កំណត់ត្រាប្រវត្តិសាស្ត្រ! ស្រួង ភាវី សងសឹកបានសម្រេច គ្រងជើងឯក LPBA លើកទី១០ ក្រោយផ្តួលអធិរាជប៊ីយ៉ា Kim Ga-young | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណត់ត្រាប្រវត្តិសាស្ត្រ! ស្រួង ភាវី សងសឹកបានសម្រេច គ្រងជើងឯក LPBA លើកទី១០ ក្រោយផ្តួលអធិរាជប៊ីយ៉ា Kim Ga-young

កំណត់ត្រាប្រវត្តិសាស្ត្រ! ស្រួង ភាវី សងសឹកបានសម្រេច គ្រងជើងឯក LPBA លើកទី១០ ក្រោយផ្តួលអធិរាជប៊ីយ៉ា Kim Ga-young

កីឡាការិនី ស្រួង ភាវី​​ ( Sruong Pheavy អាយុ ៣៥ឆ្នាំ, ក្រុម Woori Financial Group) បានយកឈ្នះ «អធិរាជប៊ីយ៉ា» Kim Ga-young (អាយុ ៤៣ឆ្នាំ, ក្រុម Hana Card) ដើម្បីឈានទៅសម្រេចបាននូវកំណត់ត្រាដ៏អស្ចារ្យ គឺការឈ្នះពានរង្វាន់ LPBA ចំនួន ១០លើក ក្នុងអាជីពរបស់នាង។

Advertisement

កាលពីថ្ងៃទី១០ កន្លងទៅនេះ ស្រួង ភាវី បានគ្រងតំណែងជើងឯក បន្ទាប់ពីបានទម្លាក់កីឡាការិនី Kim Ga-young ក្នុងលទ្ធផល ៤ ទល់ ២ គឺ​ជុំ​ទី១ ឈ្នះ​ដោយ​ពិន្ទុ ១១-៥, ជុំ​ទី២ ឈ្នះ​ដោយ​ពិន្ទុ ១១-៨, ជុំ​ទី៣ ចាញ់​ដោយ​ពិន្ទុ ៦-១១, ជុំ​ទី​៤​ ចាញ់​ដោយ​ពិន្ទុ ៣-១១ ប៉ុន្តែ​ជុំ​ទី​៥ ឈ្នះ​ដោយ​ពិន្ទុ ១១-៨ និង​ជុំ​ទី​៦ ឈ្នះ​ដោយ​ពិន្ទុ​យ៉ាង​ប្រផុតប្រផើយ​បំផុត​គឺ ១១-១០ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ LPBA នៃព្រឹត្តិការណ៍ ‘High1 Resort PBA-LPBA Championship’ ដែលជាការប្រកួតទេសចរណ៍ (Tour) លើកទីពីរ នៃរដូវកាលប៊ីយ៉ាអាជីពឆ្នាំ ២០២៦-២៧ ធ្វើឡើងនៅ Convention Tower នៃសណ្ឋាគារ High1 Resort Grand Hotel ក្នុងស្រុក Jeongseon-gun ខេត្ត Gangwon-do។

ជាមួយនឹងជ័យជម្នះនេះ ភាវី បានវិលត្រឡប់ទៅរកកំពូលតារាងវិញ ក្នុងរយៈពេល ១០ខែ បន្ទាប់ពីការឈ្នះពានរង្វាន់ Tour លើកទី៣ កាលពីរដូវកាលមុន (NHCard LPBA Charity Championship)។ គួររំលឹកផងដែរថា បន្ទាប់ពីជ័យជម្នះកាលណោះ នាងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃ Tour លើកទី៤ភ្លាមៗ (SY VÉRITÉ HOMME LPBA Championship) ប៉ុន្តែបានត្រឹមតំណែងជើងឯករង បន្ទាប់ពីចាញ់ Kim Ga-young ហើយនៅពេលនេះ នាងបានសងសឹកបានសម្រេចនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។

ជាងនេះទៅទៀត ស្រួង ភាវី សម្រេចបានការឈ្នះជើងឯកលើកទី១០ របស់នាង ក្នុងការចូលរួមប្រកួត Tour លើកទី៤៩ ចាប់តាំងពីនាងបានបង្ហាញខ្លួនដំបូងក្នុងកម្មវិធី LPBA ក្នុងអំឡុងពេល Tour លើកទី៥ នៃរដូវកាល ២០២០-២១ (Welcome Saving Bank LPBA Championship) ដោយក្លាយជាកីឡាការិនីទីពីរ ដែលឈានដល់ការឈ្នះពានរង្វាន់ LPBA ចំនួន ១០លើក បន្ទាប់ពី Kim Ga-young (ឈ្នះ ១៩លើក)។ បន្ថែមពីនេះ តាមរយៈការទទួលបានប្រាក់រង្វាន់ចំនួន ៤០លានវ៉ុន​(ជាង ៣ ម៉ឺន​ដុល្លា) សម្រាប់ការឈ្នះពាននេះ ប្រាក់ចំណូលសរុបរបស់នាងបានកើនឡើងរហូតដល់ជាង ៤២៣.៤២លានវ៉ុន ​(ប្រហែល ៣០ ម៉ឺន​ដុល្លា) ដែលធ្វើឱ្យនាងក្លាយជាកីឡាការិនីទីពីរ បន្ទាប់ពី Kim Ga-young (៩៧៣.១៣លានវ៉ុន​ ប្រហែល ៧០ ម៉ឺន​ដុល្លា) ដែលមានប្រាក់រង្វាន់សរុបកើនលើសពី ៤០០លានវ៉ុន។

ចំណែកឯកីឡាការិនី Kim Ga-young ដែលបានបង្កើតកំណត់ត្រាពិន្ទុមធ្យម (Average) ខ្ពស់បំផុតលំដាប់ទីបីក្នុងប្រវត្តិសាស្ត្រ LPBA ជាមួយនឹងពិន្ទុ ៣.១២៥ ក្នុងការប្រកួតវគ្គ ៦៤នាក់ចុងក្រោយ ជាមួយកីឡាការិនី Go Eun-kyung នោះ គឺទទួលបានរង្វាន់ ‘Welcome Top Ranking’ (ប្រាក់រង្វាន់ ២លានវ៉ុន ប្រហែល ១,៥០០ ដុល្លារ) ដែលជារង្វាន់ផ្តល់ជូនកីឡាករ ឬកីឡាការិនីដែលមានពិន្ទុមធ្យមខ្ពស់បំផុតក្នុងការប្រកួតតែមួយ។

ភាវី បានក្តោបក្តាប់ប្រៀបឈ្នះតាំងពីដើមទី នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។ ខណៈពេលដែល ភាវី រកបាន ៦ពិន្ទុ ក្នុងរយៈពេល ៣អ៊ីននីង (វេនវាយ​) កីឡាការិនី Kim Ga-young បានជួបការលំបាក និងវាយខុសបច្ចេកទេសចាប់ពីអ៊ីននីងទី៤ ដល់ទី៦។ ជាលទ្ធផល ភាវី បានឈ្នះជុំ​ទី១ក្នុងលទ្ធផល ១១-៥ បន្ទាប់ពីឆ្លងកាត់ ១៥អ៊ីននីង។ ដោយរក្សាបាននូវសន្ទុះនេះ ភាវី បានបន្តឈ្នះជុំ​ទី២ក្នុងលទ្ធផល ១១-៨ ក្នុងរយៈពេល ១២អ៊ីននីង ដោយបានទុកឱ្យ Kim Ga-young នៅទ្រឹងត្រឹម ៨ពិន្ទុ ចាប់ពីអ៊ីននីងទី៦ ពោលគឺធ្វើឱ្យគម្លាតពិន្ទុតាមជុំ​នាំមុខ ២-០។

Kim Ga-young បានប្រមូលអារម្មណ៍មកវិញ ចាប់តាំងពីសេតទីបី។ បន្ទាប់ពីរកបាន ១១ពិន្ទុ ក្នុងរយៈពេលត្រឹមតែ ១០អ៊ីននីង ដើម្បីឈ្នះជុំ​នោះក្នុងលទ្ធផល ១១:៦ នាងបានតាមស្មើពិន្ទុយ៉ាងលឿន ដោយឈ្នះជុំ​ទី៤ ក្នុងលទ្ធផល ១១:៣ ក្នុងរយៈពេលត្រឹមតែ ៦អ៊ីននីងប៉ុណ្ណោះ។

ស្រួង ភាវី ដែលត្រូវបានគូប្រកួតតាមស្មើភ្លាមៗនោះ បានដណ្តើមការនាំមុខមកវិញ ដោយការឈ្នះជុំ​ទី៥។ នាំមុខ ២:១ នៅក្នុងអ៊ីននីងទី៤ នាងរកបាន ៦ពិន្ទុភ្លាមៗ រួមទាំងការវាយបុកស៊ី (Bank shot) ដើម្បីនាំមុខ ៨:២។ ទោះបីជា Kim Ga-young បានដេញតាមរហូតដល់ពិន្ទុ ៨:៨ នៅត្រឹមអ៊ីននីងទី៨ ក៏ដោយ ក៏ ភាវី បានវាយសម្រេច ៣ពិន្ទុដែលនៅសល់ភ្លាមៗ ក្នុងការវាយលុកបន្ទាប់ ដើម្បីបញ្ចប់លទ្ធផល ១១:៨ និងនាំមុខ ៣:២ ក្នុងលទ្ធផលជុំទី៥។

ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ និងដេញតាមគ្នាយ៉ាងប្រកិតនៅក្នុងជុំទី៦។ នៅពេលដែល ភាវី រកបាន ៥ពិន្ទុ ក្នុងអ៊ីននីងដំបូង ដោយសារការវាយបុកស៊ីប្រកបដោយសំណាង Kim Ga-young ក៏បានវាយបកវិញភ្លាមៗដោយរកបាន ៤ពិន្ទុ។ នៅពេលដែល ភាវី បើកគម្លាតម្តងទៀត ដោយរកបាន ១ពិន្ទុក្នុងអ៊ីននីងទី២ ធ្វើឱ្យពិន្ទុក្លាយជា ៦:៤ និង ៣ពិន្ទុទៀតក្នុងអ៊ីននីងទី៣ នាំមុខ ៩:៤ នោះ កីឡាការិនី Kim Ga-young មិនព្រមចុះចាញ់ឡើយ ដោយបានវាយបករុញពិន្ទុមកត្រឹម ៩:៧ វិញ តាមរយៈការរកបាន ២ពិន្ទុក្នុងអ៊ីននីងទី៤ និង ១ពិន្ទុបន្ថែមទៀតនៅអ៊ីននីងទី៥។។

នៅពេល ភាវី ថែមបាន ១ពិន្ទុទៀត ដើម្បីនាំមុខ ១០:៧ ក្នុងអ៊ីននីងទី៦ ទៅហើយនោះ Kim Ga-young បានវាយបកដេញតាមយ៉ាងស្វិតស្វាញ ដោយរកបាន ២ពិន្ទុភ្លាមៗ ធ្វើឱ្យគម្លាតពិន្ទុដេញគ្នាយ៉ាងប្រកិត ១០:៩។ នៅក្នុងអ៊ីននីងទី៧ បន្ទាប់មកទៀត នៅពេលដែល ភាវី មិនអាចរកពិន្ទុបាន Kim Ga-young ក៏រកបាន ១ពិន្ទុបន្ថែមទៀត ដើម្បីតាមស្មើក្នុងលទ្ធផល ១០:១០។ ឱកាសមាសរបស់ Kim Ga-young ក្នុងការវាយតាមស្មើ ដើម្បីបន្តទៅជុំសម្រេច ត្រូវរលាយបាត់ទៅវិញ ដោយសារសំណាងអាក្រក់វាយជល់គ្រាប់ (Collision) ឆ្លៀតឱកាសមាសដែលគូប្រកួតខុសបច្ចេកទេសនេះ​ ភាវី បានវាយផ្តាច់យក ១ពិន្ទុចុងក្រោយ បញ្ចប់ជុំទី៦ ក្នុងលទ្ធផល ១១:១០។ នេះជាខណៈពេលដ៏រំភើបដែលបានសម្រេចជ័យជម្នះជាផ្លូវការជូន ភាវី ក្នុងលទ្ធផលសរុប ៤:២ ឡើងគ្រងជើងឯកយ៉ាងអស្ចារ្យ។

បន្ទាប់ពីពិធីប្រគល់រង្វាន់ ស្រួង ភាវី បានរៀបរាប់ថា៖ «សម្រាប់ខ្ញុំ ការឈ្នះជើងឯកគឺមានសារៈសំខាន់ជាងការសន្សំប្រាក់រង្វាន់ទៅទៀត។ ខ្ញុំចង់បន្សល់ទុកឈ្មោះរបស់ខ្ញុំឱ្យបានយូរអង្វែងជាងអ្នកណាៗទាំងអស់ តាមរយៈការឈ្នះជ័យជម្នះឱ្យបានច្រើន» នាងបានបន្ថែមថា៖ «ការប្រកួតជាមួយ Kim Ga-young ពិតជាពិបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំអាចសម្រេចបានជ័យជម្នះនេះ ដោយសារតែការមិនបោះបង់រហូតដល់ទីបញ្ចប់»

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា