នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

តបតាមការអញ្ជើញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក ឡេ មិញហ៊ីង នាយករដ្ឋមន្ត្រីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ថា ក្នុងឱកាសទស្សនកិច្ចនេះ លោក ឡេ មិញហ៊ីង នាយករដ្ឋមន្ត្រីវៀតណាម នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំង។
 
បន្ទាប់មក លោកនាយករដ្ឋមន្ត្រីវៀតណាមនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
 
យោងតាមឯកឧត្តម ចាន់ រតនា ក្នុងជំនួបទ្វេភាគី ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាការយកចិត្តទុកដាក់រួម។
 
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា វៀតណាម សម្រេចបានជិត ៦ពាន់លានដុល្លារ កើនឡើង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសទាំងពីរ បានកំណត់គោលដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ពាន់លានដុល្លារ នៅបណ្តាឆ្នាំខាងមុខ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា