កម្ពុជា និងអាមេរិក ពិភាក្សាគ្នាពីវិស័យអាទិភាព ដែលត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការរួមគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងអាមេរិក ពិភាក្សាគ្នាពីវិស័យអាទិភាព ដែលត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការរួមគ្នា

កម្ពុជា និងអាមេរិក ពិភាក្សាគ្នាពីវិស័យអាទិភាព ដែលត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការរួមគ្នា

សហរដ្ឋអាមេរិក បានលើកឡើងពីសក្តានុពលក្នុងវិស័យសំខាន់ៗ ដែលអាមេរិក និងកម្ពុជាអាចបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសវិស័យថាមពល និងធនធានរ៉ែ ក្នុងគោលបំណងពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។
 
លោក Steve Daines សមាជិកព្រឹទ្ធសភាអាមេរិកមក ពីគណបក្សសាធារណរដ្ឋ នៃរដ្ឋ Montana បានអះអាងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
 
ក្នុងឱកាសនោះ លោក Steve Daines បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងបានគូសបញ្ជាក់ពីការគាំទ្រដល់ការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញរបស់សហរដ្ឋអាមេរិកលើវិស័យថាមពល និងធនធានរ៉ែ នៅកម្ពុជា ថែមទៀតផង។

សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ក៏បានចាប់អារម្មណ៍ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងភាពរួសរាយរាក់ទាក់ប្រកបដោយភាពស្មោះត្រង់​របស់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យពាណិជ្ជកម្ម ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានកំណើនថែមទៀត។
 
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបានជិត ១៤ពាន់លានដុល្លារ កើនឡើង ២៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក សម្រេចបានជាង ១៣ពាន់លានដុល្លារ។
 
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះសកម្មភាពធុរកិច្ចរបស់បណ្តាក្រុមហ៊ុន និងសហគ្រាសអាមេរិក ដែលកំពុងបណ្តាក់ទុននៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿថា វិនិយោគិនអាមេរិកនឹងបន្តស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួននៅកម្ពុជា។
 
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្ដេចធិបតីបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជារដ្ឋាភិបាលអាមេរិក ដែលបានជួយសម្របសម្រួលយ៉ាងសកម្ម ឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ​ នាពេលកន្លងមក៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា