កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

កម្ពុជាបានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់កសិផលដែលមានសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប» ដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ដើម្បីបង្កើតតម្លៃបន្ថែម និងផ្ដល់ផលចំណេញសេដ្ឋកិច្ចដល់កសិករ។

ក្នុងគោលដៅនេះ ក្រសួងកសិកម្ម បានបន្តជ្រោមជ្រែងប្រជាកសិករតាមរយៈកម្មវិធីហិរញ្ញប្បទាន ដើម្បីលើកស្ទួយផលិតកម្ម ការចងក្រងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមផលិតកម្ម តភ្ជាប់ខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តកសិកម្មល្អ(GAP) និងពង្រឹងគុណភាព សុវត្ថិភាព និងភាពធន់នៃផលិតកម្មកសិកម្ម។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា ការសម្រេចបាននូវការនាំកសិផលកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុបដែលជាទីផ្សារតម្រូវការស្តង់ដារគុណភាព និងសុវត្ថិភាពខ្ពស់បំផុតក្នុងពិភពលោក គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីគុណភាព ភាពធន់ និងសមត្ថភាពឆ្លើយតបរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញកម្ពុជា។

ក្នុងវេទិកាខាងលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្រកាសស្វាគមន៍ចំពោះដៃគូអភិវឌ្ឍន៍ វិនិយោគិននិងធុរជនទាំងអស់ក្នុងការបន្តគាំទ្រ និងធ្វើការវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលកសិកម្មឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រំពឹងថាតាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកឱកាសសម្រាប់ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសគ្រាប់ស្វាយចន្ទី តែម្ដង ខណៈការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប នាពេលកន្លងមក ចំនួនតិចតួច ប៉ុណ្ណោះ។

ចំណែក លោក សុខ សុថា អ្នកជំនាញកសិកម្ម បង្ហាញក្ដីរំពឹងថា កិច្ចប្រជុំហ្រ្វង់កូហ្វូនី មិនត្រឹម​ជាឱកាសជំរុញការនាំចេញផលិតផលសក្ដានុពលកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុណ្ណោះទេ ក៏ជាឱកាសជំរុញការផ្សព្វផ្សាយនូវផលិតផលកសិកម្មកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួង​ពា​ណិជ្ជកម្ម បានឱ្យដឹងថា នៅក្នុង​រយៈពេល ​៩ ​ខែ ​២០២៦ ​ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ​ជាមួយ​សហភាពអឺរ៉ុប​(EU)​សម្រេចបាន៥ពាន់លានដុល្លារ ​ ​កើនឡើង ១៤,១៥ភាគរយ ធៀបនឹរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​សហ​ភាពអឺរ៉ុបបាន ៤,២៨ ពាន់លានដុល្លារ កើនឡើង ១៤,២០ភាគរយ ចំណែកអឺរ៉ុបនាំចូល​មកវិញ​បាន ៧៤៥ លាដុល្លារ កើន ១៣,៨៤ភាគរយ៕

ដោយ៖ ខន ណារី

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា