តំបន់ការពារទេសភាពបឹងព្រែកល្ពៅកំពុងប្រឈមទឹកជំនន់ អាចប៉ះពាល់ដល់សំបុកសត្វស្លាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់ការពារទេសភាពបឹងព្រែកល្ពៅកំពុងប្រឈមទឹកជំនន់ អាចប៉ះពាល់ដល់សំបុកសត្វស្លាប

តំបន់ការពារទេសភាពបឹងព្រែកល្ពៅកំពុងប្រឈមទឹកជំនន់ អាចប៉ះពាល់ដល់សំបុកសត្វស្លាប

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវ កំពុងប្រឈមនឹងទឹកជំនន់ ដែលបង្កការព្រួយបារម្ភពីផលប៉ះពាល់ដល់សំបុកសត្វស្លាបជាច្រើប្រភេទនៅទៅនោះ។

Read៖ កម្រិតទឹកនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ កំពុងបន្តហក់ឡើងជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភថា ទឹកអាចឈានដល់កម្រិតបង្កជាទឹកជំនន់ និងប៉ះពាល់ដល់សត្វស្លាបជាច្រើនប្រភេទដែលរស់នៅក្នុងតំបន់នេះ។

តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបូរីជលសារ និងស្រុកកោះអណ្ដែត ខេត្តតាកែវ។ នេះជាតំបន់ដីសើមមួយ ស្ថិតនៅតាមដីសណ្ដទន្លេមេគង្គ មានទំហំប្រមាណ ៨ ៣០៥ ហិកតា។

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា ចាប់តាំងពីចុងខែសីហាមក កម្ពស់ទឹកនៅក្នុងតំបន់ដីសើមនេះបានកើនឡើងប្រមាណជាង ១៣០ សង់ទីម៉ែត្រ និងកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ។

ដោយសារកង្វះដើមឈើលិចទឹកធំៗ ដែលអាចផ្តល់ទីតាំងសុវត្ថិភាពនៅកម្ពស់ខ្ពស់សម្រាប់ធ្វើសំបុក សំបុកសត្វស្លាបមួយចំនួនកំពុងប្រឈមនឹងការលិចទឹក ដែលអាចបណ្តាលឱ្យខូចខាតដល់ពង និងកូនសត្វស្លាប។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធកំពុងបន្តអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការរំខាន និងធានាការការពារសុវត្ថិភាពដល់សត្វស្លាប និងទីជម្រករបស់ពួកវា។

លទ្ធផលនៃការអង្កេត និងតាមដានក្នុងខែសីហា ឆ្នាំ២០២៦ របស់ឧទ្យានុរក្សតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមតាមដានជីវៈចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបង្ហាញថា បច្ចុប្បន្ន សត្វស្លាបទឹកជាច្រើនប្រភេទកំពុងបន្តធ្វើសំបុក ពងកូន ហើយមួយចំនួនបានចាប់ផ្តើមញាស់កូននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

សូមបញ្ជាក់ផងដែរថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានសត្វស្លាបប្រមាណ ១៣២ ប្រភេទ។ វត្តមានរបស់សត្វទាំងនោះប្រែប្រួលទៅតាមរដូវកាល ដោយសារតំបន់នេះមានរយៈពេលប្រមាណ ៦ ខែទឹក និង ៦ ខែគោក។

ប្រភេទសត្វស្លាបកម្រ និងមានសារៈសំខាន់មួយចំនួន មានដូចជា សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង និងរនាលពណ៌ ជាដើម។ ប្រភេទសត្វស្លាបកម្រ ដែលបានកត់ត្រា រួមមាន ខ្វែក ក្រសារធ្នង់ ក្រសារប្រផេះ ក្អែកទឹកតូច និងកុកគ្រោងតូច ជាដើម៕



ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា