កម្ពុជាវាយបកទៅតំណាងថៃប្រចាំ UN រឿងចោទពលរដ្ឋខ្មែរទៅរស់នៅលើដីថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាវាយបកទៅតំណាងថៃប្រចាំ UN រឿងចោទពលរដ្ឋខ្មែរទៅរស់នៅលើដីថៃ

កម្ពុជាវាយបកទៅតំណាងថៃប្រចាំ UN រឿងចោទពលរដ្ឋខ្មែរទៅរស់នៅលើដីថៃ

កម្ពុជា បានវាយបកទៅតំណាងប្រទេសថៃប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានចោទប្រជាជនកម្ពុជានៅភូមិជោគជ័យ និងព្រៃចាន់ ថាជាអ្នករស់នៅលើដីថៃ។ ​
 
នៅក្នុងកិច្ចពិភាក្សាទូទៅនៃសន្និសីទ Commonwealth លើកទី៨១ នាថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៦ លោក Chitchai Use Waiwit តំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រ​ជាជន កម្ពុជាបានរស់នៅក្នុងតំបន់ ដែលប្រទេសថៃរៀបចំជាកន្លែងស្នាក់នៅបណ្តោះអាសន្នតាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ លោកអះអាងថា ចាប់ពីពេលនោះមក ពលរដ្ឋកម្ពុជាមិនព្រមវិលត្រឡប់ទៅកម្ពុជាវិញទេ។
 
ចំពោះការលើកឡើងនេះ ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសកម្ពុជា បានឲ្យភាគីថៃបង្ហាញភស្តុតាងបញ្ជាក់ដែលថាពលរដ្ឋកម្ពុជាទៅរស់នៅលើដីថៃ។
 
ចំណែកលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា ក៏បានបដិសេធទាំង​ស្រុងចំពោះការលើកឡើងរបស់ថៃ។ លោកបញ្ជាក់ថា ព្រំដែនកម្ពុជាថៃត្រូវបានកំណត់ដោយអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យវាស់វែង និងខណ្ឌសីមាតាមរយៈយន្តការ JBC។
 
លោក ទូច សុឃៈ បានហៅថៃឲ្យចូលខ្លួនពន្លឿនការចុះវាស់វែង បើថៃជឿជាក់ថា ទីតាំងនោះជាទឹកដីខ្លួនច្បាស់យ៉ាងនេះ​ មិនមែនប្រើកងកម្លាំងចូលឈ្លានពាន ដាក់លួសបន្លា ទូកុងតឺន័រ ជីកលេណដ្ឋាន ឬបង្កើតស្ថានភាពជាក់ស្តែងលើដី ដើម្បីកំណត់ខ្សែព្រំដែននោះឡើយ។
 
សម្រាប់អ្នកនាំពាក្យរងក្រសួងផ្ទៃកម្ពុជា បញ្ហាស្នូលដែលថៃត្រូវដោះស្រាយជាបន្ទាន់នៅចំពោះមុខច្បាប់អន្តរជាតិនាពេលនេះ គឺករណីពលរដ្ឋកម្ពុជាប្រមាណ ២ម៉ឺននាក់ នៅតែមិនទាន់អាចវិលទៅលំនៅឋានវិញ ព្រោះភូមិករពួកគាត់ត្រូវយោធាថៃចូលបំផ្លាញ និងកាន់កាប់ដោយខុសច្បាប់។
 
បើតាមលោក ទូច សុឃៈ ថៃត្រូវបង្ហាញភាពក្លាហាន អនុវត្តយន្តការ JBC ចុះវាស់វែងខណ្ឌសីមាជាក់ស្ដែង ជំនួសឱ្យការដើរនិយាយថា ដីតំបន់នេះ ឬតំបន់នោះជារបស់ខ្លួន ហើយត្រូវធានាឱ្យជនស៊ីវិលខ្មែរបានវិលចូលភូមិឋានវិញ ស្របតាមខ្លឹមសារនៃសេ​ចក្ដីថ្លែងការណ៍រួម៕ សេង បារាំង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា