ការហ្វឹកហាត់កម្លាំង និងលើកទម្ងន់ (Strength Training) ៖ អ្នកជំនាញសរីរវិទ្យានៃការហាត់ប្រាណលោក Michael Stack បញ្ជាក់ថា ការហ្វឹកហាត់កម្លាំងសាច់ដុំជួយជំរុញសារធាតុប្រូតេអ៊ីន BDNF (Brain-Derived Neurotrophic Factor) ដែលដើរតួដូចជា «ជីបំប៉នសម្រាប់ខួរក្បាល» ជួយឱ្យកោសិកាប្រសាទរឹងមាំ។ សម្រាប់មនុស្សវ័យចំណាស់ ការហាត់ពង្រឹងសាច់ដុំផ្តល់ផលចំណេញច្រើនបំផុតទាំងការគិត និងសមត្ថភាពរាងកាយ។

៥. សកម្មភាពប្រចាំថ្ងៃទូទៅ (Daily Activities) ៖ មិនចាំបាច់ទាល់តែទៅកន្លែងហាត់ប្រាណ (Gym) នោះឡើយ។ រាល់សកម្មភាពដែលធ្វើឱ្យបេះដូងកម្រើកបន្តិចបន្តួចដូចជា ការលេងជាមួយកូនៗ លាងឡាន ធ្វើសួន ឬបោសសម្អាតផ្ទះ សុទ្ធតែជួយការពារខួរក្បាលបាន។ ចំពោះមនុស្សចាស់ សកម្មភាពទាំងនេះទាមទារថាមពលច្រើន ដែលអាចរាប់ជាការហាត់ប្រាណប្រចាំថ្ងៃបានយ៉ាងល្អ។

៦. យូហ្គា (Yoga) ៖ ការរួមបញ្ចូលគ្នារវាងការធ្វើចលនារាងកាយ និងការតាំងចិត្ត (Mind-body practice) ជួយកាត់បន្ថយភាពតានតឹង ជំងឺបាក់ទឹកចិត្ត និងពន្យឺតការរួមតូចនៃមាឌខួរក្បាលដែលតែងកើតឡើងទៅតាមវ័យ ដែលជាកត្តារួមចំណែកការពារការចុះខ្សោយនៃការចងចាំ។

ចំណុចគួរកត់សម្គាល់៖ ការសិក្សាថ្មីមួយបានរកឃើញថា សូម្បីតែការធ្វើសកម្មភាពរាងកាយត្រឹមតែ ៣៥ នាទីក្នុងមួយសប្តាហ៍ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់បានរហូតដល់ ៤១% បើធៀបនឹងអ្នកមិនធ្វើសកម្មភាពទាល់តែសោះ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា