កម្ពុជា ត្រៀមបង្ហាញមរតកវប្បធម៌ដ៏សម្បូរបែប​ទៅ​កាន់ពិភពលោក ក្នុងព្រឹត្តិការណ៍ភូមិវប្បធម៌​ហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ត្រៀមបង្ហាញមរតកវប្បធម៌ដ៏សម្បូរបែប​ទៅ​កាន់ពិភពលោក ក្នុងព្រឹត្តិការណ៍ភូមិវប្បធម៌​ហ្វ្រង់កូហ្វូនី

កម្ពុជា ត្រៀមបង្ហាញមរតកវប្បធម៌ដ៏សម្បូរបែប​ទៅ​កាន់ពិភពលោក ក្នុងព្រឹត្តិការណ៍ភូមិវប្បធម៌​ហ្វ្រង់កូហ្វូនី

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមខ្លួនរួច​ជា​ស្រេចក្នុងការបង្ហាញមរតកវប្បធម៌ សិល្បៈ និង​សិប្បកម្ម​បុរាណខ្មែរទៅកាន់​គណៈ​ប្រតិភូមកចូលរួមក្នុង​កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ហើយដែលនឹង​មកទស្សនាភូមិវប្បធម៌ហ្វ្រង់កូហ្វូនី។ភូមិហ្រ្វង់កូហ្វូនី ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់នៅទីធ្លាសួន​ច្បារ​ខាង​មុខ​វត្តបុទមវត្តី។

ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រសួងបានត្រៀម​លក្ខណៈ​រួចរាល់​ដើម្បីចូលរួម​ក្នុង«ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី»ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​។បើតាមអ្នកនាំពាក្យ ,ក្រសួងនឹង​សហការ​ជាមួយបណ្តាប្រទេសនានា ដើម្បីរៀបចំឱ្យ​មានការប្រគំតន្ត្រីបុរាណ និងសម័យ ការសម្តែងសិល្បៈ​កម្សាន្តគ្រប់ទម្រង់ ការបង្ហាញ​សម្លៀកបំពាក់ប្រពៃណី ការតាំងពិព័រណ៍សិប្បកម្មបុរាណ និងការបង្ហាញម្ហូប​អាហារខ្មែរជាដើម។

ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះទទួល​គណៈប្រតិភូមកពីបណ្តាប្រទេសជាង ៩០ គឺជាមោទន​ភាពដ៏ធំធេងរបស់កម្ពុជា។ សម្រាប់វិស័យវប្បធម៌ ព្រឹត្តិការណ៍នេះគឺជាឱកាសមាសក្នុងការបង្ហាញពិភពលោកអំពីអរិយធម៌ដ៏ចំណាស់ ពង្រឹងកិច្ចសហប្រតិបត្តិ​ការ​អន្តរជាតិ ព្រមទាំងចែករំលែកបទពិសោធន៍លើការ​អភិរក្ស ការអភិវឌ្ឍ និងការច្នៃប្រឌិតផ្នែកវប្បធម៌។

មន្រ្តីជាន់ខ្ពស់រូបនេះបានឱ្យដឹងទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតបារាំង រៀបចំពិធីបិទការដ្ឋានជួស​ជុល​ប្រាសាទមេបុណ្យខាង​លិច នៅខេត្តសៀមរាប ក្រោមព្រះរាជធិបតីភាពដ៏​ខ្ពង់ខ្ពស់​បំផុតរបស់ព្រះមហាក្សត្រ និងឯកឧត្តមប្រធានា​ធិបតី​បារាំង។ការបិទការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពី​គម្រោង​ជួសជុល និងលើកតម្លៃប្រាសាទត្រូវបានអនុវត្ត​ដោយជោគជ័យអស់រយៈពេល ១៤ឆ្នាំ ដោយកិច្ច​សហការ​រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈ​អាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំង ហើយប្រាសាទបុរាណ​នេះនឹង​បើកឱ្យសាធារណជនចូល​ទស្សនាភ្លាមៗបន្ទាប់ពីពិធីសម្ពោធ។

លោកបណ្ឌិត ឥន សុផល សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ​នយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា កម្ពុជានឹងទទួល​បាន​ផលប្រយោជន៍ជាច្រើនពីកិច្ចប្រជុំ​ហ្វ្រង់​កូហ្វូនីនេះ ជាពិសេសលើវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈការផ្សព្វផ្សាយបេតិកភណ្ឌ សិល្បៈ ម្ហូបអាហារ និងតំបន់ទេសចរណ៍ជាតិ។ លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះនឹងផ្តល់ផលវិជ្ជមាន​ដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ សិល្បករ សិប្បករ និងសហគមន៍មូលដ្ឋាន ហើយក៏ បង្ហាញពី​សមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ ដែលជួយ​បង្កើនរូបភាពវិជ្ជមាន និងភាពកក់ក្តៅ​របស់ប្រទេសនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ ចំណែកព្រឹត្តិការណ៍«ភូមិហ្វ្រង់កូហ្វូនី» ប្រព្រឹត្តិទៅចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា