ក្រុមហ៊ុន RMA Cambodia ត្រៀមបោះទុនវិនិយោគលើការកែច្នៃកសិផលនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន RMA Cambodia ត្រៀមបោះទុនវិនិយោគលើការកែច្នៃកសិផលនៅកម្ពុជា

ក្រុមហ៊ុន RMA Cambodia ត្រៀមបោះទុនវិនិយោគលើការកែច្នៃកសិផលនៅកម្ពុជា

ក្រុមហ៊ុនអាមេរិក RMA Cambodia ដែលបានវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កំពុងត្រៀមខ្លួនបោះទុនវិនិយោគបន្ថែមលើវិស័យឧស្សាហកម្មកែច្នៃ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បញ្ជាក់ដូច្នេះ នៅថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម​ គី​ ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដើម្បីស្វែងរកកាលានុវត្តភាពការងារកែច្នៃ​កសិផល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម។

សម្រាប់ឯកឧត្តម​ គី​ ច័ន្ទរំដួល គម្រោងវិនិយោគថ្មីរបស់ RMA Cambodia គឺជាការលើកកម្ពស់វិស័យកែច្នៃនៅកម្ពុជា ជួយពង្រីកទីផ្សារនាំចេញ ជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក បង្កើនតម្លៃបន្ថែម និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់កសិករ។ ឯកឧត្តមបាន​ណែនាំឲ្យក្រុមហ៊ុនពិនិត្យលើការកែច្នៃគ្រាប់ស្វាយចន្ទី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា RMA Cambodia គឺជាក្រុមហ៊ុនពហុវិស័យដែលមានឥទ្ធិពលលើទីផ្សារអន្តរជាតិ និងបានរួមចំណែកយ៉ាងសំខាន់លើវិស័យវិនិយោគនៅកម្ពុជា។ សម្រាប់លោក អួន ស៊ីឡុត ការសម្រេចចិត្តស្វែងរកឱកាសវិនិយោគលើវិស័យកែច្នៃស្វាយចន្ទីនៅកម្ពុជារបស់ក្រុមហ៊ុននេះ អាចជួយទាក់ទាញការវិនិយោគបន្ថែម និងពង្រឹងទំនុកចិត្តលើការធ្វើឧស្សាហូបនីយកម្មកសិកម្មរបស់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារខាងលើ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​បានណែនាំដល់ភាគីក្រុមហ៊ុនពិចារណាប្រើប្រាស់វត្ថុធាតុដើមឲ្យអស់លទ្ធភាព ដោយលក់ផលិតផលគ្រាប់ស្វាយចន្ទីមួយផ្នែក និងកែច្នៃសំបកទៅជាប្រេង ដើម្បីទទួលបានប្រភពចំណូលមួយផ្នែកទៀត ដោយបង្កើតបន្ថែមនូវការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្រៅពីគម្រោងវិនិយោគលើឧស្សាហកម្មកែច្នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកទឹកចិត្តដល់ ក្រុមហ៊ុន RMA Cambodia ចូលរួមសហការជាមួយសាកលវិទ្យាល័យកសិកម្ម និងនាយកដ្ឋានវិស្វកម្មកសិកម្ម ក្នុងការបណ្តុះបណ្តាលនិស្សិតកម្ពុជា និងកសាងសមត្ថភាពមន្រ្តីជំនាញលើការងារគ្រឿងយន្តកសិកម្ម ដោយបង្កើត កន្លែងបម្រើសេវាកម្មជួលជុល ការតម្លើងគ្រឿងយន្តនិងបង្គុំផ្សេងៗ ជាពិសេសជំរុញលើការបង្កើតថ្មីសម្រាប់វិស័យកសិកម្មនៅកម្ពុជា​៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា