កម្ពុជាចេញផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចេញផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០

កម្ពុជាចេញផ្សាយសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា ដើម្បីបង្ហាញអត្តសញ្ញាណជាតិ ក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០

ភ្នំពេញ៖ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពាក់កណ្តាលខែវិច្ឆិកានេះ សៀវភៅមគ្គុទ្ទេសក៍ជា២ភាសា បារាំង-ខ្មែរ ក្រោមចំណងជើងថា «ស្នាមញញឹមខ្មែរ» ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីរំលេចពីអត្តសញ្ញាណ​ជាតិ និងលុបបំបាត់ការយល់ខុសអំពីកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនិយាយភាសាបារាំង។

សៀវភៅ «ស្នាមញញឹមខ្មែរ» គឺជាស្នាដៃនិពន្ធរួមគ្នារវាងអ្នកនិពន្ធខ្មែរនិងបារាំង ដោយមានការសហការរវាងសារព័ត៌មានថ្មីៗ និង​គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា (SIPAR)។ សៀវភៅនេះត្រូវបានប្រកាសចេញផ្សាយជាផ្លូវការនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយ​បោះពុម្ពលើកដំបូងចំនួន ៣.០០០ក្បាល។ សៀវភៅនេះត្រូវបានបែងចែកជា ៣ជំពូកធំៗ ផ្តោតលើខ្លឹមសារជាភាសាខ្មែរមួយចំហៀង និងភាសាបារាំងមួយចំហៀង ដែលមានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ៥ដុល្លារក្នុងមួយក្បាល និងមានបែងចែកតាមបណ្ណាល័យនានា​ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២ ខែវិច្ឆិកានៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបាន​បញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ គឺចំពេលដ៏សំខាន់ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ពីថ្ងៃទី១៤ ដល់១៦ វិច្ឆិកា។ ឯកឧត្តមចាត់ទុកការចេញផ្សាយនេះថា ជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីវប្បធម៌ អក្សរសិល្ប៍ ប្រវត្តិសាស្ត្រ និងការ​រស់នៅរបស់ពលរដ្ឋកម្ពុជា ទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិ។ ជាងនេះទៅទៀត ក្រសួងព័ត៌មាននឹងយកសៀវភៅនេះ ទៅចែកជូនដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ នៅថ្ងៃបើកកិច្ចប្រជុំកំពូលផងដែរ ដើម្បីផ្សព្វផ្សាយពីភាពអស្ចារ្យរបស់កម្ពុជា។

លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ និងជាប្រធានក្រុមអ្នកនិពន្ធ បានបញ្ជាក់ថា សៀវភៅនេះចំណាយពេលចងក្រងជាង១ឆ្នាំ ដោយបានរំលេចយ៉ាងក្បោះក្បាយពីប្រពៃណី ទំនៀមទម្លាប់ ម្ហូបអាហារ កីឡាដូនតា ជីវភាពរស់នៅ ព្រមទាំងសេដ្ឋកិច្ច ប្រវត្តិសាស្ត្រ និងនយោបាយការទូតកម្ពុជា។

ចំណែកលោក ប៉ាស្កាល់ មេឌីវីល (Pascal Medeville) ស្ថាបនិកក្រុមហ៊ុនបកប្រែ SIMILI និងជាសហអ្នកនិពន្ធជនជាតិបារាំងដែល​រស់នៅកម្ពុជាជាង ១៧ឆ្នាំ បានលើកឡើងថា សៀវភៅនេះបង្ហាញពីអត្តសញ្ញាណជាតិខ្មែរពិតប្រាកដ រួមមានប្រាសាទ និងសិល្បៈវប្បធម៌។ លោកសង្កត់ធ្ងន់ថា តាមរយៈសៀវភៅនេះ វានឹងជួយកែប្រែការយល់ខុស ឬការភាន់ច្រឡំនានារបស់បរទេសមកលើកម្ពុជាក្រោមរូបភាព​ផ្សេងៗ ព្រោះអ្វីដែលលោកបានឃើញផ្ទាល់ គឺ «កម្ពុជាស្រស់ស្អាតណាស់ ហើយពលរដ្ឋកម្ពុជាគឺល្អខ្លាំងណាស់»។

សូមជម្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជាវេទិកាការទូតដ៏សំខាន់ក្នុងការជំរុញកិច្ចសហ​ប្រតិបត្តិ​ការអន្តរជាតិ និងជាឱកាសមាសសម្រាប់កម្ពុជាក្នុងការប្រើប្រាស់សៀវភៅនេះ ជាស្ពានចម្លងកិត្យានុភាព និងភាពទាក់ទាញ​ពិតប្រាកដរបស់កម្ពុជាទៅកាន់ពិភពលោក៕

ដោយ៖ ម៉ាដេប៉ូ
រូបភាព៖សួង ពិសិដ្ឋ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា