រដ្ឋជួយសន្សំថវិកាពលរដ្ឋរាប់លានដុល្លារ តាមរយៈសេវារថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋជាង ១១ម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋជួយសន្សំថវិកាពលរដ្ឋរាប់លានដុល្លារ តាមរយៈសេវារថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋជាង ១១ម៉ឺននាក់

រដ្ឋជួយសន្សំថវិកាពលរដ្ឋរាប់លានដុល្លារ តាមរយៈសេវារថយន្តក្រុងឥតគិតថ្លៃដឹកពលរដ្ឋជាង ១១ម៉ឺននាក់

ភ្នំពេញ៖ការផ្តល់សេវារថយន្តក្រុងសាធារណៈជិះដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធី​បុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ។តាម​ទិន្នន័យ​​ផ្លូវការ យុទ្ធនាការ​នេះបានដឹកជញ្ជូនប្រជាពលរដ្ឋសរុបជាង ១១ម៉ឺននាក់ ទៅ-មកស្រុកកំណើត ប្រកបដោយសុវត្ថិភាព និងស្នាមញញឹម។ អ្វីដែលកាន់តែ​ពិសេសនោះសកម្មភាពនេះបានជួយសន្សំសំចៃថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋបានរហូតដល់ចន្លោះពី ១.៧លាន ទៅ ២.២៧លាន​ដុល្លារអាម៉េរិក។

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៦នេះ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា មានប្រជាពលរដ្ឋមក​ទទួលសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ សរុបចំនួន ១១៣ ៧០៦ នាក់។
ចំនួន​​នេះមានការកើនឡើងចំនួន ២១ ១៨៥ នាក់ ស្មើនឹង ២៣% បើប្រៀបធៀបទៅនឹងឱកាសបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សេវាកម្មដឹកជញ្ជូនឥតគិតថ្លៃនេះ មិន​ត្រឹមតែផ្តល់ភាពងាយស្រួល និងសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែបានជួយសម្រាលបន្ទុកចំណាយជាក់ស្តែងរបស់ប្រជាពលរដ្ឋ​យ៉ាងច្រើន​ទៀត
ផង។

លោកស្រី ដោ សម្ផស្ស បានរំលេចថា ប្រសិនបើក្នុងប្រជាពលរដ្ឋម្នាក់ ចំណាយអស់ចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀល គឺឃើញថា​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងអាចជួយសន្សំថវិកាជូនប្រជាពលរដ្ឋបានចន្លោះពី ១.៧លានដុល្លារ ទៅ ២.២៧លានដុល្លារអាម៉េរិកជា​មធ្យម ។

សូមជម្រាបថា ការរៀបចំដ៏ធំត្រូវបានធ្វើឡើងតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយ​រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង។ក្នុងនោះ ប្រើប្រាស់ ១០០គ្រឿង សម្រាប់សេវាដឹកជញ្ជូន​ក្នុងរាជធានីភ្នំពេញ និងខ្សែរត់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ៥០០គ្រឿងទៀត សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅ-មក​តាមបណ្តាខេត្ត តាមខ្សែរត់ធំៗចំនួន ៦គោលដៅ ព្រមទាំងមានការផ្តល់ជូនទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅលើរថយន្តក្រុង​នីមួយៗ​ផងដែរ។

ភាពជោគជ័យនៃយុទ្ធនាការដឹកជញ្ជូនឥតគិតថ្លៃនាពេលនេះ បានបង្ហាញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះ​សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបាននាំមកនូវភាពកក់ក្តៅ សុវត្ថិភាព និងការជួបជុំគ្រួសារយ៉ាង​សប្បាយរីករាយ៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា