ប្រាសាទព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ក្នុងរាជធានីអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ក្នុងរាជធានីអង្គរ

ប្រាសាទព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ក្នុងរាជធានីអង្គរ

ប្រាសាទមង្គលាថ៍ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែល លាក់បាំងនូវរឿងរ៉ាវអតីតកាលយ៉ាងស៊ីជម្រៅ នៅក្នុងក្រុងអង្គរធំ ខេត្តសៀមរាប។

ស្ថិតនៅកណ្តាលទ្រូងព្រៃដ៏ស្ងប់ស្ងាត់ ក្នុងក្រុងអង្គរធំ ប្រាសាទ «មង្គលាថ៍» ឬ ដែលអ្នកស្រុកស្គាល់ទូទៅថា «ប្រាសាទតុប​ខាងកើត» គឺជាមរតកប្រវត្តិសាស្ត្រ ពេញដោយរឿងរ៉ាវនាពេលអតីតកាលជា ច្រើន។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុង​ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ។

តាមកំណត់ត្រាឆ្នាំ១៩១៨ របស់លោក Henri Marchal អ្នកស្រុកអង្គរ តែងហៅទីនេះថា «ប្រាសាទតុប» ដោយសារទម្រង់រាង «កន្តុប»។ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមផ្លូវការថា «មង្គលាថ៍»។ ដោយសារតែមានប្រាសាទតូចៗ​ពីរក្នុងក្រុងអង្គរធំដែល អ្នកស្រុកហៅថា «តុប» ដូចគ្នា អ្នកស្រាវជ្រាវបានបន្ថែមទិសខាងកើត និងខាងលិច ដើម្បីចៀសវាងការ​ច្រឡំ ព្រោះសំណង់ទាំងពីរនេះ មាន ប្រវត្តិកាលសម័យ និងស្ថាបត្យកម្មខុសគ្នាស្រឡះ។

ស្ថាបត្យកម្ម ប្រាសាទមង្គលាថ៍ត្រូវបានសង់អំពីថ្មភក់នៅលើខឿន ពីរជាន់ មានប្លង់ជារាងកាកបាទ ដោយមានទ្វារចូលនៅ​ទិសខាងកើត និងទ្វារបញ្ឆោតនៅទិសខាងលិច ខាងត្បូង និងខាងជើង។ ភាគច្រើន នៃចម្លាក់ផ្តែរ ហោជាង និងចម្លាក់គោល រៀបរាប់អំពីទេវកថាសំខាន់ៗ របស់ព្រះនារាយណ៍ ដូចជារឿងព្រះនារាយណ៍ផ្ទុំបង្កើតលោក ព្រះនារាយណ៍ឈានបីជំហាន និងរឿងរ៉ាវព្រះក្រឹស្ណ ដែលជាភស្តុតាង បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិស ដល់លទ្ធិ​ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ប្រភពប្រវត្តិសាស្ត្រដ៏សំខាន់នៃ ប្រាសាទនេះ បានបង្ហាញតាមរយៈសិលាចារឹកភាសា​សំស្ក្រឹត​ចំនួន២ផ្ទាំង គឺសិលាចារឹក K.៥៦៧ និង K.៤៨៨ ដែលផ្តល់ទិន្នន័យ យ៉ាងសំខាន់អំពីកាលប្បវត្តិ និងព្រះរាជវង្សខ្មែរនា​ចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤ ពោលគឺក្រោយរជ្ជកាលព្រះបាទជ័យវម៌ទី៧។

តាមរយៈសិលាចារឹកនេះ បានឱ្យដឹងថា ព្រះបាទជ័យវម៌ទី៨ បានសាង សង់ប្រាសាទមង្គលាថ៍ឡើងនៅឆ្នាំ១២៩៥ គ.ស. លើទីតាំងដីមាន ឈ្មោះថា «សាលាព្រាហ្មណ៍» ដើម្បីឧទ្ទិសជូនព្រះរាជគ្រូរបស់ព្រះអង្គ គឺព្រាហ្មណ៍ «ជ័យមង្គលាថ៍» និងមាតាឈ្មោះ «សុភទ្រា»។ ហេតុនេះហើយ ប្រាសាទតុបខាងកើតត្រូវគេស្គាល់ថាជាសំណង់ ប្រាសាទឧទ្ទិសដល់​ព្រហ្មញ្ញសាសនា​ចុងក្រោយគេបង្អស់ ដែល បានកសាងឡើងនៅក្នុងរាជធានីអង្គរ។

បច្ចុប្បន្ន ប្រាសាទមង្គលាថ៍ ត្រូវបានអភិរក្ស និងថែទាំយ៉ាងយក ចិត្តទុកដាក់ជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការ​ស្តារប្រឡាយ ទឹក និងការសម្អាតបរិស្ថានជុំវិញ។ សម្រាប់ទេសចរដែលស្វែងរកភាពស្ងប់ស្ងាត់ និងចង់ស្រូបយក បរិយាកាស​ធម្មជាតិ​ស្រស់បំព្រង លាយឡំជាមួយដាន ប្រវត្តិសាស្ត្រ ដ៏បុរាណនៃចក្រភពអង្គរ ប្រាសាទមង្គលាថ៍ គឺជា គោលដៅ ទេសចរណ៍​វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ មួយដែលមិនអាច រំលងបានឡើយ៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា