ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

ពលរដ្ឋរងផលប៉ះពាល់ពីជម្លោះព្រំដែនជាង ៣ម៉ឺននាក់ ទទួលបានសេវាសង្គ្រោះផ្លូវចិត្តបឋម

ព្រះសង្ឃបានផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំ​ដែន​ខ្មែរ​-ថៃចំនួន ៣ម៉ឺន ៦០៣នាក់ ក្នុងនោះមានស្ត្រី និងក្មេងស្រីចំនួន៤៧% កុមារជាង៤១% និងជនមានពិការភាព១.៤%។ នេះបើយោងតាមរបាយការណ៍របស់អង្គការយូ​នីសេហ្វប្រចាំកម្ពុជាផ្ដល់ជូនបណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។
 
របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៦ UNICEF បានសហការជាមួយក្រ​សួងធម្មការ និងសាសនា និងអង្គការចិត្តសង្គម TPO កម្ពុជា ដើម្បីពង្រឹងសមត្ថភាពព្រះសង្ឃចំនួន ៣៧១អង្គនៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ដោយសារជម្លោះរវាងកម្ពុជា-ថៃ រួមមាន ព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ នៅក្នុងការផ្តល់សេវាសង្គ្រោះផ្លូវចិត្តបឋមនេះ។
 
ឯកឧត្តម ឆាត សុឆេត អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ការពិគ្រោះយោបល់ ឬការស្តាប់ធម៌ទេសនារបស់ព្រះសង្ឃធ្វើឱ្យពួកគាត់មានអារម្មណ៍មានសុវត្ថិភាព និងភាពកក់ក្តៅជាងការនិយា​យជាមួយអ្នកដទៃ។ ព្រះសង្ឃអាចប្រើប្រាស់ធម៌អាថ៌ និងវិធីសាស្រ្តចម្រើនសមាធិ ដើម្បីជួយឱ្យប្រជាពល​រដ្ឋស្ងប់ចិត្ត កាត់បន្ថយការភ័យខ្លាច ភាពស្លន់ស្លោ និងការថប់បារម្ភចំពោះស្ថានភាពមិនច្បាស់​លាស់នៅជុំវិញខ្លួន។
 
ឯកឧត្តមគូសបញ្ជាក់ទៀតថា វត្តអារាមនៅតាមតំបន់ព្រំដែនមិនត្រឹមតែជាទីសក្ការបូជាប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលបង្អែកសម្រាប់ជួយបង្រួបបង្រួមស្មារតីប្រជាជនឱ្យចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដែលបង្កើតបានជាកម្លាំងចិត្តដ៏រឹងមាំមួយ។
 
អង្គការយូនីសេហ្វប្រចាំកម្ពុជា បានលើកឡើងនៅសប្ដាហ៍មុនថា ស្លាកស្នាមពីជម្លោះព្រំដែនកម្ពុជា-ថៃ ចំ​នួន២លើកនៅឆ្នាំ២០២៥ នៅតែបន្សល់​ទុកទិដ្ឋភាពសង្វេគនៅឡើយ។ លោកស្រី ដាម៉ាច ម៉ាហា ដែលជានាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេស​កកម្មផ្ទាល់នៅខេត្តចំ​នួន ​៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ថ្មីៗនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្រនា​នារបស់​យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះទាំងនេះ។
 
គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ជនភៀសសឹកកម្ពុជាចំនួនជាង ១ម៉ឺន ៨ពាន់នាក់ទៀត នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញទេ ដោយសារការរារាំងពី​យោ​ធាថៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៕

សេង បារាំង AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា