អាជ្ញាធរភ្នំពេញ ត្រៀមការពារសន្តិសុខ អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរភ្នំពេញ ត្រៀមការពារសន្តិសុខ អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី

អាជ្ញាធរភ្នំពេញ ត្រៀមការពារសន្តិសុខ អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កិច្ចប្រជុំហ្វ្រង់កូហ្វូនី

រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថាន ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
 
កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងជំរុញការងារត្រៀមរៀបចំ ក៏ដូចជាពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
 
ក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលនេះ អាជ្ញាធរនឹងហាមឃាត់ការបង្ហោះដ្រូនឯកជន ការធ្វើដំណើររបស់កប៉ាល់ និងសាឡង់ដឹកខ្សាច់ ព្រមទាំងផ្អាកអាជីវកម្មទូក និងកាណូតទេសចរណ៍ជាបណ្តោះអាសន្នផងដែរ។ ប៉ុន្តែសម្រាប់ផ្លូវថ្មើរជើងចតុមុខ ដែលបើកដំណើរការជារៀងរាល់ចុងសប្តាហ៍ គឺនៅតែបើកដំណើរការជាធម្មតា។
 
ក្រៅពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាក៏រៀបចំកម្មវិធីអមចំនួន២ ផងដែរ គឺភូមិហ្រ្វង់កូហ្វូនី និងហ្រ្វង់ភូតិច។ ភូមិហ្រ្វង់កូហ្វូនី ត្រូវបានរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវត្តី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយហ្រ្វង់ភូតិច នឹងរៀបចំនៅសាលកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។ កម្មវិធីទាំងពីរនេះនឹងអនុញ្ញាតឱ្យសាធារណជនចូលទស្សនាដោយសេរី។
 
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ចំពោះការងារសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការសន្តិសុខថ្នាក់ជាតិ ដោយមិនមានការធ្វេសប្រហែសឡើយ ដើម្បីធានាថា គណៈប្រតិភូទាំងអស់ទទួលបានសុវត្ថិភាពក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមកិច្ចប្រជុំនៅកម្ពុជា។
 
ដោយឡែក ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អសោភ័ណភាពរាជធានី ក៏កំពុងធ្វើឡើងជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះ មានការជួសជុលផ្លូវថ្នល់ លាបថ្នាំទ្រូងផ្លូវ និងរៀបចំគំនូសសញ្ញាចរាចរណ៍ឡើងវិញ នៅតាមមហាវិថី និងផ្លូវសំខាន់ៗ ដូចជាមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម និងផ្លូវ៦០ម៉ែត្រ។
 
ជាមួយគ្នានេះ អាជ្ញាធរក៏កំពុងជួសជុល និងថែទាំផ្លូវ៦០ម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិតេជោមករាជធានីភ្នំពេញ ​ដោយអ៊ុតកៅស៊ូ ពង្រីកតួផ្លូវ រៀបចំគំនូសចរាចរណ៍ និងដំឡើងផ្លាកសញ្ញាចរាចរណ៍ថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាសុវត្ថិភាពចរាចរណ៍។
 
ក្រៅពីនេះ ក៏មានការកាត់ស្មៅ កាត់មែកឈើ និងរៀបចំសួនច្បារសំខាន់ៗ ដូចជាសួនគួចកាណុង និងសួនមុខវិមានសន្តិភាព ព្រមទាំងជួសជុល និងដំឡើងបន្ថែមបន្ទប់ទឹកសាធារណៈនៅតាមសួនច្បារមួយចំនួន ដើម្បីបម្រើដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ។
 
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមមុខផ្ទះ និងតាមដងផ្លូវ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់ស្អាត និងមានរបៀបរៀបរយក្នុងអំឡុងពេលរៀបចំកិច្ចប្រជុំកំពូលនេះ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា