វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ

វត្តតាមាន់សែនជ័យដែលបំផ្លាញដោយយោធាថៃ ស្ងាត់ពុទ្ធបរិស័ទក្នុងឱកាសភ្ជុំបិណ្ឌ

អារាមមួយកន្លែងដែលនៅកៀកនឹងព្រំដែនកម្ពុជា ថៃ គឺវត្តតាមាន់សែនជ័យ ដែលធ្លាប់រងការខូចខាត​ដោយ​សារការទម្លាក់​គ្រាប់បែក​ពីយន្តហោះ F-16 ហាក់មានសភាពស្ងប់ស្ងាត់ មិនសូវមានពុទ្ធបរិស័ទមក​ធ្វើបុណ្យទានច្រើនឡើយ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌនេះ។

នៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ វត្តតាមាន់សែន​ជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពុំសូវមានពុទ្ធបរិស័ទមកធ្វើ​បុណ្យទានច្រើនឡើយ។ តាមថេរដីការបស់ព្រះតេជគុណ ឡាយ លន ព្រះគ្រូសូត្រ​ស្តាំ បច្ចុប្ប​ន្នវត្តនេះមានព្រះសង្ឃគង់នៅ​ចំនួន ៥អង្គ ខណៈការកាន់បិណ្ឌនាពេលនេះ គឺអាស្រ័យ​លើគ្រួសារយោធិនដែលផ្លាស់វេនគ្នាមកជួយឧបត្ថម្ភ និងកាន់បិណ្ឌ ចំណែក​អ្នកមកពី​ចម្ងាយ​មានចំនួនតិចតួច។

ព្រះគ្រូសូត្រស្តាំវត្តតាមាន់សែនជ័យ បានការអំពាវនាវ​ដល់​ពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមធ្វើបុណ្យទាន និងចាប់កុសលផលបុណ្យ ដើម្បីទទួលបានបច្ច័យយក​មកទ្រទ្រង់ និងកសាងវត្តឡើងវិញ។ ព្រះអង្គមាន​ថេរដីកា​ថា បច្ចុប្បន្នព្រះសង្ឃបានត្រឹមសាងសង់រោងទំហំ ១២​ម៉ែត្រ​បួនជ្រុង សម្រាប់គង់នៅបណ្តោះអាសន្នប៉ុណ្ណោះ ដោយពុំទាន់មានលទ្ធភាពកសាងកុដិ ឬសាលាឆាន់​ឡើងវិញ​នៅឡើយ ក្រោយពេលត្រូវរងការទម្លាក់គ្រាប់​បែកខូចខាតទាំងស្រុង។

ជាមួយគ្នានេះ លោក ព្រំ ចិន្តា អាចារ្យវត្តតាមាន់សែន​ជ័យ បានឱ្យដឹងថា វត្តកំពុងជួបប្រទះការខ្វះខាតបច្ច័យ និងទេយ្យទានជាច្រើន ជាពិសេសគឺបញ្ហាប្រព័ន្ធអគ្គិសនី​ដែលត្រូវបានកាត់ផ្តាច់ ដោយបច្ចុប្បន្នត្រូវពឹងផ្អែកលើ​ការ​ប្រើប្រាស់អំពូលសូឡាប៉ុណ្ណោះ។ លោកអាចារ្យ​ក៏បានទទូចសុំឱ្យសប្បុរសជននានា មេត្តាជួយឧបត្ថម្ភ​ជ្រោម​ជ្រែងដល់វត្តនេះផងដែរ។

គួររំលឹកថា វត្តតាមាន់សែនជ័យ ត្រូវបានយន្តហោះ​ចម្បាំង F-16 របស់ភាគីថៃ ទម្លាក់គ្រាប់បែកចំនួន ២លើក ដោយលើកទី១ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ ដែលបណ្តាលឱ្យទីអារាមទាំងមូលត្រូវខូចខាតទាំងស្រុង ព្រមទាំងបង្កឱ្យ​លោកអាចារ្យម្នាក់បាត់បង់ជីវិត៕

ដោយ៖ទួន សុផល

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា