FIFA បានអញ្ជើញជនជាតិអាស៊ីម្នាក់ដែលជួបទង្វើមិនសមរម្យ ក្នុងអំឡុងការប្រកួត World Cup ដើម្បីចូលរួមផ្សព្វផ្សាយប្រឆាំងការមាក់ងាយ និងការរើសអើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
FIFA បានអញ្ជើញជនជាតិអាស៊ីម្នាក់ដែលជួបទង្វើមិនសមរម្យ ក្នុងអំឡុងការប្រកួត World Cup ដើម្បីចូលរួមផ្សព្វផ្សាយប្រឆាំងការមាក់ងាយ និងការរើសអើង

FIFA បានអញ្ជើញជនជាតិអាស៊ីម្នាក់ដែលជួបទង្វើមិនសមរម្យ ក្នុងអំឡុងការប្រកួត World Cup ដើម្បីចូលរួមផ្សព្វផ្សាយប្រឆាំងការមាក់ងាយ និងការរើសអើង

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសអញ្ជើញកញ្ញា Yoon Soo-jin ដែលជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) ជនជាតិកូរ៉េខាងត្បូង ឱ្យចូលរួមទស្សនាការប្រកួតរវាងកូរ៉េខាងត្បូង និងម៉ិកស៊ិក ក្នុងព្រឹត្តិការណ៍ World Cup 2026 ជាផ្លូវការ បន្ទាប់ពីរូបនាងរងការមាក់ងាយ ដោយកាយវិការមិនសមរម្យ​នៅក្នុងអំឡុងពេលនាងទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទល់នឹងសាធារណរដ្ឋឆែក​ ដើម្បីរួមគ្នាផ្សព្វផ្សាយសារស្តីពីការប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍។

Advertisement

កាលពីថ្ងៃទី ១២ ខែមិថុនាកន្លងទៅ កញ្ញា Yoon Soo-jin​ បានជួបហេតុការមិនសមរម្យនៅក្នុងអំឡុងការប្រកួតរវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង ទល់នឹងសាធារណរដ្ឋឆែក ដោយមានបុរសម្នាក់បានធ្វើកាយវិការយកម្រាមដៃពីរទាញភ្នែក ដែលនេះជាទង្វើខ្វះការគោរព តំណាងឱ្យការមើលងាយ និងដៀលត្មះចំពោះជនជាតិអាស៊ី។ បុរសម្នាក់នោះមានឈ្មោះថា Ulises Fernando Bernal Miramontes ដែលមានតួនាទីជាប្រធានវិទ្យាស្ថានវិស្វករព័ត៌មានវិទ្យាភូមិសាស្ត្រ និងវាស់វែងគំនូសផែនដីនៃរដ្ឋ Jalisco (CITGEJ)​ ហើយបុគ្គលរូបនេះបានចេញមកសុំទោសជាសាធារណៈចំពោះទង្វើមិនសមរម្យ និងបានលាលែងពីតំណែងរបស់ខ្លូនដើម្បីជាការទទួលខុសត្រូវចំពោះសកម្មភាពមិនគម្បីរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់សហព័ន្ធ FIFA កាលពីថ្ងៃទី ១៧ ខែមិថុនា បានឱ្យដឹងថា៖ «កញ្ញា Yoon Soo-jin បានទទួលយកការអញ្ជើញ ដើម្បីចូលរួមទស្សនាការប្រកួតវគ្គចែកពូល នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នៅតំបន់អាមេរិកខាងជើង រវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងម៉ិកស៊ិក ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Guadalajara នាថ្ងៃទី ១៩ ខាងមុខនេះ»

សហព័ន្ធកីឡាបាល់ទាត់ពិភពលោកមួយនេះបានគូសបញ្ជាក់ថា៖ «ថ្ងៃប្រកួតនោះ ក៏ជាថ្ងៃយុទ្ធនាការប្រឆាំងនឹងការសម្តែងការស្អប់ខ្ពើមជាជាសកលផងដែរ យើងនឹងរួមគ្នាជាមួយកញ្ញា Yoon Soo-jin ដើម្បីបញ្ជូនសារស្តីពីការបើកចំហរាប់បញ្ចូល និងការផ្តល់សេចក្តីថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក»

គួររំឭកផងដែរថា បន្ទាប់ពីបញ្ចប់ការទស្សនាការប្រកួតបើកឆាកក្នុងវគ្គចែកពូលរវាងកូរ៉េខាងត្បូង និងសាធារណរដ្ឋឆែក កាលពីថ្ងៃទី ១២ ខែមិថុនាកន្លងទៅ កញ្ញា Yoon Soo-jin បានទម្លាយវីដេអូនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដែលបង្ហាញពីសកម្មភាពមិនសមរម្យដែលនាងបានជួបប្រទះ។

នៅក្នុងវីដេអូឃ្លីបនោះ បានបង្ហាញពីបុរសម្នាក់ដែលស្ថិតនៅពីក្រោយកញ្ញា Yoon Soo-jin បានធ្វើកាយវិការយកម្រាមដៃពីរទាញភ្នែកឱ្យតូចចង្អៀត ដែលនេះជាទង្វើខ្វះការគោរព តំណាងឱ្យការមើលងាយ និងដៀលត្មះចំពោះជនជាតិអាស៊ី។

ក្រោយពេលរឿងរ៉ាវចម្រូងចម្រាសនេះបានរីករាលដាល សហព័ន្ធ FIFA បានបើកការស៊ើបអង្កេតជាបន្ទាន់ ដោយបានបញ្ជាក់ថា ខ្លួនបានកំណត់អត្តសញ្ញាណជនបង្កហេតុ និងបានសម្រេចបិទគណនីទិញសំបុត្រចូលទស្សនារបស់បុគ្គលនោះជាស្ថាពរ។

ស្ថាប័នបាល់ទាត់ពិភពលោកបានសង្កត់ធ្ងន់ថា៖ «យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទម្រង់នៃការរើសអើង និងការប្រកាន់ពណ៌សម្បុរ។ ទង្វើអសីលធម៌បែបនេះ មិនត្រូវអនុញ្ញាតឱ្យកើតមានឡើងជាដាច់ខាត ទាំងនៅក្នុងវិស័យបាល់ទាត់ ក្នុងព្រឹត្តិការណ៍ World Cup ឬនៅក្នុងស្រទាប់សង្គមណាមួយឡើយ»

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសម៉ិកស៊ិក បានឱ្យដឹងថា ជនបង្កហេតុត្រូវបានគេស្គាល់អត្តសញ្ញាណគឺលោក Ulises Fernando Bernal Miramontes ដែលមានតួនាទីជាប្រធានវិទ្យាស្ថានវិស្វករព័ត៌មានវិទ្យាភូមិសាស្ត្រ និងវាស់វែងគំនូសផែនដីនៃរដ្ឋ Jalisco (CITGEJ)។

បុគ្គលរូបនេះបានចេញសុំទោសជាសាធារណៈដោយលើកឡើងថា៖ «ក្នុងនាមជាម្ចាស់ផ្ទះ ខ្ញុំតែងប្រាថ្នាចង់ឱ្យជនបរទេសដែលមកកម្សាន្តនៅប្រទេសម៉ិកស៊ិកមានអារម្មណ៍កក់ក្តៅដូចនៅផ្ទះរបស់ខ្លួន ប៉ុន្តែខ្ញុំបែរជាធ្វើទង្វើដ៏ខុសឆ្គងផ្ទុយស្រឡះពីនេះទៅវិញ។ ខ្ញុំសូមខមាទោសយ៉ាងជ្រាលជ្រៅចំពោះកញ្ញា Yoon Soo-jin សហគមន៍ជនជាតិកូរ៉េ ក៏ដូចជាសាធារណជនទាំងអស់ដែលបានខកចិត្តចំពោះទង្វើរបស់ខ្ញុំ»

ជាលទ្ធផលនៃសម្ពាធសង្គម និងកំហុសឆ្គងនេះ បុគ្គលរូបនោះបានសម្រេចចិត្តលាលែងពីតំណែងជាប្រធានសមាគមហើយ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងម៉ិកស៊ិក នឹងត្រូវជួបប្រកួតគ្នាក្នុងជំនួបជុំទីពីរនៃពូល A នៅក្នុងទីក្រុង Guadalajara នាថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលសហព័ន្ធ FIFA គ្រោងនឹងប្រើប្រាស់ការប្រកួតដ៏ធំនេះ ដើម្បីផ្សព្វផ្សាយ និងបញ្ជូនសាររួមគ្នាក្នុងការប្រឆាំងការរើសអើងជាសកល៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា