ទឹកជំនន់ហូរមកពីថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យកាន់តែងលិចលង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកជំនន់ហូរមកពីថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យកាន់តែងលិចលង់

ទឹកជំនន់ហូរមកពីថៃ ធ្វើឲ្យខេត្តបន្ទាយមានជ័យកាន់តែងលិចលង់


យោងតាមរបាយការណ៍របស់គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយ​ ទឹកជំនន់នៅខេត្តបន្ទាយមានជ័យបានបង្កឱ្យពលរដ្ឋរងគ្រោះចំនួន ៤,៧១៥គ្រួសារ ក្នុងនោះពលរដ្ឋ ១,៧៧២គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ស្រូវជាង១ម៉ឺន៤ពាន់ហិកតា​ ក៏រងផលប៉ះពាល់ផងដែរ។
 
ឯកឧត្តម ប៉ាន់ខែម ប៊ុនថង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ជំនន់ទឹកដែលកំពុងជន់លិចមូលដ្ឋានក្រុងប៉ោយប៉ែត គឺទឹកមួយផ្នែកធំបានហូរមកពីខេត្តស្រះកែវ ប្រទេសថៃ ហើយទឹកមួយផ្នែកទៀតបណ្តាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្រៅពីបញ្ហាទឹកជំនន់ សត្វក្រពើចំនួន២ក្បាល ដែលមានប្រភពមកពីប្រទេសថៃ ក៏បានរួចចេញពីកសិដ្ឋាន និងហូរចូលមកក្នុងទឹកដីខេត្តបន្ទាយមានជ័យផងដែរ។ ក្នុងចំណោមក្រពើទាំង២ក្បាលនេះ មានមួយក្បាលនៅរស់ត្រូវពលរដ្ឋចាប់បាន និងមួយក្បាលទៀតបានងាប់។
 
ឯកឧត្តម ប៉ាន់ខែម ប៊ុនថង បានបញ្ជាក់ថា មកដល់ថ្ងៃអង្គារ៍នេះ ទឹកចាប់ផ្តើមស្រកទៅវិញខ្លះៗហើយ បន្ទាប់ពីខេត្តបន្ទាយមានជ័យមិនមានភ្លៀងធ្លាក់រយៈពេល២ថ្ងៃកន្លងទៅ។​
 
​ខេត្តបន្ទាយមានជ័យ​ ស្ថិតនៅក្នុងចំណោមខេត្តទាំង១០ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ពលរដ្ឋរងគ្រោះសរុបកើនឡើងដល់ជាង ៧ម៉ឺនគ្រួសារ ក្នុងនោះ ជាង៦ពាន់គ្រួសាររងការជន់លិចធ្ងន់ធ្ងរតម្រូវឱ្យមានការជម្លៀសទៅទីទួលសុ​វត្ថិភាព។ 
 
ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ឱ្យដឹងថា  បរិមាណទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ និងឥទ្ធិពលព្យុះទី២៦ ហាក់មានការថមថយ។ ដូច្នេះប្រសិនបើស្ថានភាពអនុគ្រោះបែបនេះនៅបន្តរយៈពេលប៉ុន្មានថ្ងៃខាងមុខ ផលប៉ះពាល់នឹងឆាប់ថយចុះផងដែរ៕ សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា