ឆ្នាំនេះ គ្រឹះប្រាសាទ និងគ្រឹះសំណង់សាសនាជាច្រើនត្រូវបានរកឃើញ និងធ្វើកំណាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំនេះ គ្រឹះប្រាសាទ និងគ្រឹះសំណង់សាសនាជាច្រើនត្រូវបានរកឃើញ និងធ្វើកំណាយ

ឆ្នាំនេះ គ្រឹះប្រាសាទ និងគ្រឹះសំណង់សាសនាជាច្រើនត្រូវបានរកឃើញ និងធ្វើកំណាយ

ក្រុមការងារស្រាវជ្រាវបុរាណវិទ្យានៃនាយកដ្ឋានបុរាណវិទ្យារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញវត្ថុសិល្បៈ និងសំណល់បុរាណវិទ្យាជាច្រើនប្រភេទដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិ សម័​យ​មុនអង្គរ សម័យអង្គរ និងក្រោយអង្គរ ជាពិសេសគ្រឹះសំណង់សាសនា និងគ្រឹះប្រាសាទធ្វើអំពីឥដ្ឋដែលមានអាយុកាលរាប់រយឆ្នាំ នៅគោលដៅចំនួន ៣ ស្ថិតនៅខេត្តតាកែវ ស្វាយរៀង និងនៅរាជធានីភ្នំ​ពេញ ក្នុងឆ្នាំ២០២៦នេះ។

ក្រុមការងារស្រាវជ្រាវបុរាណវិទ្យានៃនាយកដ្ឋានបុរាណវិទ្យា បានបញ្ជាក់ថា ប្រតិបត្តិការចុះកំណាយនៅតំបន់អង្គរបុរី ខេត្តតាកែវ បានរកឃើញភស្តុតាងសំខាន់ៗដែលបញ្ជាក់ពីភាពរុងរឿងនៃរនគរហ្វូណន ក្នុងសម័យនោះ ដូចជា កុលាល​ភាជន៍ក្នុងស្រុក និងនាំចូល គ្រឹះសំណង់សាសនាធ្វើពីឥដ្ឋ។ នៅខេត្តស្វាយរៀងវិញ បានរកឃើញគ្រឹះសំណង់សាសនាធ្វើពីឥដ្ឋ សំណល់ឧបករណ៍ប្រើប្រាស់ និងភាជន៍ដីដុតដែលបញ្ជាក់ពីការតាំងទីនៅពីសម័យមុនអង្គរ ដល់ក្រោយអង្គរ។

ចំណែករាជធានីភ្នំពេញវិញ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យាធ្វើកំណាយបង្ការចំនួនពីទីតាំង។ ទីតាំងទីមួយស្ថិតក្នុងបរិវេណសារមន្ទីរព្រះស្រីឦសានវ្ម័ន​ ដោយបានប្រមូលទិន្នន័យសំខាន់ៗទាក់ទងនឹងសម័យក្រោយអង្គរ តាមរយៈការរកឃើញបំណែកភាជន៍ចិន និងស្លាកស្នាមសំណង់ស្ថាបត្យកម្មផ្សេងៗនាសម័យអាណានិគមបារាំង។ នៅទីតាំងទីពីរនៅទួលកំណប់ចុងថ្នល់ សង្កាត់ពន្យាំង ខណ្ឌព្រៃកភ្នៅ ក្រុមការងារបានប្រទះឃើញគ្រឹះប្រាសាទសាងពីឥដ្ឋ ប្រហែលជាប្រាសាទដែលកសាងនៅសម័យមុនអង្គរ។

ឯកឧត្តម ​ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS ថា ក្នុងខែតុលាកន្លងទៅនេះ នាយកដ្ឋានគាំព៌ា និងអភិរក្សសំណងបុរាណ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានកំណាយពិនិត្យគ្រឹះប្រាសាទព្រៃដើមស្រុក (ជាប្រាសាទឥដ្ឋ សម័យមុនអង្គរ) ដែលមានទីតាំងស្ថិតក្នុងភូមិបឹងជប់ ឃុំព្រៃបឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដើម្បីជួសជុលប្រាសាទនេះឡើងវិញ។

ឯកឧត្តមគូសបញ្ជាក់ថា ក្នុងពេលធ្វើកំណាយខាងលើនេះ ក៏ប្រទះឃើញវត្ថុមួយចំនួនដូចជា៖ ព្រះពុទ្ធរូបធ្វើពីលោហៈចំនួន ០៦អង្គ ភាជន៍បុរាណចំនួន ០៤ដុំ និងបំណែកឆ្អឹងចំនួន ០៣ដុំ។ វត្ថុបុរាណទាំងនេះត្រូវបានសន្និដ្ឋានថា ទំនងជាត្រូវបានកប់តាំងពីអំឡុងសតវត្សទី១៦-១៧ នៅភាគពាយ័ព្យនៃខឿនតួប្រាសាទ។ បច្ចុប្បន្ន វត្ថុបុរាណដែលរកឃើញនៅប្រាសាទព្រៃដើមស្រុកទាំងអស់ត្រូវបានប្រគល់ជូនមន្ត្រីជំនាញផ្នែកអភិរក្សនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើមី្បយកទៅរក្សាទុក និងស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រ អរិ​យធម៌ ព្រមទាំងអភិរក្សទុកជាមរតកបេតិកភណ្ឌជាតិសម្រាប់កូនចៅជំនាន់ក្រោយ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា