ក្រុមហ៊ុនឯកជនមួយប្រមូលទិញស្វាយកែវរមៀតពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃនាំចេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនឯកជនមួយប្រមូលទិញស្វាយកែវរមៀតពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃនាំចេញ

ក្រុមហ៊ុនឯកជនមួយប្រមូលទិញស្វាយកែវរមៀតពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃនាំចេញ

ទោះបីស្វាយកែវរមៀតរបស់កម្ពុជាបានជួបប្រទះបញ្ហាទីផ្សារ ជាពិសេសទីផ្សារនាំចេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ការកែច្នៃក្នុងស្រុកកំពុងក្លាយជាច្រកទីផ្សារមួយសម្រាប់ស្រូបយកផលិតផលពីកសិករ។ ជាក់ស្តែង ក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន (Kirirom Food Production) ដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ អាចប្រមូលទិញស្វាយកែវរមៀតស្រស់បានពី ២០០ទៅ៣០០តោនក្នុងមួយថ្ងៃ ដើម្បីកែច្នៃជាដំណាប់ស្វាយ និងផលិតផលផ្លែឈើសម្ងួត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
 
កញ្ញា ជឺ សៀវ ហុង ភ្នាក់ងារទីផ្សារនៃក្រុមហ៊ុន គិរីរម្យ ហ៊្វូដ ប្រដាក់សិន បានឱ្យដឹងក្រោយបញ្ចប់បទបង្ហាញក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនបានប្រមូលទិញស្វាយកែវរមៀតក្នុងលក្ខណៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីចម្ការនានាក្នុងខេត្តចំនួន៦ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ និងបន្ទាយមានជ័យ។ ផ្ទៃដីដាំស្វាយដែលក្រុមហ៊ុនប្រមូលទិញផលមានទំហំសរុបជាង ៣ពាន់ហិកតា។
  
កញ្ញាជឺ សៀវ ហុង បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានសមត្ថភាពកែច្នៃស្វាយកែវរមៀតជាដំណាប់បានប្រមាណ ១ម៉ឺន ២ពាន់តោនក្នុងមួយឆ្នាំ។ ផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើន រួមមាន ប្រទេសចិន ជប៉ុន ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ក្នុងចំណោមទីផ្សារទាំងនេះ សហភាពអឺរ៉ុបមានចំណែក ៥១ភាគរយ សហរដ្ឋអាមេរិក ៣២ភាគរយ ថៃ ១០ភាគរយ និងជប៉ុនជិត ៣ភាគរយ ខណៈចំណែកដែលនៅសល់ត្រូវបាននាំចេញទៅទីផ្សារផ្សេងទៀត។
 
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ការប្រមូលទិញស្វាយធ្វើឡើងតាមរដូវកាល ដោយរដូវប្រាំងចាប់ពីខែមីនាដល់ខែឧសភា និងរដូវវស្សាចាប់ពីខែតុលាដល់ខែកុម្ភៈ។ ដើម្បីជួយកាត់បន្ថយការខាតបង់របស់កសិករ ក្រុមហ៊ុនព្យាយាមប្រមូលទិញ និងកែច្នៃស្វាយទាំងផ្លែធំ និងផ្លែតូច ទោះបីផ្លែស្វាយធំងាយស្រួលកែច្នៃជាងក៏ដោយ។ វិធីនេះអាចជួយកាត់បន្ថយបរិមាណស្វាយដែលនៅសល់ក្នុងចម្ការ ដោយសារខ្វះទីផ្សារ។
 
ក្រៅពីការផលិតដំណាប់ស្វាយ សំបកស្វាយក៏អាចយកទៅប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ធ្យូងអនាម័យ និងជីវឧស្ម័នសម្រាប់ប្រើប្រាស់ក្នុងគ្រួសារជាដើម។ ការប្រើប្រាស់សំណល់ពីការកែច្នៃនេះអាចជួយបង្កើនតម្លៃបន្ថែមនៃកសិផល និងកាត់បន្ថយការខ្ជះខ្ជាយធនធាន៕
 
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ ហេសម្បត្តិ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា