សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់លក្ខខណ្ឌសម្រាប់ពិភាក្សារឿងព្រំដែនជាមួយក្រុមលោក អ៊ុំ សំអាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់លក្ខខណ្ឌសម្រាប់ពិភាក្សារឿងព្រំដែនជាមួយក្រុមលោក អ៊ុំ សំអាន

សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់លក្ខខណ្ឌសម្រាប់ពិភាក្សារឿងព្រំដែនជាមួយក្រុមលោក អ៊ុំ សំអាន

សម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រកាសស្វាគមន៍ការឆ្លើយតបជាវិជ្ជមានរបស់លោក អ៊ុំ សំអាន ទៅនឹងការអញ្ជើញរបស់សម្តេចចំពោះគាត់ និងក្រុមជំនាញព្រំដែនរបស់គាត់ ឲ្យនាំយកឯកសារ និងភស្តុតាងទាំងឡាយ មកជជែកគ្នានៅកម្ពុជាជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីគាំទ្រការចោទប្រកាន់របស់លោកថា រាជរដ្ឋាភិបាលបានកាត់ដីឲ្យថៃ នៅចន្លោះបង្គោលសីមាលេខ៥២ និង៥៩ ។
 
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកំណត់លក្ខខណ្ឌចំនួន៤ សម្រាប់ការជួបពិភាក្សានេះ។ ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីដាក់ខក្ខខណ្ឌថា ការពិភាក្សាត្រូវផ្តោតលើប្រធានបទតែមួយគត់ គឺការផ្ទៀងផ្ទាត់ព្រំដែនចន្លោះបង្គោល ៥២-៥៩ ដោយឈរលើមូលដ្ឋានបច្ចេកទេស និងឯកសារភស្តុតាងជាក់លាក់។ ក្នុងន័យនេះ សម្តេចស្នើឲ្យភាគីលោក អ៊ុំ សំអាន រៀបចំក្រុមជំនាញព្រំដែនដែលមានចំណេះដឹងផ្នែកបច្ចេកទេស និងត្រៀមឯកសារ និងភស្តុតាងមកតតាំងគ្នា។
 
លក្ខខណ្ឌទី២ គឺក្នុងអំឡុងពេលស្ថិតនៅកម្ពុជា ក្រុមការងាររបស់លោក អ៊ុំ សំអាន មិនត្រូវធ្វើសកម្មភាពអ្វីផ្សេងក្រៅពីការជជែកគ្នារឿងព្រំដែនជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល ជាពិសេសមិនត្រូវធ្វើសកម្មភាពនយោបាយតាមគ្រប់រូបភាព មិនថាសម្ងាត់ ឬចំហរនោះទេ។
 
ចំពោះពេលវេលា សម្តេចបានបញ្ជាក់ក្នុងលក្ខខណ្ឌទី៣ ថា កិច្ចពិភាក្សាអាចធ្វើឡើងនៅពេលណាក៏បាន បន្ទាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារមុនពេលនេះ រាជរដ្ឋាភិបាលជាប់រវល់រៀបចំកិច្ចប្រជុំកំពូលអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងត្រូវចូលរួមកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។
 
ចំណែកលក្ខខណ្ឌទី៤ កំណត់ថា គណៈប្រតិភូរបស់លោក អ៊ុំ សំអាន ត្រូវមកដល់កម្ពុជាមិនលើសពី ២ថ្ងៃមុនពេលចាប់ផ្តើមកិច្ចពិភាក្សា និងត្រូវចាកចេញពីកម្ពុជាយ៉ាងយូរ២ថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាបញ្ចប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យលោក អ៊ុំ សំអាន បញ្ជាក់ពីសមាសភាពគណៈប្រតិភូ ពេលវេលាមកដល់ និងតម្រូវការផ្នែកកន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងការការពារសន្តិសុខ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចរៀបចំជូនបានសមរម្យ។
 
ដោយឡែក លោក អ៊ុំ សំអាន បានបង្ហោះសារថា លោកនឹងបញ្ជូនគណៈប្រតិភូតំណាងឱ្យលោកមកកម្ពុជានៅខែក្រោយ តាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អ្នកនយោបាយប្រឆាំងនៅក្រៅស្រុករូបនេះបានបញ្ជាក់ថា លោកនឹងធ្វើលិខិតផ្លូវការឆ្លើយតបចំពោះការអញ្ជើញនេះ និងបញ្ជូនឈ្មោះគណៈប្រតិភូទៅសម្តេចនាយករដ្ឋមន្ត្រីឲ្យបានមុនដំណាច់ខែតុលា៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា