កម្ពុជាជំរុញយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលកសិករ បន្ទាប់ពីសម្រេចការនាំចេញអង្ករ ១លានតោនជាប្រវត្តិសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាជំរុញយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលកសិករ បន្ទាប់ពីសម្រេចការនាំចេញអង្ករ ១លានតោនជាប្រវត្តិសាស្ត្រ

កម្ពុជាជំរុញយុទ្ធសាស្ត្របង្កើនប្រាក់ចំណូលកសិករ បន្ទាប់ពីសម្រេចការនាំចេញអង្ករ ១លានតោនជាប្រវត្តិសាស្ត្រ


កម្ពុជាបានសាងកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រតាមរយៈការនាំចេញអង្ករបានលើសពី ១លានតោនជាលើកដំបូង ខណៈ ឯកឧត្តម សុខ ចិន្តាសោភា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់លើការបង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមពិតប្រាកដជូនដល់ប្រជាកសិករ។

គិតត្រឹមខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបង្កើតកំណត់ត្រាថ្មីមួយតាមរយៈការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១លាន ១ម៉ឺន ៤ពាន់តោន ដែលជាការឆ្លងផុតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនូវរបារនៃនាំចេញអង្ករ ១លានតោន។ សមិទ្ធផលដ៏ធំធេងនេះ គឺជាលទ្ធផលនៃការកំណត់គោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយ ដែលបានដាក់ចេញតាំងពីឆ្នាំ២០១០ មកម្ល៉េះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាពេលនោះ​។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ ២០២៦ កាលពីថ្ងៃសៅរ៍ថា ទោះបីជាយ៉ាងណា ក្រោយពីសម្រេចបាននូវតួលេខនាំចេញអង្ករមួយលានតោននេះ កម្ពុជាមិនត្រូវវាស់វែងត្រឹមតែបរិមាណជាតោននោះឡើយ ប៉ុន្តែត្រូវគិតគូរដល់ប្រាក់ចំណូលពិតប្រាកដរបស់កសិករ គុណភាពផលិតផល តម្លៃបន្ថែមដែលរក្សាទុកក្នុងប្រទេស ការបង្កើតការងារ និងការលើកកម្ពស់កិត្យានុភាពម៉ាកសញ្ញាផលិតផលកម្ពុជានៅលើឆាកអន្តរជាតិ ផងដែរ។

ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើង ការនាំចេញបាន ១លានតោននេះ មិនមែនជាទីបញ្ចប់របស់កម្ពុជាឡើយ ពោលគឺវាគ្រាន់តែជាការចាប់ផ្តើមនៃជំហានថ្មីមួយទៀតប៉ុណ្ណោះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា វិស័យកសិកម្មមិនអាចរីកចម្រើនទៅបានដោយពឹងផ្អែកលើក្រសួងណាមួយធ្វើការដាច់ដោយឡែកពីគ្នានោះទេ ពោលគឺកសិករត្រូវការចាំបាច់នូវទឹក ពូជស្រូវល្អ បច្ចេកទេស ហិរញ្ញប្បទាន ព័ត៌មានទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកទិញដែលអាចទុកចិត្តបាន។

ឯកឧត្តម បញ្ជាក់ថា នៅក្នុងកិច្ចសហការអន្តរស្ថាប័ន ក្រសួងកសិកម្មមានតួនាទីលើកកម្ពស់ផលិតកម្ម បច្ចេកទេស និងគុណភាពកសិផល ក្រសួងពាណិជ្ជកម្មមានតួនាទីបើកច្រកទីផ្សារ សម្រួលផលិតកម្ម និងផ្សព្វផ្សាយផលិតផលកម្ពុជា ចំណែកឯក្រសួងឧស្សាហកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការកែច្នៃ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនគុណភាព និងតម្លៃបន្ថែមឱ្យកាន់តែខ្ពស់។

ចំពោះកាតរសម្រេចបានសមិទ្ធិផលនេះ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងការកោតសរសើរចំពោះក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញ រោងចក្រម៉ាស៊ីនកិនស្រូវ ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសប្រជាកសិករផ្ទាល់ ដែលជាអ្នកផលិតវត្ថុធាតុដើមដ៏សំខាន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណផងដែរដល់ប្រទេសជាមិត្ត ជាពិសេសប្រទេសហ្វីលីពីន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបើកឱកាសទីផ្សារថ្មីៗ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា