វិន័យ​ទាំង ៤ ​ដើម្បី​ផ្តោត​លើ​ភាព​ចាំបាច់​ ​និង​រំដោះ​ខ្លួន​ពី​ភាព​រវល់​គ្មាន​ន័យ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិន័យ​ទាំង ៤ ​ដើម្បី​ផ្តោត​លើ​ភាព​ចាំបាច់​ ​និង​រំដោះ​ខ្លួន​ពី​ភាព​រវល់​គ្មាន​ន័យ​

វិន័យ​ទាំង ៤ ​ដើម្បី​ផ្តោត​លើ​ភាព​ចាំបាច់​ ​និង​រំដោះ​ខ្លួន​ពី​ភាព​រវល់​គ្មាន​ន័យ​

​នៅក្នុង​យុគសម័យ​ឌីជីថល​ដែល​ព័ត៌មាន​ហូរ​ហៀរ ​និង​សម្ពាធ​សង្គម​រុញ​ច្រាន​ឱ្យ​មនុស្ស​ម្នាក់​ៗ​ខិតខំ​ ​«​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​» ​មនុស្ស​ជា​ច្រើន​កំពុង​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នៃ​ភាព​នឿយ​ហត់​រ៉ាំរ៉ៃ​ ​(​Burnout​)​។​ ​យើង​ច្រើន​យល់​ច្រឡំ​ថា​ ភាព​រវល់ ​គឺ​ជា​ ​ផលិតភាព​។ ​ប៉ុន្តែ​នៅក្នុង​សៀវភៅ​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក​ ​«​Essentialism​:​ The ​Disciplined Pursuit ​of ​Less​»​ និពន្ធ​ដោយ​ ​Greg McKeown ​បាន​បង្ហាញ​ទស្សនទាន​ផ្ទុយទាំងស្រុង​ ​«​ធ្វើឱ្យ​តិច ​ប៉ុន្តែ​ធ្វើឱ្យ​ចំ ​និង​ល្អ​បំផុត​» ​(​Less ​but ​better​)។

ការ​រស់នៅ​បែប​ ​Essentialism ​មិន​មែន​ជា​ការ​កាត់បន្ថយ​ព្រោះតែ​ខ្ជិល​ច្រអូស​នោះ​ទេ​ តែ​វា​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​រៀបចំ​ជីវិត ​និង​ការងារ​ ​ដើម្បី​កុំ​ឱ្យ​ថាមពល​របស់​យើង​ត្រូវ​បែងចែក​ទៅកាន់​ទិសដៅ​ដែល​គ្មាន​ប្រយោជន៍។

​ខាង​ក្រោម​នេះ​ជា​វិន័យ​ស្នូល​ទាំង ៤ ​ផ្អែក​លើ​គោលការណ៍​របស់​ ​Greg McKeown ​ដែល​នឹង​ជួយ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ ​និង​របៀបរបប​នៃ​ការ​ធ្វើការងារ​របស់​អ្នក​៖

​១​.​ ​ជម្រើស​គឺជា​អំណាច​របស់​អ្នក​

​«​នៅពេល​ដែល​យើង​បោះបង់​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ នោះ​អ្នក​ដទៃ​នឹង​ជ្រើសរើស​ជំនួស​យើង​»​។ ​មនុស្ស​ជា​ច្រើន​តែង​មាន​អារម្មណ៍​ថា​ ​ខ្លួន​ ​«​គ្មាន​ជម្រើស​» ​ហើយ​ត្រូវតែ​បង្ខំ​ចិត្ត​ទទួល​យក​គ្រប់​សំណើ ​និង​ការងារ​ដែល​គេ​ប្រគល់​ឱ្យ​។ ​ប៉ុន្តែ​តាមពិត​ទៅ​ ​ជម្រើស​គឺជា​អំណាច​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក​ជានិច្ច​។ ​កុំ​បណ្តោយ​ឱ្យ​អ្នក​ដទៃ​ជា​អ្នក​គូស​វាស​ផ្លូវ​ឱ្យ​អ្នក​។ ​អ្នក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេចចិត្ត​ថា​ ​តើ​ពេលវេលា​និង​ថាមពល​របស់​អ្នក​ ​គួរ​វិនិយោគ​ទៅលើ​អ្វី​ខ្លះ​ដើម្បី​បង្កើត​តម្លៃ​ពិតប្រាកដ។​

​២​.​ ​ហ៊ាន​និយាយ​ពាក្យ​ ​«​ទេ​» ​ដោយ​សេចក្តី​ថ្លៃថ្នូរ

ការ​បដិសេធ​កិច្ចការ​ដែល​មិន​សូវ​សំខាន់ ​មិន​មែន​ជា​ភាព​អត្មា​និយម ​ឬ​ភាព​កំសាក​ឡើយ​ ​ផ្ទុយទៅវិញ​ ​វា​ជា​ការ​រក្សាទុក​កម្លាំងចិត្ត​ ​និង​ពេលវេលា​ដើម្បី​បំពេញ​រឿង​ដែល​សំខាន់​បំផុត​ឱ្យ​បាន​ល្អ​ឥត​ខ្ចោះ។

​Greg McKeown ​បាន​លើកឡើង​អំពី​គោលការណ៍​ ​Trade​-​off ​(​ការ​ដោះដូរ​) ​នៅពេល​អ្នក​និយាយ​ពាក្យ​ ​«​យល់ព្រម​»​ ​ទៅកាន់​រឿង​ដែល​មិន​ចាំបាច់​ ​មាន​ន័យ​ថា​ ​អ្នក​កំពុង​និយាយ​ពាក្យ​ ​«​ទេ​» ​ទៅកាន់​ពេលវេលា​គ្រួសារ​ ​សុខភាព ​ឬ​គម្រោង​ស្នូល​នៃ​ជីវិត​របស់​អ្នក​ហើយ​។ ​ចូរ​រៀន​បដិសេធ​ដោយ​ភាព​ទន់ភ្លន់​ ​តែ​ម៉ឺងម៉ាត់ ​និង​ច្បាស់លាស់។

​៣​.​ ​គុណភាព​ ​សំខាន់​ជាង​បរិមាណ​

​កុំ​ព្យាយាម​ប្រឹងប្រែង​ធ្វើ​រឿង​ ​១០០ ​មុខ​ឱ្យ​បាន​ត្រឹមតែ​កម្រិត​មធ្យម​ តែ​ត្រូវ​ជ្រើសរើស​ធ្វើ​រឿង​តែ​ ១ ​មុខ​ឱ្យ​បាន​លទ្ធផល​ល្អ​កម្រិត​កំពូល។ ​នៅក្នុង​សៀវភៅ​ ​Essentialism ​មាន​រូប​គំនូរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​៖​

​អ្នក​ដែល​មិន​ផ្តោត ​(​Non​-​Essentialist​)​ ​៖​ ​បញ្ចេញ​កម្លាំង​ទៅ​គ្រប់​ទិសដៅ​ ​ប៉ុន្តែ​បោះជំហាន​ទៅ​មុខ​បាន​ត្រឹមតែ​មួយ​មីលីម៉ែត្រ​ប៉ុណ្ណោះ​លើ​គ្រប់​ផ្លូវ​។

​អ្នក​ដែល​ផ្តោត​លើ​ភាព​ចាំបាច់​ ​(​Essentialist​)​៖​ ប្រមូលផ្តុំ​កម្លាំង​ទាំងអស់​រុញ​ទៅលើ​ទិស​ដៅ​តែ​មួយ ​ដែល​នាំឱ្យ​សម្រេចបាន​នូវ​ការ​ទម្លុះ​ទម្លាយ ​និង​ជោគជ័យ​កម្រិត​ខ្ពស់​។

​លទ្ធផល​ការងារ​ពិតប្រាកដ​មិន​ត្រូវ​បាន​វាស់វែង​ដោយ​ចំនួន​កិច្ចការ​ដែល​អ្នក​បាន​ប៉ះពាល់​នោះ​ទេ ​ប៉ុន្តែ​វាស់វែង​លើ​ទំហំ​ផល​ជះ ​(​Impact​)​ ​ដែល​អ្នក​បាន​បង្កើត​។

​៤​.​ ​បង្កើត​ចន្លោះ ​(​Buffer​)​ ​សម្រាប់​រឿង​បន្ទាន់

​កំហុសឆ្គង​ដ៏​ធំ​បំផុត​មួយ​នៃ​ការ​រៀបចំ​ផែនការ​ ​គឺ​ការ​សន្មត​ថា​ ​«​អ្វី​ៗ​នឹង​ដំណើរការ​ទៅ​ដោយ​រលូន​ឥត​ខ្ចោះ​»​។ ​កុំ​រៀបចំ​កាលវិភាគ​ការងារ​ណែន​តាន់តាប់​រហូតដល់​គ្មាន​ពេល​ដកដង្ហើម​។

​យោង​តាម​ទ្រឹស្តី​ ​Essentialism ​បុគ្គល​ដែល​ពូកែ​រៀបចំ​កាលវិភាគ​ តែងតែ​បង្កើត​ Buffer ​(​ទុន​បម្រុង​នៃ​ពេលវេលា​)​ ​ប្រមាណ​ ​២០​%​ ​ទៅ​ ​៥០​%​ ​បន្ថែម​លើ​ការ​ប៉ាន់ស្មាន​ធម្មតា​។ ចន្លោះ​ទំនេរ​នេះ​ ​មិន​មែន​ជា​ការ​ខ្ជះខ្ជាយ​ពេល​ទេ ​ប៉ុន្តែ​ជា​ខែល​ការពារ​អ្នក​ពី​ភាព​តានតឹង​ ​និង​ជា​លំហ​សម្រាប់​ដោះស្រាយ​បញ្ហា​បន្ទាន់​ដែល​កើតឡើង​ដោយ​មិន​នឹកស្មាន​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា