ក្រុមហ៊ុនចំនួន៦គ្រោងនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១៤ម៉ឺនតោនពីកម្ពុជា ក្រោយជំនួបធុរកិច្ចលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចំនួន៦គ្រោងនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១៤ម៉ឺនតោនពីកម្ពុជា ក្រោយជំនួបធុរកិច្ចលើកដំបូង

ក្រុមហ៊ុនចំនួន៦គ្រោងនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១៤ម៉ឺនតោនពីកម្ពុជា ក្រោយជំនួបធុរកិច្ចលើកដំបូង

ក្រុមហ៊ុនចំនួន ៦ បានបង្ហាញផែនការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១៤ម៉ឺន៤ពាន់តោន ចេញពីកម្ពុជា បន្ទាប់ពីជំនួបធុរកិច្ចរវាងអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី ជាមួយសមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
 
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ជំនួបធុរកិច្ចលើកទី១ ក្នុងឆ្នាំ២០២៦នេះ បានប្រមូលផ្តុំអ្នកផលិតស្វាយចន្ទី សហគមន៍កសិកម្ម សហគ្រាសកែច្នៃ ក្រុមហ៊ុនពាណិជ្ជកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងកិច្ចសន្ទនាធុរកិច្ច និងធុរកិច្ច (B2B) ដែលមានគោលបំណងពង្រឹងការតភ្ជាប់ទីផ្សារ និងពង្រីកឱកាសសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។
 
ក្រុមហ៊ុនដែលបានចូលរួម មាន : សហគ្រាស Nut & Nest, ក្រុមហ៊ុន Mirarth Agri Tech, ក្រុមហ៊ុន Olam Outspan Cambodia, ក្រុមហ៊ុន Pinex Agro, ក្រុមហ៊ុន Special Trust Cambodia, ក្រុមហ៊ុន Mertol Sunflower Import & Export, ក្រុមហ៊ុន Royal Delight View មកពីប្រទេសឥណ្ឌា និងក្រុមហ៊ុនចិនមួយដែលកំពុងដំណើរការរោងចក្រកែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
 
ក្នុងចំណោមក្រុមហ៊ុនទាំង ៨ ខាងលើ មានក្រុមហ៊ុនចំនួន ៦ បានបង្ហាញពីតម្រូវការគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ១៤ម៉ឺន៤ពាន់តោន សម្រាប់នាំចេញ។ ខណៈក្រុមចំនួន២ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញគ្រាប់ស្វាយចន្ទីសម្រាប់កែច្នៃ។
 
បើតាមលោក អួន ស៊ីឡុត ជំនួបធុរកិច្ចនេះ បានចាប់ផ្ដើមតាំងពីឆ្នាំ២០២៤ មក ដោយនៅជុំបន្ទាប់នៃឆ្នាំ២០២៦នេះ គ្រោងនឹងរៀបចំឡើងនៅខែវិច្ឆិកា ដោយការពិភាក្សាត្រូវបានរំពឹងថានឹងផ្តោតលើគុណភាពគ្រាប់ស្វាយចន្ទីពូជ M23 និងការកំណត់ចំណាត់ថ្នាក់គ្រាប់តូចសម្រាប់ផលិតកម្មសាច់គ្រាប់ប្រភេទ W320។
 
ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ខ្លួនកំពុងស្វែងរកការរក្សាចរន្តផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ ឱ្យនៅនឹងនរយ៉ាងតិច ៣០ភាគរយ ដើម្បីជួយរក្សាស្ថិរភាពតម្លៃជូនកសិករ និងលើកកម្ពស់ទំនាក់ទំនងប្រកបដោយតុល្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងអ្នកផលិត និងអ្នកកែច្នៃ។
 
យោងតាមទិន្ន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា ​ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាប្រមូលចំណូលបាន ១ ៧៥១លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ វៀតណាម គឺជាអ្នកបញ្ជាទិញច្រើនជាងគេ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា