កម្ពុជា​ ប្រឆាំងនិងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ ប្រឆាំងនិងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម

កម្ពុជា​ ប្រឆាំងនិងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម

គណៈប្រតិភូ​កម្ពុជា​ បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសជុំវិញការវាយប្រហារដោយគ្រាប់បែបចង្កោមរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា។
 
ថ្លែង​ទៅកាន់ពិភពលោ​កតាមរយៈ​កិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ទោះកម្ពុជា​មិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពី​គ្រាប់បែក​ចង្កោម​នេះ​ក៏ដោយ ប៉ុន្តែកម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ។
 
គណៈប្រតិភូ​កម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាបានចំណាយពេលជាង​ ៣៣ឆ្នាំក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃ​ដីជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោល​យុទ្ធភណ្ឌគ្រឿងផ្ទុះរាប់​លានគ្រាប់។
 
ក្នុងន័យនេះ កម្ពុជាក៏​ត្រៀមចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាតគ្រឿងផ្ទុះ ការអប់រំអំពីហានិភ័យ និងជំនួយជនរងគ្រោះ ជាមួយប្រទេសនានាដែលត្រូវការ​ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការ​ឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ​​ ដូចដែលកម្ពុជាបានឆ្លងកាត់កន្លងមក​។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀត ដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។
 
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសារជាថ្មីឡើយ​។ ប៉ុន្តែ​ក្នុងឆ្នាំ២០២៥ ក្នុង​បរិបទជម្លោះតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ​ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅ​តាម​សហគមន៍របស់​កម្ពុជា ដែល​​បាន​បង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤ពាន់គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣ពាន់ គីឡូម៉ែត្រការ៉េរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ដូច្នេះ កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ។
 
នៅក្នុងកិច្ចប្រជុំពិភពខាងលើ គណៈប្រតិភូកម្ពុជា បានប្រាប់ពីភពលោកថា ​កម្ពុជាមិនទាន់បញ្ចប់ការ​បោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង បែរជាត្រូវប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤ពាន់គីឡូម៉ែត្រការ៉េ ដែលបង្កឡើងដោយ​កង​កម្លាំង​យោធា​ថៃ​។ បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។
 
លោកបន្តថា ការគំរាមកំហែងថ្មីៗនេះ​ បាន​បង្ក​ផល​ប៉ះពាល់​ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោស​​សម្អាត​យុទ្ធភណ្ឌគ្រឿង​ផ្ទុះ​របស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន។​
 
យោងតាមការប៉ាន់ស្មានរបស់លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)  កម្ពុជាត្រូវចំណាយពេលជាង ១០ឆ្នាំ និងថវិកាប្រមាណ ១ពាន់លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម ដែលបន្សល់ទុកដោយយោធាថៃក្នុងអំឡុងសង្គ្រាមទាំងពីរលើក កាលពីឆ្នាំ២០២៥៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា