អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយសេនាធិការកងទ័ពហ្វីលីពីនថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយសេនាធិការកងទ័ពហ្វីលីពីនថ្មី

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជួបជាមួយនាយសេនាធិការកងទ័ពហ្វីលីពីនថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត (Antonio G. Nafarrete) នាយសេនាធិការកងទ័ពហ្វីលីពីន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត ដែលត្រូវបានតែងតាំងជានាយសេនាធិការកងទ័ពហ្វីលីពីនថ្មីៗនេះ ដោយចាត់ទុកការតែងតាំងនេះថាជាការទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ និងការខិតខំរបស់ឯកឧត្តមក្នុងបុព្វហេតុការពារជាតិហ្វីលីពីន។

ជាមួយគ្នានេះ ឯកឧត្តមអគ្គមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការបញ្ជូនយោធាចារ្យ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម។

ឯកឧត្តមក៏បានបង្ហាញជំនឿថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សន្តិសុខសាយប័រ ព្រមទាំងការងារមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ។

តាមគម្រោងនៃដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត នឹងអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ អង់តូនីញ៉ូ ជីណាហ្វារ៉េត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងហ្វីលីពីន ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងគាំទ្រយន្តការអាស៊ាន ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា