ទូក-ង «សូទ្រនិគមមានជ័យបារមីតាពេជ្រ» គ្រងជ័យលាភីលេខ១ ក្នុងពិធីបិទការប្រណាំងទូកនៅខេត្តសៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូក-ង «សូទ្រនិគមមានជ័យបារមីតាពេជ្រ» គ្រងជ័យលាភីលេខ១ ក្នុងពិធីបិទការប្រណាំងទូកនៅខេត្តសៀមរាប

ទូក-ង «សូទ្រនិគមមានជ័យបារមីតាពេជ្រ» គ្រងជ័យលាភីលេខ១ ក្នុងពិធីបិទការប្រណាំងទូកនៅខេត្តសៀមរាប

សៀមរាប៖ ពិធីប្រណាំងទូក-ង អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៦ នៅដងស្ទឹង​ប្រវត្តិសាស្ត្រសៀមរាប បានបិទបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កីឡាករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ការប្រកួតរយៈពេល ២ថ្ងៃនេះ មានទូកចូលរួមសរុបរួមមាន ទូកខ្នាតអន្តរជាតិចំនួន ២០ទូក (មកពីខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ និងខេត្តកណ្ដាល) ទូកផ្កាចារ ១៩ទូក ទូកនាគ ១៨ទូក ព្រមទាំងទូកយុវជនសម្រាប់អុំជាកិត្តិយសផងដែរ។

ជាលទ្ធផលជ័យលាភីតាមប្រភេទវិញ្ញាសារួមមាន៖វិញ្ញាសាទូក-ង៖ លេខ១ បានទៅទូក «សូទ្រនិគមមានជ័យបារមីតាពេជ្រ» (ស្រុកសូទ្រ​និគម) ,លេខ២ បានទៅទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» (សង្កាត់សៀមរាប) និងលេខ៣ បានទៅទូក «សន្ទុះនាគរាជសែនជ័យបារមីមានរិទ្ធ» (ខេត្តបន្ទាយមានជ័យ)។

ចំណែកវិញ្ញាសាទូកនាគអន្តរជាតិ៖ លេខ១ បានទៅទូក «ស្តេចដំរីសភ្លុកខៀវមានជ័យបារមីវត្តអារញ្ញសាគរ» ,លេខ២ បានទៅទូក «ពេជ្រកុមារសែនជ័យ» (ខេត្តកណ្ដាល) និងលេខ៣ បានទៅទូក «រាកល្យាណី បារមីនាងកែវប្រាំពីរពណ៌» (ស្រុកពួក)។

វិញ្ញាសាទូកផ្កាចារ៖ លេខ១ បានទៅទូក «ពេជ្រកុមារសែនជ័យ» (ខេត្តកណ្ដាល) ,លេខ២ បានទៅទូក «នាងកែវមុន្នីមានជ័យបារមី​ប្រាសាទអធ្វា» (សង្កាត់សៀមរាប) និងលេខ៣ បានទៅទូក «ស្តេចដំរីសភ្លុកខៀវមានជយបារមីវត្តអារញ្ញសាគរ»។

ថ្លែងក្នុងពិធីបិទការប្រកួត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានកោតសរសើរចំពោះស្មារតីកីឡា ការខិតខំហ្វឹកហាត់ និងសាមគ្គីភាពរបស់ក្រុមកីឡាករទាំងអស់ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់សហភាព​សហព័ន្ធយុវជន​កម្ពុជា​ខេត្តសៀមរាប។ ឯកឧត្តមក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយ​លើទឹកដីអង្គរ​ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាព និងសុខសុវត្ថិភាព៕
ដោយ៖ប៊ុន រដ្ឋា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា