អ្នកជំនាញប្រតិកម្មរឿងថៃយករូបថតនាដកាខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅអះអាងថាជារបស់ខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញប្រតិកម្មរឿងថៃយករូបថតនាដកាខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅអះអាងថាជារបស់ខ្លួន

អ្នកជំនាញប្រតិកម្មរឿងថៃយករូបថតនាដកាខ្មែរក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅអះអាងថាជារបស់ខ្លួន

អ្នកជំនាញខ្មែរបានប្រតិកម្មទៅនឹងប្រទេសថៃដែលហ៊ានយករូបថត «នាដកាខ្មែរបុរាណ» ក្នុងរជ្ជកាលព្រះបាទនរោត្តម ទៅប្រកាសថាជារបស់ខ្លួន។ ជាមួយគ្នានេះ អ្នកជំនាញបានបង្ហាញភស្តុតាង និងកំណត់ត្រាប្រវត្តិសាស្ត្រច្បាស់ៗ ដើម្បីការពារមរតកដូនតាខ្មែរ។
 
ឆ្លើយតបទៅនឹងការអះអាងមិនត្រឹមត្រូវលើរូបថតប្រវត្តិសាស្ត្ររបស់ភាគីថៃ លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងប្រវត្តិសាស្ត្រ បានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ផ្អែកលើកំណត់ត្រាប្រវត្តិសាស្ត្រ ដើម្បីបញ្ជាក់ពីប្រភពដើមនៃនាដកាខ្មែរបុរាណរូបនេះ។
 
យោងតាមការបញ្ជាក់ក្នុងកំណត់ត្រារបស់លោក តូម៉ាស់ ការ៉ាមេន នារីដែលមានរូបឆោមលោមពណ៌យ៉ាងស្រស់សោភា នៅក្នុងរូបថតប្រវត្តិសាស្ត្រនេះ គឺជា «នាដកាខ្មែរ» មានឈ្មោះថា កញ្ញា ទី សៅ (ឯកសារខ្លះហៅថា នាង សុខ) មានអាយុ ១៨ ឆ្នាំ និងមានស្រុកកំណើតនៅស្រុកផ្សារដែក។
 
លោកបណ្ឌិតបានបន្ថែមថា រឿងរ៉ាវនៃជីវិតរបស់នាងត្រូវបានបន្សល់ទុកក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់បារាំងម្នាក់ឈ្មោះលោក វីរីយ៉េ បានប្រតិព័ទ្ធស្រឡាញ់រូបនាងយ៉ាងជ្រាលជ្រៅ និងបានរៀបការជាមួយនាង។
 
ដោយសារលោក តូម៉ាស់ ការ៉ាមេន ត្រូវជាមិត្តភ័ក្តិស្និទ្ធស្នាលរបស់លោក វីរីយ៉េ ផ្ទាល់ លោកបានកត់ត្រាយ៉ាងលម្អិតថា លោក វីរីយ៉េ បានជួយជ្រោមជ្រែងជីវភាពគ្រួសាររបស់កញ្ញា ទី សៅ ហៅនាង សុខ ដោយបានផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ៣០ ពីយ៉ាស់ (Piastres) ក្នុងមួយខែ ដែលជាទឹកប្រាក់ច្រើនជាងប្រាក់ខែមន្ត្រីរាជការនាសម័យនោះរហូតដល់ទៅ ៣ ដង ធ្វើឱ្យគ្រួសាររបស់នាងមានជីវភាពធូរធារយ៉ាងខ្លាំង។
 
ប្រវត្តិពិតប្រាដករបស់ «នាង សុខ» ក៏ត្រូវបានបញ្ជាក់ដោយមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ផងដែរ។
ភស្តុតាង និងកំណត់ត្រាប្រវត្តិសាស្ត្រទាំងនេះ បង្ហាញយ៉ាងច្បាស់ថា នាដកាក្នុងរូបថតបុរាណនេះ គឺជាកូនខ្មែរ និងជាមរតកប្រវត្តិសាស្ត្រខ្មែរពិតៗ ដោយមិនអាចមានភាគីណាមកកែប្រែ ឬអះអាងភូតភរបានឡើយ។
 
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយនៅឡើយទេ។ ទោះជាយ៉ាងណា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហោះសារខ្លីថា អ្វីដែលបុព្វបុរសខ្មែរបានបង្កើត ប្រវត្តិសាស្ត្របានកត់ត្រា មរតកបានបញ្ជាក់ និងពិភពលោកបានទទួលស្គាល់។
 
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាញសង្គមថៃ រួមទាំងរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានចេញមុខប្រតិកម្ម ចំពោះការរៀបចំកម្មវិធីមួយនៅកម្ពុជា ដែលបានដាក់បង្ហាញរូបថតបុរាណ ដោយពួកគេអះអាងថារូបទាំងនោះជារបស់ខ្លួន។ កាន់តែជ្រុលហួសហេតុជាងនេះ បណ្តាញសង្គមថៃថែមទាំងបានរំលេចរូបថតបុរាណជាច្រើនទៀត ជាពិសេសរូប កញ្ញា ទី សៅ ហៅ នាង សុខ ទៅផ្សព្វផ្សាយ និងអះអាងថាជារបស់ពួកគេថែមទៀតផង។
 
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា កម្ពុជាគឺជាម្ចាស់អរិយធម៌អង្គរ ដ៏ពិតប្រាកដ ប៉ុន្តែកម្ពុជាហាក់ខ្វះខាតការផ្សព្វផ្សាយ ឯអ្នកជំនាន់ក្រោយខ្វះការអាន និងស្រាវជ្រាវ ដែលជាហេតុធ្វើឱ្យថៃឆ្លៀតឱកាសបំភាន់ប្រវត្តិសាស្រ្ត និងទាមទារសិទ្ធិធ្វើជាម្ចាស់លើអរិយធម៌កម្ពុជា៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា