ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ជាលើកដំបូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ជាលើកដំបូង

ក្រសួងពាណិជ្ជកម្មរៀបចំវេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ជាលើកដំបូង

ក្រសួងពាណិជ្ជកម្មបានរៀបចំ «វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦» ក្នុងគោលបំណងបង្កើនការតភ្ជាប់ដោយផ្ទាល់របស់សិប្បកម្មក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយបណ្តាញចែកចាយ អ្នកបញ្ជាទិញសក្តានុពល ផ្សារទំនើប និងថ្នាលពាណិជ្ជកម្មឌីជីថល ព្រមទាំងសម្រួលដល់ការទទួលបានសេវាសាធារណៈសំខាន់ៗរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងពិធីបើកវេទិកានេះកាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦នេះ គឺជាការរៀបចំលើកទី១ និងជាជំហានសាកល្បងដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្រួលនិងលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងពាណិជ្ជកម្មក្នុងស្រុក។ នេះក៏ជាវេទិការតភ្ជាប់ដោយផ្ទាល់រវាងកសិករ អ្នកដាំដុះ អ្នកផលិត អ្នកកែច្នៃ សហគ្រាសធុនមីក្រូ តូច និងមធ្យម អ្នកចែកចាយ អ្នកបញ្ជាទិញ វិនិយោគិន អ្នកផ្តល់ហិរញ្ញប្បទាន អ្នកផ្តល់សេវាបច្ចេកវិទ្យា និងសេវាភស្តុភារកម្ម។

លទ្ធផលវិជ្ជមាននៃវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងពិនិត្យលទ្ធភាពពង្រីកកម្មវិធីឱ្យក្លាយជា «ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់ថ្នាក់ជាតិ» នៅឆ្នាំបន្តបន្ទាប់ ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលនៃការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់។

លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការផលិត ការដាំដុះ និងការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទោះជាយ៉ាងណា ភាពមិនទាន់ប្រទាក់ក្រឡាគ្នាពេញលេញរវាងកសិករ អ្នកកែច្នៃ អ្នកផលិត អ្នកផ្តល់ហិរញ្ញប្បទាន បណ្តាញចែកចាយ និងអ្នកបញ្ជាទិញ នៅតែជាបញ្ហាប្រឈមដែលត្រូវរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ ភារកិច្ចសំខាន់មិនមែនត្រឹមតែជំរុញការផលិត និងការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការតភ្ជាប់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព រឹងមាំ និងប្រកបដោយចីរភាព។

វេទិកានេះមានសកម្មភាពស្នូលសំខាន់ៗ រួមមាន៖ ការតាំងបង្ហាញផលិតផល និងសេវាកម្ម ការផ្គូផ្គងពាណិជ្ជកម្ម ការចែករំលែកបទពិសោធន៍ និងករណីសិក្សាអំពីប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ការធ្វើបទបង្ហាញផលិតផល និងអាជីវកម្ម និងការបង្ហាត់បង្រៀនអំពីការអភិវឌ្ឍម៉ាកយីហោ។ ក្រៅពីនេះ ក៏មានការបង្ហាញពីការវេចខ្ចប់ផលិតផល និងការផ្តល់ប្រឹក្សាអំពីសេវាសាធារណៈពាក់ព័ន្ធធុរកិច្ចសំខាន់ៗ ដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងការចុះបញ្ជីផលិតផល។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីយុទ្ធនាការផលិតផលជាតិ #MadeInCambodia ដែលមានការចូលរួមពីផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាត សរុបចំនួន ៧៤១ ទីតាំងនៅទូទាំងរាជធានី-ខេត្ត និងយុទ្ធនាការផលិតផលស្ត្រី #MadeByHer ព្រមទាំងការជំរុញការផ្សព្វផ្សាយ និងការចុះបញ្ជីផលិតផលហាឡាលកម្ពុជា។ យុទ្ធនាការទាំងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលជាតិ ផលិតផលរបស់សហគ្រិនស្ត្រី និងការពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា