អ្នកវិភាគ៖ សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ជាឱកាសស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិភាគ៖ សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ជាឱកាសស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

អ្នកវិភាគ៖ សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ជាឱកាសស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។
 
ក្រុមអ្នកវិភាគយល់ឃើញថា ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ​កំពុងជួយបង្កើនទំនុកចិត្ត និងស្ដារកេរឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសវិស័យទេសចរណ៍ និងការវិនិយោគ។
 
បណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាជំហានដ៏ត្រឹមត្រូវ និងជាយុទ្ធសាស្រ្ត ក្នុងការបង្ហាញឆ្ឆន្ទៈនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដោយលោកបានពន្យល់ថា កម្ពុជាបានប្រែក្លាយពីជនរងគ្រោះទៅជាអ្នករកដំណោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅវិញ។ សម្រាប់បណ្ឌិត ញិល រដ្ឋា ការរៀបចំសន្និសីទអន្តរជាតិនេះនឹងជួយស្ដារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
 
 
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការបង្ហាញឆ្ឆន្ទៈនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់បណ្ឌិត គិន ភា ការរៀបចំសន្និសីទនេះ មិនត្រឹមជាការស្ដារមុខមាត់កម្ពុជាប៉ុណ្ណោះទេ ក៏ជាការកាត់ផ្ដាច់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
 
 
តាមគម្រោង សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សន្និសីទនេះនឹងមានការចូលរួមពីតំណាង​រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចែករំលែកបទពិសោធន៍និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងគំរាមកំហែងជាសកល៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា