ស្ថាបត្យកម្មលើសពីសំណង់៖ ក្រសួងរៀបចំដែនដី ចាត់ទុកជាកម្លាំងជំរុញស្មារតីជាតិ និងសេដ្ឋកិច្ច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបត្យកម្មលើសពីសំណង់៖ ក្រសួងរៀបចំដែនដី ចាត់ទុកជាកម្លាំងជំរុញស្មារតីជាតិ និងសេដ្ឋកិច្ច

ស្ថាបត្យកម្មលើសពីសំណង់៖ ក្រសួងរៀបចំដែនដី ចាត់ទុកជាកម្លាំងជំរុញស្មារតីជាតិ និងសេដ្ឋកិច្ច

ភ្នំពេញ៖ថ្នាក់​ដឹកនាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចង្អុលបង្ហាញថា ស្ថាបត្យកម្មមិន មែន ត្រឹមតែជាការកសាង តែជាការ​បណ្ដុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ។ដូច្នេះ ស្ថាបត្យករនិងវិស្វករខ្មែរត្រូវចងក្រងគំនិតថ្មីៗ ដើម្បី​លើក​​កម្ពស់សោភណភាព សេដ្ឋកិច្ច និងចីរភាពជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ក្នុងពិធីបើកកម្មវិធី “មហោស្រពស្ថាបត្យកម្ម​កម្ពុជា​ឆ្នាំ២០២៦ “ នៅមន្ទីរពិសោធន៍ជាតិសំណង់ កាលពី​ថ្ងៃសុក្រទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចាត់ទុក​មហោស្រព​ស្ថាបត្យ​កម្មនា​ពេលនេះ​ជាវេទិកាដ៏មានសារៈសំខាន់​ក្នុងការប្រមូលផ្តុំបញ្ញវន្ត និងស្នាដៃរបស់ប្រជាជនកម្ពុជា ដែលជាអ្នកបម្រើការងារក្នុងវិស័យស្ថាបត្យកម្ម វិស្វកម្ម ។ឯកឧត្តមបានមានប្រសាសន៍ថា ការផ្លាស់ប្តូរទស្សនៈ​និង​គំនិតថ្មីៗដើម្បីពង្រឹង នឹងធ្វើឱ្យវិជ្ជាជីវៈសំណង់​នៅកម្ពុជាកាន់តែរីកចម្រើនក៏ដូចជាការបណ្តុះស្មារតី​ស្នេហាជាតិ និងមោទនភាពលើបុព្វហេតុនៃការអភិវឌ្ឍ​មាតុភូមិកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកយកបទពិសោធន៍​ទីក្រុងកង់បឺរ៉ា (Canberra) ប្រទេសអូស្ត្រាលីមក​ធ្វើជា​ឧទាហរណ៍ថា លំនៅឋាន​មិនមែនត្រឹមតែជា​កន្លែង​ទទួល​ភ្ញៀវប៉ុណ្ណោះទេ តែជា «លីវីងរូម (Living Room)» ឬជាមណ្ឌលប្រមូលផ្តុំ ដែលសមាជិកគ្រួសារ និងកូន​ចៅទាំងអស់ អាចជួបជុំគ្នាបរិភោគបាយ និង​ពិភាក្សា​គ្នា​យ៉ាងកក់ក្តៅ។

ពាក់ព័ន្ធនឹងកិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ក្រើន​រំលឹកដល់ស្ថាបត្យករ និងអ្នកជំនាញទាំងអស់ ឱ្យចេះ​ត្រិះរិះពិចារណាឱ្យបាន​ស៊ី​ជម្រៅ​លើជ្រុងផ្សេងៗ ជៀសវាងការភ្លេចបន្តិចបន្តួចនូវមូលដ្ឋានគ្រឹះនៃជីវិតគ្រួសារ សង្គម និងសេដ្ឋកិច្ចធម្មជាតិ (Ecology) ដែលជា​កត្តា​ជួយទ្រទ្រង់ដល់ការរស់នៅប្រកបដោយ​សុខដុម​រមនា និងជាឫសគល់ដ៏រឹងមាំរបស់សង្គមកម្ពុជា។ 

ការគ្រប់គ្រងទឹក ដី និងកសិកម្ម គឺជាមូលដ្ឋានគ្រឹះដ៏​សំខាន់បំ​ផុតនៃសេដ្ឋកិច្ចជាតិ។នេះជាចំណុច​ដែល​ឯកឧត្តម​​រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ចាត់ទុក​ជាការងារ​សំខាន់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ដូច្នេះ​ស្ថាបត្យកម្ម និងការអភិវឌ្ឍទីក្រុងត្រូវតែដើរ​ទន្ទឹមគ្នា​ជាមួយ​នឹងការការពារបរិស្ថាន ការគ្រប់គ្រងប្រភពទឹក និងការលើកកម្ពស់សោភណភាពមូលដ្ឋាន ដើម្បីធានា​បាន​នូវចីរភាពរយៈពេលវែង។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការយក​ចិត្តទុកដាក់លើការកែលម្អក្រុង និងការរៀបចំស្ថាបត្យ​កម្ម​តាមបណ្តា ២៥ រាជធានី-ខេត្ត ដោយយកស្នាដៃ​ទាំងនោះមកដាក់ប្រកួតប្រជែងគ្នា ដើម្បីជំរុញស្មារតី​ច្នៃប្រឌិត និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយ​ភាព​ប្រកួតប្រជែងខ្ពស់។ 

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្ដាំផ្ញើដល់ស្ថាបត្យករ និងវិស្វករទាំងអស់ ឱ្យបន្តយក​ចិត្ត​ទុកដាក់ក្នុងការ​កែ​លម្អ​ស្នាដៃស្ថាបត្យកម្ម និងការ​រៀប​ចំ​ទីក្រុង ទាំង ២៥ រាជធានី-ខេត្ត ឱ្យស្របតាម​បរិបទ​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទំនើប ដោយត្រូវ​រក្សា​​ឱ្យបាននូវ​អត្តសញ្ញាណជាតិ ព្រមទាំងការធានាបាន​នូវសុវត្ថិភាព និងបរិស្ថានរស់នៅដ៏ល្អប្រសើរជូន​ប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យ​ស្ថាបត្យកម្ម និងសំណង់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕
ដោយ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា