ទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនពី ១០០លានដុល្លារដល់ ៤០០លានដុល្លារ រយៈពេលមួយឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនពី ១០០លានដុល្លារដល់ ៤០០លានដុល្លារ រយៈពេលមួយឆ្នាំ

ទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនពី ១០០លានដុល្លារដល់ ៤០០លានដុល្លារ រយៈពេលមួយឆ្នាំ

ក្រសួងកសិកម្មបានលើកទឹកចិត្តឱ្យមានផ្លាស់ប្តូរទស្សនៈដែលថា «ធ្វើកសិកម្មមិនចំណេញ» ដោយជំរុញការផលិតក្នុងស្រុកឱ្យកាន់តែខ្លាំង និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុងប្រទេស កាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង និងឈានទៅពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួងអះអាងថា ទុនវិនិយោគក្នុងវិស័យកសិកម្មបានកើនពី ១០០លានដុល្លារដល់ ៤០០លានដុល្លារ រយៈពេលមួយឆ្នាំ។
 
ទំហំទុន​វិនិយោគក្នុងវិស័យកសិកម្មបានកើនឡើង​យ៉ាង​គំហុក ពីជាង១០០លាន​ដុល្លារ ក្នុងឆ្នាំ២០២៤ ដល់ជាង ៤០០លានដុល្លារ ក្នុងឆ្នាំ២០២៥ ។ កំណើននេះ ជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍​កាន់តែខ្លាំង​របស់អ្នក​វិនិយោគ ចំពោះ​​វិស័យកសិកម្ម ។ នេះជាការគូសបញ្ជាក់ពីឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ។
  
ឯកឧត្តម ប្រាក់ ដាវីដ បានថ្លែងថា កន្លងមក វិស័យកសិកម្ម ត្រូវបានគេ​មើលឃើញថា ជាវិស័យដែលមានហានិភ័យខ្ពស់ និងត្រូវការ​រយៈពេល​វែង ដើម្បីទទួលបានផលចំណេញ ។ កត្តានេះ បានធ្វើឱ្យអ្នកមានទុន​មួយចំនួន​ មានការ​ស្ទាក់ស្ទើរ​ក្នុងការវិនិយោគ ដោយសារបារម្ភពីហានិភ័យ និងការខាតបង់ដែលអាចកើតមាន ។
 
ចំណែកឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​លើក​ឡើង​ថា វិស័យកសិកម្ម ​បានឈានទៅ​របត់​ផ្លាស់ប្តូរ ខណៈ​វិស័យនេះ ក៏​កំពុង​មាន​ការ​អភិវឌ្ឍ និង​ឱកាស​វិនិយោគ​ជាច្រើន​។ ឯកឧត្តមបញ្ជាក់ថា តាមរយៈ​កំណើនទំហំទុន​វិនិយោគ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះបង្ហាញ​ថា វិស័យកសិកម្មកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគ ។
 
ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏​បាន​លើក​ឡើង​ពី​យន្តការជំរុញ​ការ​វិនិយោគ​ក្នុងវិស័យ​កសិកម្ម​ រួមមាន៖ ការផ្តល់ការធានាឥណទាន​តាមរយៈ​សាជីវកម្ម​ធានាឥណទានកម្ពុជា (CGCC) ដែលអាចជួយឱ្យអ្នកវិនិយោគ និងកសិករ​មានលទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន ដោយកាត់បន្ថយការពឹងផ្អែកលើទ្រព្យធានា ។ ការ​ផ្តល់​ការធានារ៉ាប់រងលើ​កសិកម្ម និងការ​ធ្វើ​កសិកម្មតាមកិច្ចសន្យា បាន​​ជួយ​ធានា​ទីផ្សារ តម្លៃ​ផលិតផល និងកាត់បន្ថយហានិភ័យរវាងអ្នកផលិត និងអ្នកទិញ ។
 
ជាមួយនេះ ក្រសួងកសិកម្មបានជួយបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងរៀបចំប្រព័ន្ធអេកូឡូស៊ី ដែលគាំទ្រពេញលេញ គឺចាប់តាំងពីពូជ ធាតុចូលកសិកម្ម រហូតដល់ការដឹកជញ្ជូន។ ការផ្លាស់ប្តូរពីការធ្វើកសិកម្មបែបគ្រួសារ ទៅជាកសិកម្មបែបពាណិជ្ជកម្ម ក៏ជាកត្តា​សំខាន់​មួយ​ទៀត ដោយផលិតកម្មកាន់តែមានការភ្ជាប់ជាមួយការកែច្នៃ ការវេចខ្ចប់ និងការនាំ​ចេញ​ទៅ​កាន់​ទីផ្សារអន្តរជាតិ ។
  
យោងតាមរបាយការណ៍ក្រសួងកសិកម្ម ក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានប្រមាណ ៦,៤៦ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្មគ្រប់អនុវិស័យ ។ ចំណូលនេះបានកើនឡើង ៧,៣ភាគរយ ធៀបនឹងឆ្នាំ២០២៤ ដែលសម្រេចបាន ៦,០២ ពាន់លានដុល្លារ ៕



អត្ថបទ៖ វណ្ណលុក
រូប៖ រិន រចនា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា