រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា

រាជទូតជប៉ុន ៖ កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានគូសរំលេចថា ប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តមប្ដេជ្ញាចិត្តនឹង​ខិតខំ​ពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។

កាលពីថ្ងៃទី២៧ ខែតុលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម អ៊ីស៊ីហ្សូគី ហ៊ីដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេស​ជប៉ុនប្រចាំព្រះ​រាជាណាចក្រ​កម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។ក្នុងឱកាសនេះឯកឧត្តមឯកអគ្គរាជទូត​ជប៉ុន​បានបញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ថាប្រទេសកម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយឯកឧត្តម ប្ដេជ្ញាចិត្តនឹង​ខិតខំ​ពង្រីកនូវ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន ។

ជាការឆ្លើយតបវិញ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការងាររបស់ឯកឧត្តមឯកអគ្គ​រាជទូតជប៉ុន​នៅ​​កម្ពុជា ជាឯកអគ្គរាជទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។នេះបើតាមការបញ្ជាក់​របស់​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៅក្រោយជំនួប។

ឯកឧត្តមអ្នកនាំពាក្យដដែលបានបន្តថា ឯកអគ្គរាជទូតជប៉ុន​បានសរសើរនូវភាពជាអ្នកដឹកនាំរបស់​សម្ដេចតេជោដែលដឹកនាំ​ប្រទេសកម្ពុជា​ឱ្យរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ឯកឧត្តមក៏បានរំលេចផងដែរថា កម្ពុជា និងជប៉ុន គឺជាមិត្តដ៏ល្អជាមួយគ្នា ហើយនៅក្នុងអាណត្តិការងារ​របស់ឯកឧត្តមជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តមបានប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់​ទំនងរវាង​កម្ពុជា និងជប៉ុនឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួនដែលប្រទេស​ទាំងពីរគប្បី​ត្រូវធ្វើបន្ថែម គឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែម​ទៀត​នោះ គឺការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តនូវការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុនដែលបានពិពណ៌នាអំពីទំនាក់​ទំនង​ដ៏ល្អរវាងកម្ពុជា និងជប៉ុន។ សម្ដេចបានលើកឡើងថា ពេលនេះប្រទេសទាំងពីរគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែល​បានពូន​ជ្រុំ​នាពេលកន្លង មកតាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នាពេល​បច្ចុប្បន្ន។ សម្ដេចពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

សម្ដេចបន្ថែមថាទំនាក់ទំនងស្នូលរវាងកម្ពុជានិងជប៉ុន គឺមិនអាចខ្វះបានឡើយ នូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹមគ្នា។ ទាក់ទងទៅនឹងទំនាក់ទំនង​នយោបាយ​រវាងកម្ពុជា និងជប៉ុន សម្ដេចតេជោក៏បានអរគុណចំពោះជប៉ុនដែលបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍនៅក្នុង​ប្រទេស​កម្ពុជានាពេលកន្លងមក ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា