សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកសារក្នុងបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាស និងជាមរតកប្រវត្តិសាស្ត្រដែលត្រូវថែរក្សាឱ្យគង់វង្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកសារក្នុងបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាស និងជាមរតកប្រវត្តិសាស្ត្រដែលត្រូវថែរក្សាឱ្យគង់វង្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកសារក្នុងបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាស និងជាមរតកប្រវត្តិសាស្ត្រដែលត្រូវថែរក្សាឱ្យគង់វង្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ឯកសារដើមក្នុងបណ្ណសារដ្ឋានជាតិមានតម្លៃជាងមាស និងជាមរតកប្រវត្តិសាស្ត្រមិនអាចកែប្រែបាន ដែលតម្រូវឱ្យមានការថែរក្សា និងស្រាវជ្រាវបន្ថែមរក្សាទុកសម្រាប់មនុស្សជំនាន់ក្រោយ។

បណ្ណសារដ្ឋានជាតិ គឺជាឃ្លាំងដ៏សំខាន់ដែលប្រមូលផ្តុំនូវឯកសាររដ្ឋ និងឯកសារដើមដ៏ច្រើនសន្ធឹកសន្ធាប់ ដោយឯកសារបោះពុម្ពក្នុងពេលបច្ចុប្បន្ន នឹងប្រែក្លាយជាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃមិនខានក្នុងរយៈពេល៥០ឆ្នាំខាងមុខ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជានៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្តេចបានបញ្ជាក់ទៀតថា ការរៀបចំ និងចងក្រងបណ្តុំឯកសារទាំងនេះឡើងវិញ ត្រូវបានផ្តើមធ្វើឡើងយ៉ាងសកម្មចាប់តាំងពីក្រោយពេលបញ្ចប់របបប្រល័យពូជសាសន៍ ប៉ុល ពត មកម្ល៉េះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បណ្ណសារដ្ឋានបានផ្ទុកនូវឯកសារដែលមានតម្លៃលើសពីមាសដុំ ដែលតម្រូវឱ្យមានការថែរក្សាទុកឯកសារដើមឱ្យបានគត់មត់ និងមិនអាចកែប្រែបានឡើយ។ ជាងនេះទៅទៀត ការងារប្រមូលផ្តុំឯកសារមិនត្រឹមតែពឹងផ្អែកលើការកត់ត្រាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឱ្យមានការខិតខំស្រាវជ្រាវប្រភពពីបរទេសបន្ថែមទៀតផង ដូចជាកំណត់ហេតុរបស់ ជីវ តាខ្វាន់ ជាដើម។

សូមជម្រាបថា បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីយ៉ាងសំខាន់ជាឃ្លាំងតម្កល់បណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និងជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ។ ទោះបីជាត្រូវឆ្លងកាត់សង្គ្រាម និងការលំបាកជាច្រើនសម័យកាលយ៉ាងណាក៏ដោយ ក៏មរតកដ៏មានតម្លៃទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃដោយសារស្មារតីស្រឡាញ់ជាតិ និងការលះបង់ខ្ពស់។

បើក្រឡេកមើលប្រវត្តិនៃបណ្ណសារដ្ឋានជាតិ ចាប់ពីឆ្នាំ១៩០០ អាជ្ញាធរបារាំងបានបង្កើតឯកសាររដ្ឋបាលជាច្រើន ដែលតម្រូវឱ្យមានការគ្រប់គ្រងច្បាស់លាស់។ នៅឆ្នាំ១៩១៧ លោក ប៉ុល ប៊ូដេ ត្រូវបានបញ្ជូនមករៀបចំប្រព័ន្ធគ្រប់គ្រង និងស្ថាបនាឃ្លាំងតម្កល់បណ្ណសារចំនួនប្រាំនៅឥណ្ឌូចិន ដោយឃ្លាំងនៅភ្នំពេញបានកសាងឡើងនៅឆ្នាំ១៩២៤ និងបើកដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៦។ ក្រោយកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ ស្ថាប័ននេះត្រូវប្តូរឈ្មោះជា «បណ្ណាល័យជាតិ និងបណ្ណសារដ្ឋានជាតិ» ហើយត្រូវបានគ្រប់គ្រងដោយវរជនខ្មែរជាបន្តបន្ទាប់។

ស្ថាប័ននេះបានផ្លាស់ប្តូរការគ្រប់គ្រងជាច្រើនដំណាក់កាល តាមរបត់នយោបាយកម្ពុជា ចាប់ពីក្រសួងអប់រំក្នុងសម័យសាធារណរដ្ឋខ្មែរ មកក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន ក្រោយឆ្នាំ១៩៧៩ រហូតផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងរបស់ខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រីនៅឆ្នាំ១៩៨៤។ នៅឆ្នាំ២០១៩ បណ្ណសារដ្ឋានជាតិស្ថិតនៅចំណុះអគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ ហើយនៅឆ្នាំ២០២៥ នាយកដ្ឋានតម្កល់ឯកសារជាតិត្រូវបានប្តូរឈ្មោះជានាយកដ្ឋានបណ្ណសារជាតិ ស្ថិតក្រោមអគ្គនាយកដ្ឋានរាជកិច្ចនិងបណ្ណសារជាតិ។ បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិកម្ពុជាមានរក្សាទុកឯកសារសរុបប្រវែង ២,០០០ ម៉ែត្រ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា