ទឹកចិត្តដែកថែប! បុរសពិការដៃម្ខាងជើងម្ខាង តស៊ូហាត់ប្រាណរហូតឡើងប្រកួតកាយវប្បកម្ម ឆក់យកបេះដូងមនុស្សរាប់លាននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកចិត្តដែកថែប! បុរសពិការដៃម្ខាងជើងម្ខាង តស៊ូហាត់ប្រាណរហូតឡើងប្រកួតកាយវប្បកម្ម ឆក់យកបេះដូងមនុស្សរាប់លាននាក់

ទឹកចិត្តដែកថែប! បុរសពិការដៃម្ខាងជើងម្ខាង តស៊ូហាត់ប្រាណរហូតឡើងប្រកួតកាយវប្បកម្ម ឆក់យកបេះដូងមនុស្សរាប់លាននាក់

ការតស៊ូប្រយុទ្ធប្រឆាំងនឹងព្រេងវាសនា និងការមិនព្រមចុះចាញ់នឹងព្រឹត្តិការណ៍ដ៏ខ្មៅងងឹតក្នុងជីវិត បានធ្វើឱ្យបុរសជនជាតិចិនម្នាក់ ក្លាយជាប្រភពនៃការបំផុសគំនិតដ៏អស្ចារ្យនៅលើបណ្ដាញសង្គម បន្ទាប់ពីលោកបានបង្ហាញខ្លួនប្រកួតនៅលើឆាកកាយវប្បកម្មដ៏ធំមួយ ទោះបីជាមានកាយសម្បទាមិនគ្រប់គ្រាន់ដូចអ្នកដទៃក៏ដោយ។

Advertisement

លោក Liu Xinju វ័យ ៣២ ឆ្នាំ បានទាក់ទាញការទះដៃអបអរសាទរយ៉ាងខ្លាំងពីទស្សនិកជនផ្ទាល់ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណិត ក្រោយពីបានចូលរួមក្នុងការប្រកួតកាយវប្បកម្មលើកទី ២០ នៅក្នុងទីក្រុង Jinan នៃខេត្ត Shandong កាលពីពេលថ្មីៗនេះ។ វីដេអូនៃការឡើងសម្តែងរាងកាយដ៏មានសាច់ដុំមាំមួនរបស់លោកនៅលើឆាក បានរីករាលដាលយ៉ាងលឿននៅលើបណ្តាញសង្គមចិន ហើយត្រូវបានប្រជាជនដាក់រហស្សនាមឱ្យលោកថា «បងប្រុសអ្នកផ្តល់កម្លាំងចិត្ត»។

ជីវិតរបស់លោក Liu បានធ្លាក់ចូលទៅក្នុងភាពខ្មៅងងឹតកាលពី ១០ ឆ្នាំមុន នៅពេលដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលឱ្យលោកត្រូវបាត់បង់ដៃស្តាំ និងជើងស្តាំ។ ក្រោយគ្រោះថ្នាក់នោះ លោកបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ដោយចំណាយពេលពេញមួយថ្ងៃដេកនៅលើគ្រែ និងលេងតែទូរស័ព្ទដៃ រហូតធ្វើឱ្យភ្នែករបស់លោកចុះខ្សោយយ៉ាងខ្លាំង។

ទោះជាយ៉ាងណា របត់ជីវិតថ្មីបានចាប់ផ្តើមឡើងវិញ នៅពេលដែលក្រុមគ្រួសាររបស់លោកបានសម្រេចចិត្តប្រើពាក្យសម្តីឌឺដង និងវាយប្រហារចំៗថា លោកជាមនុស្សគ្មានប្រយោជន៍ ដើម្បីដាស់តឿនស្មារតីរបស់លោកឱ្យភ្ញាក់រលឹក។ ដោយសារតែលោកធ្លាប់ជាអត្តពលិកម្នាក់ស្រាប់ផងនោះ លោក Liu ក៏បានសម្រេចចិត្តងាកមកហ្វឹកហាត់កាយសម្បទាយ៉ាងស្វិតស្វាញបំផុត។ លោកតែងតែតបទៅកាន់អ្នកដែលមើលងាយសមត្ថភាពរបស់លោកថា លោកគ្រាន់តែដួល ប៉ុន្តែលោកមិនទាន់ស្លាប់ឡើយ ដូច្នេះគ្មានហេតុផលអ្វីដែលលោកក្រោកឈរឡើងវិញមិនបាននោះទេ។ លោកបានបន្ថែមទាំងស្នាមញញឹមថា ទោះបីជាកាយសម្បទារបស់លោកពិការ ប៉ុន្តែឱ្យតែបេះដូងរបស់លោកមិនពិការ លោកនឹងនៅតែមានសុខភាពល្អ និងក្តីសុខជានិច្ច។

នៅក្នុងការប្រកួតកាយវប្បកម្មនោះ លោក Liu បានចុះឈ្មោះប្រកួតក្នុងប្រភេទរង្វង់ទម្ងន់ ៦៥ គីឡូក្រាម ឬទាបជាងនេះ ដែលជាក្រុមសម្បូរទៅដោយជើងខ្លាំង និងជាម្ចាស់ជើងឯកប្រចាំខេត្ត។ លោកបានចាត់ទុកថា វាជាកិត្តិយសដ៏ធំធេងដែលបានឈរនៅលើឆាកតែមួយជាមួយពួកគេ។ ទស្សនិកជនដែលបានទស្សនាផ្ទាល់បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ដោយចាត់ទុកថាវត្តមានរបស់លោក Liu ជាការឆ្លុះបញ្ចាំងពីស្មារតីស្មោះត្រង់ ភាពគិតវិជ្ជមាន និងជាពន្លឺបំភ្លឺផ្លូវសម្រាប់មនុស្សជាច្រើនដែលកំពុងអស់សង្ឃឹម។

បច្ចុប្បន្ន លោក Liu ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋសម្រាប់ជនមានចំណូលទាបចំនួន ១,១០០ យ័ន (ប្រហែល ១៦០ ដុល្លារអាមេរិក) ក្នុងមួយខែ។ បំណងប្រាថ្នាដ៏ធំបំផុតរបស់លោកនៅពេលនេះ គឺចង់ធ្វើអ្វីមួយដើម្បីតបស្នងដល់ក្លឹបហាត់ប្រាណដែលបានអនុញ្ញាតឱ្យលោកចូលហាត់ដោយមិនគិតថ្លៃ។ សាច់រឿងរបស់លោកបានបន្សល់ទុកនូវទស្សនៈអប់រំដ៏មានតម្លៃសម្រាប់មនុស្សគ្រប់គ្នា ដោយអ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា «គាត់គឺជាមនុស្សអស្ចារ្យម្នាក់។ គាត់សមនឹងទទួលបានការគោរពពីយើងទាំងអស់គ្នា» ហើយមនុស្សម្នាក់ទៀតបាននិយាយថា៖ «បងប្រុស អ្នកពិតជាអស្ចារ្យណាស់។ បើប្រៀបធៀបជាមួយអ្នក អ្វីដែលខ្ញុំបានជួបប្រទះគឺវាមិនស្មើនឹងមួយចំណែកតូចរបស់អ្នកឡើយ»

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា