លោក ឆាំង យុ៖ ការប្រឌិតព័ត៌មានរបស់ថៃនៅ​ចំពោះ​មុខ UN មិនអាចបិទបាំងសច្ចភាពប្រវត្តិសាស្ត្របាន​ឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ឆាំង យុ៖ ការប្រឌិតព័ត៌មានរបស់ថៃនៅ​ចំពោះ​មុខ UN មិនអាចបិទបាំងសច្ចភាពប្រវត្តិសាស្ត្របាន​ឡើយ

លោក ឆាំង យុ៖ ការប្រឌិតព័ត៌មានរបស់ថៃនៅ​ចំពោះ​មុខ UN មិនអាចបិទបាំងសច្ចភាពប្រវត្តិសាស្ត្របាន​ឡើយ

នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋាភិបាលថៃ បានព្យាយាមសម្តែងធ្វើជា «ជនរងគ្រោះ» តាមរយៈការប្រឌិត ព័ត៌មាន និងបំភ្លៃការពិតជុំវិញ​ជម្លោះ​ព្រំដែនជាមួយកម្ពុជា។ទោះជាយ៉ាងណា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានគូសបញ្ជាក់ថា សច្ចភាពប្រវត្តិសាស្ត្រ និងអង្គហេតុជាក់ស្តែងនៅ​តែ​ជា​ភស្តុតាងមិនអាចបដិសេធបាន ក្នុងការបំបែករាល់ឧបាយ កលប្រឌិតព័ត៌មានទាំងនេះ។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ថៃឥតខ្មាស ដែលបានបន្តបំភាន់ និង​ប្រឌិតព័ត៌មានភូតភរ ជុំវិញជម្លោះព្រំដែនជាមួយកម្ពុជា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ។ លោកបន្តថា សហគមន៍អន្តរជាតិគ្រាន់តែ​ពិនិត្យ​មើល​ការពិតជាក់ស្តែងនៅទីតាំងមូលដ្ឋាន និងកំណត់ត្រា​ប្រវត្តិសាស្ត្រ គឺអាចធ្វើការសន្និដ្ឋានបានប្រកបដោយ​អំណះអំណាងសមហេតុផល អំពីតម្រូវការចាំបាច់ដើម្បី​ដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។

នៅក្នុងការលើកឡើងរបស់រដ្ឋាភិបាលថៃនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ មានចំណុចមួយ​ចំនួនដែលអាចចាត់ទុកថា ជាការពិត ហើយការពិភាក្សា​អាចចាប់ផ្តើមពីចំណុចទាំងនោះបាន។ ចំណុចទាំងនោះរួមមាន ការសម្តែងការខឹងសម្បាររបស់​ថៃចំពោះ​ការបញ្ចេញខ្សែអាត់សំឡេងសន្ទនារ​វាងថ្នាក់​ដឹកនាំថៃ និងកម្ពុជាជាសាធារណៈ, យោធាថៃមួយចំនួន​ពិតជាបានរងរបួសដោយសារ​គ្រាប់មីននៅតាម​បណ្តោយ​​ព្រំដែន និងការដែលប្រទេសទាំងពីរមាន​ប្រជាជនរាប់សែននាក់កំពុងទទួលរងផលប៉ះពាល់ពីជម្លោះ។

ទោះបីជាយ៉ាងណា លោក ឆាំង យុ បានគូសបញ្ជាក់​យ៉ាង​ច្បាស់ថា គ្មានអង្គហេតុពិតណាមួយខាងលើ អាចយក​មក​ប្រើប្រាស់ជាសេចក្តី​សំអាង​សមរម្យ ដើម្បីបង្ហាញ​ភាពត្រឹមត្រូវចំពោះសកម្មភាពយោធារបស់ថៃប្រឆាំងនឹងប្រទេសកម្ពុជាបានឡើយ។ ការខ្វះខាតអង្គហេតុ​ពិតប្រាកដ​ មិនបានរារាំងរដ្ឋាភិបាលថៃក្នុងការបង្កើត​កាលៈទេសៈបំភ្លៃ និងប្រឌិតព័ត៌មានភូតភរ ដើម្បីបង្ហាញ​ថាខ្លួនជាជនរងគ្រោះស្លូត​ត្រង់ពីការបង្កហេតុរបស់​រដ្ឋាភិបាល និងប្រជាជនកម្ពុជានោះទេ។

ភាគីថៃបានអះអាងដោយគ្មានភស្តុតាងច្បាស់លាស់ថា គ្រាប់មីនដែលធ្វើឱ្យយោធារបស់ខ្លួនរងរបួស គឺជាគ្រាប់​មីនដែលកម្ពុជា​កប់ដោយ​សម្ងាត់លើទឹកដីថៃ ដោយ​ចេតនា​មើលរំលងការពិតថា តំបន់ទាំងនោះជាទីតាំង​សម្បូរ​ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់​ទុកពីសម័យសង្គ្រាមរាប់ទសវត្សរ៍កន្លងមក។

លោកបានបន្ថែមថា រាល់ព័ត៌មានប្រឌិតទាំងនេះ ត្រូវបាន​បង្កើតឡើងសំដៅទៅលើសហគមន៍អន្តរជាតិដែលនៅឆ្ងាយ​ពីទីតាំងមូលដ្ឋាន​ជាក់ស្តែង និងមាន​ឆន្ទៈទទួលយក​ការអះអាងរបស់ថៃ ដោយផ្អែកលើការសន្មត់ថា ប្រទេសថៃគ្មានចេតនាក្នុងការបំភាន់ ឬភូតភរ។ ប៉ុន្តែ ប្រទេសថៃកំពុងប្រឈមមុខនឹងភាពទាល់ច្រកជាមួយកំណត់ត្រាប្រវត្តិសាស្ត្រ នៃសកម្មភាពរបស់ខ្លួននៅតាម​បណ្តោយ​ព្រំដែនកម្ពុជា ដែលជាច្រើនលើកច្រើនសារ ថៃបានព្យាយាមរំលោភបំពាននិងត្រួតត្រាលើទឹកដីកម្ពុជា។

លោក ឆាំង យុ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ងរបស់​ប្រទេស​ថៃ ក្នុងការកាន់កាប់តំបន់ទាំងឡាយក្រោមការ​ប្រឌិតព័ត៌មានជាផ្នែកមួយរបស់ថៃ មិនមែនជារឿងថ្មី ឬជាយុទ្ធសាស្ត្រប្លែកនោះឡើយ។ ការលើកឡើង និងការបង្ហាញជំហររបស់ថៃនៅមហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការយកគំនិតចាស់មកប្រើប្រាស់​ឡើងវិញ ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការទទួលបានសិទ្ធិគ្រប់គ្រងលើទឹកដីកម្ពុជា៕


ដោយ៖ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា