ថ្នាក់ដឹកនាំក្រសួងដែនដី អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្នាក់ដឹកនាំក្រសួងដែនដី អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំក្រសួងដែនដី អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជាប្រារព្ធខួបលើកទី៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ។ ក្រសួងរៀបចំដែនដី ក៏ដូចជាស្ថាប័នជាតិផ្សេងទៀត បានចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋធម្មនុញ្ញ ក្បែរសួនវិមានឯករាជ្យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៣៣ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។

ការបង្កើត និងបន្តអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយក្នុងរបត់ប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ និងពោរពេញទៅដោយក្តីលំបាកយ៉ាងក្រៃលែង។ រដ្ឋធម្មនុញ្ញមិនមែនជាឯកសារច្បាប់ធម្មតាទេ ប៉ុន្តែជាលទ្ធផលនៃឈាម ការឈឺចាប់ និងការលះបង់ដ៏អស្ចារ្យរបស់ជនរួមជាតិខ្មែរទាំងមូល ក្នុងការទាមទារដើម្បីទទួលបានច្បាប់ដ៏ពិសិដ្ឋ ដែលការពារទឹកដី ប្រជាជន និងផលប្រយោជន៍ជាតិ។

ចាប់តាំងពីរដ្ឋធម្មនុញ្ញដំបូងឆ្នាំ១៩៤៧ រហូតមកដល់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ច្បាប់កំពូលរបស់ជាតិធ្លាប់បានឆ្លងកាត់ការរលាយ និងការបង្កើតឡើងវិញចំនួន ៦លើក ដើម្បីសម្របសម្រួលទៅតាមការផ្លាស់ប្តូររបត់ដឹកនាំនយោបាយ និងសង្គម ។ ការផ្លាស់ប្តូរចុងក្រោយបំផុត បានកើតឡើងនៅក្នុងឆ្នាំ១៩៩៣ ដែលរដ្ឋធម្មនុញ្ញលើកទី៦ បាននិងកំពុងក្លាយជាឯកសារកំពូលបញ្ជាក់អត្តសញ្ញាណប្រជាធិបតេយ្យ និងសន្តិភាពជាតិខ្មែរដ៏ពិតប្រាកដ ។

ក្នុងរយៈពេល ៣៣ឆ្នាំនេះ រដ្ឋធម្មនុញ្ញបានក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ការកំណត់អធិបតេយ្យភាពជាតិ តួនាទីព្រះមហាក្សត្រ អំណាចរដ្ឋ សិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងជាទិសដៅដ៏ច្បាស់លាស់នៃការអភិវឌ្ឍប្រទេសជាតិ។

ច្បាប់កំពូលនេះបានចែងអំពីគោលការណ៍នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ អំណាចនីតិបញ្ញត្តិ, នីតិប្រតិបត្តិ, និងអំណាចតុលាការ, ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម។

សូមរម្លឹកថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ និងវ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា