ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ ជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ ជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ

ការប្រើប្រាស់ប្រាក់រៀលកាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ ជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ

ការប្រើប្រាស់ប្រាក់រៀលមិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។​ អ្នកជំនាញយល់ថា ការប្រើប្រាស់ប្រាក់រៀលកាន់កាន់តែទូលាយក្នុងសេដ្ឋកិច្ចជាតិ នឹងជំរុញឲ្យកម្ពុជាមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។
 
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានបង្ហាញពីគំនិតសុទិដ្ឋនិយមចំពោះការពង្រឹងគោលនយោបាយរូបិយវត្ថុកម្ពុជា ដោយលោកបានពន្យល់ថា កាលណាកម្ពុជាបានប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ មានន័យថា កម្ពុជាកាន់តែមានលទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះខ្លួនឯងនៅពេលមានវិបត្តិ។
 
 
យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា បានដាក់ផែនការរយៈពេល ៣ឆ្នាំ ​ក្នុងការជំរុញវិស័យឯកជន បើកបៀវត្សបុគ្គលជាប្រាក់រៀលឱ្យបាន ១០០ភាគរយ ដោយចាប់ផ្ដើមអនុវត្តន៍នៅឆ្នាំ២០២៦នេះ។ ផែនការនេះគឺជាការបោះជំហានយ៉ាងប្រុងប្រយ័ត្នមួយទៀតរបស់កម្ពុជា ឆ្ពោះទៅរកការគ្រប់​គ្រង​រូបិយប័ណ្ណរបស់ខ្លួនមកវិញ បន្ទាប់ពីពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកអស់ជាច្រើនទសវត្សរ៍។
 
ធនាគារអេស៊ីលីដា ភីអិលស៊ី បានរួមចំណែកយ៉ាងសំខាន់ក្នុងគំនិតផ្តួចផ្តើមនេះ។ លោកស្រី ម៉ារ អមរ៉ា គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ នៃធនាគារអេស៊ីលីដា បញ្ជាក់ថា ធនាគារបានគាំទ្រយ៉ាងសកម្ម និងចូលរួមក្នុងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងពង្រឹងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា តាមរយៈការបី្រប្រាស់ប្រាក់រៀល និងការផ្តល់ឥណទានជាប្រាក់រៀល។
 
ធនាគារអេស៊ីលីដា បានចាប់ផ្ដើមបើកប្រាក់បៀវត្សជាប្រាក់រៀលជូនបុគ្គលិកតាំងដើមឆ្នាំ២០២៦មក។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារកំពុងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធ្វើទំនើបកម្មវិស័យហិរញ្ញវត្ថុ។
 
យោងតាមលោកស្រី ម៉ារ អមរ៉ា ការរួមចំណែករបស់ធនាគារពាណិជ្ជ មិនត្រឹមតែជាការអនុវត្តតាមបទប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងប្រព័ន្ធសេដ្ឋកិច្ចដែលមានភាពធន់។ នៅពេលប្រាក់រៀលត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ វាបង្កើតបានជាខែលការពារសេដ្ឋកិច្ចជាតិពីសម្ពាធខាងក្រៅ និងផ្តល់អំណាចពេញលេញដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជោគវាសនាសេដ្ឋកិច្ចរបស់ខ្លួន។
 
លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា ធ្លាប់បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែទូលំទូលាយ ទាំងសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្តុនៅកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយធនាគារជាតិ ពិសេសអនុវត្តផែនការបើកបៀវត្សបុគ្គលិកជា «ប្រាក់រៀល» ឲ្យបានយ៉ាងហោចណាស់ ២៥ភាគរយ ក្នុងឆ្នាំ២០២៦នេះ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា